Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វិនិយោគិនចិន បង្ហាញការចាប់អារម្មណ៍​ចង់វិនិយោគវិស័យសំខាន់មួយចំនួន​នៅកម្ពុជា

Admin Alynana | Aug 23, 2023
វិនិយោគិនចិន បង្ហាញការចាប់អារម្មណ៍​ចង់វិនិយោគវិស័យសំខាន់មួយចំនួន​នៅកម្ពុជា
Clinic narith


គណៈប្រតិភូសហគ្រិនដែលប្រកបធុរកិច្ចលើវិស័យរ៉ែ និងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀនមួយក្រុម ដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធ​សហគ្រាសប្រចាំទីក្រុងហ្វូចូវ បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសកម្ពុជា។

ការបង្ហាញចំណាប់អារម្មណ៍នេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងជំនួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) ។

លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ ដែលបានមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំង​កាលានុវត្តភាពនិងបរិយាកាសវិនិយោគនៅកម្ពុជា។​

 

 

លោកបានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលថ្មី​ ដឹកនាំដោយឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ទទួលបានការគាំទ្រពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ឱ្យបន្តការពារសន្តិភាព​ បន្តការអភិវឌ្ឍហើយ ការអញ្ជើញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់គណ:ប្រតិភូនាពេលនេះ មិនត្រឹមតែឆ្លុះបញ្ចាំង​ពីការជឿទុកចិត្តលើរដ្ឋាភិបាលថ្មីប៉ុណ្ណោះទេ​ ថែមទាំងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជាក្រោម​ម្លប់​សន្តិភាពដ៏កក់ក្តៅ។

លោក ជា វុទ្ធី បានរំលេច អំពីសក្តានុពលលើវិស័យនិងសកម្មភាពវិនិយោគនានា ដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគ​ ដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួលនិងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។

ក្នុងន័យនេះ លោកបានបង្ហាញជំនឿចិត្តថា គណៈប្រតិភូខេត្តហ្វូជៀននឹងសិក្សាសមិទ្ធិលទ្ធភាពលើវិស័យ​ដែលសហគ្រាស​មានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព។

ជាងនេះទៀតលោក សង្ឃឹមយ៉ាងមុតមាំថាវិនិយោគិននិងធុរជនដែលបានអញ្ជើញមកសិក្សា​នាឱកាសនេះនឹងទាញ​យកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគ​ដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារ​ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំជាង ៧ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៣ ពោលគឺមានការកើនឡើង ១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ៦.៩ពាន់លានដុល្លារ។ ដោយនៅក្នុងរយៈពេល ៧ខែ ឆ្នាំនេះ ការនាំចេញរបស់កម្ពុជា ទៅចិនមានតម្លៃ ៨១៤លានដុល្លារ និងនាំចូលមានចំនួនជាង ៦.២ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕