Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសថៃលក់ផ្លែឈើនៅចិនកាន់តែច្រើនអំឡុងមហោស្រពផ្លែឈើនៅគ័ងចូវ

Media LNN | Jun 19, 2023
ប្រទេសថៃលក់ផ្លែឈើនៅចិនកាន់តែច្រើនអំឡុងមហោស្រពផ្លែឈើនៅគ័ងចូវ
Clinic narith
ត្រឹមតែក្នុងព្រឹត្តិការណ៍មហោស្រពមួយនៅក្រុងគ័ងចូវ ពាណិជ្ជករថៃរំពឹងថានឹងអាចលក់ចេញផ្លែឈើស្រស់ក្នុងតម្លៃរហូតដល់ទៅជាង ៥០០ លានបាត ឬជាង ១៤ លានដុល្លារ។ ប្រទេសថៃនៅពេលនេះនាំចេញផ្លែឈើស្រស់ទៅប្រទេសចិនច្រើនជាងគេបំផុត ដោយទទួលបានប្រាក់សរុបជិត ៥ ពាន់លានដុល្លារ ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត the Nation ។
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ ដែលកំពុងបន្តរៀបចំព្រឹត្តិការណ៍មួយក្រោមឈ្មោះថា មហោស្រពរដូវផ្លែឈើមាសនិងទុរេនថៃ បានប្រមូលប្រាក់សរុប ២០ លានបាត ឬជិត ៦ សែនដុល្លារ កើនឡើង ២៦០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ប្រភពដដែលបានអះអាងថា ព្រឹត្តិការណ៍នេះគឺថៃបានរៀបចំនៅទីក្រុងគ័រចូវ ប្រទេសចិន ដែលមានប្រជាជនជិត ១៩ លាននាក់ តាមរយៈបណ្ដាញអាជីវកម្មផ្សារទំនើប ឡូទុស (Lotus) របស់សម្ព័ន្ធក្រុមហ៊ុន ចារឿន ផោកហេន (Charoen Pokphand Group/CP) ។លោក ភូស៊ីត រ៉ាតាណាក់គុល សេរីរឿងរិទ្ធ (Phusit Ratanakul Sereroengrit) ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ បានប៉ាន់ប្រមាណថា ការលក់ក្នុងអំឡុងមហោស្រពផ្លែឈឺនេះនឹងទទួលបានប្រាក់ចំណូលលើសពី ២ លានដុល្លារ រីឯការលក់តាមបណ្តាញសាជីវកម្មផ្សារទំនើបត្រូវបានគេរំពឹងថានឹងមានតម្លៃជាង ១៤ លានដុល្លារថែមទៀត។

ថៃជាប្រទេសនាំចេញផ្លែឈើទៅកាន់ប្រទេសចិនច្រើនជាងគេបំផុតនៅលើពិភពលោក ដោយកាលពីឆ្នាំ២០២២ ថៃអាចនាំចេញផ្លែឈើទៅចិនក្នុងតម្លៃសរុបរហូតដល់ជិត ៥ ពាន់លានដុល្លារ ពោលគឺកើនឡើងជិត ៤ ភាគរយឯណោះ។
ផ្លែឈើស្រស់របស់ថៃដែលកំពុងតែមានប្រជាប្រិយភាពនៅទីផ្សារក្រុងគ័ងចូវនាពេលនេះ មានដូចជាទុរេន មង្ឃុត មៀន សាវម៉ាវ និងដូង។ ព្រឹត្តិការណ៍មហោស្រពរដូវផ្លែឈើមាសនិងទុរេនថៃនេះប្រព្រឹត្តទៅតាមសាខាផ្សារទំនើប ឡូទុស នៅក្នុងខេត្តក្វាងទុង ប្រទេសចិន ចំនួន ៥៦ សាខា និងតាមទីផ្សាអនឡាញនានារបស់ផ្សារទំនើបនេះ៕