Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកជំទាវ ជា សិរី បានពន្យល់ពីមូលហេតុដែលតម្លៃអត្រាការប្រាក់ជាដុល្លានៅតែមានអត្រាថ្លៃខ្ពស់

Apr 04, 2020
លោកជំទាវ ជា សិរី បានពន្យល់ពីមូលហេតុដែលតម្លៃអត្រាការប្រាក់ជាដុល្លានៅតែមានអត្រាថ្លៃខ្ពស់
Clinic narith

លោជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិកម្ពុជាបានមានប្រសាសន៍ថា

នៅតាមបណ្តាប្រទេសមួយចំនួនធំធនាគារកណ្តាលតែងតែធ្វើអន្តរាគមន៍ក្នុងពេលដែលប្រទេសជួបវិបត្តិសេដ្ឋកិច្ចតាមរយៈការបញ្ចុះអាត្រាការប្រាក់ដែលខ្លួនឱ្យធនាគារពាណិជ្ជខ្ចីដែលអាត្រានេះនឹងជះឥទ្ធិពលដល់អាត្រាការប្រាក់ដែលធនាគារពាណិជ្ជយកពីអតិថិជនតាមរយៈឥណទាន។កាលណាសេដ្ឋកិច្ចជួបបញ្ហាធនាគារកណ្តាលនឹងទម្លាក់អាត្រាការប្រាក់ដើម្បីជួយជំរុញធនាគារពាណិជ្ជឱ្យបន្តផ្តល់កម្ចីដល់សាធារណជនក្នុងតម្លៃទាបក្នុងគោលបំណងជំរុញការចាយវាយផ្សេងៗដែលនឹងជំរុញការផលិតបន្ថែមនិងការវិនិយោគ។នៅកម្ពុជាធនាគារជាតិនៃកម្ពុជាក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេសក៏បានអនុវត្តវិធានការនេះដែរប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។បានន័យថាពេលធនាគារជាតិនៃកម្ពុជាទម្លាក់អាត្រាការប្រាក់ដែលខ្លួនផ្តល់ឱ្យធនាគារពាណិជ្ជអាត្រាទាបនេះបានត្រឹមតែជះឥទ្ធិពលដល់កម្ចីជាប្រាក់រៀលតែប៉ុណ្ណោះតែមិនបានជះឥទ្ធិពលធំដុំដល់កម្ចីជាប្រាក់ដុល្លារអាមេរិកទេ។ 

១. ហេតុអ្វីបានជាកម្ចីជាដុល្លារអាមេរិកនៅតែថ្លៃបើធនាគារជាតិនៃកម្ពុជាខំឱ្យធនាគារពាណិជ្ជខ្ចីក្នុងតម្លៃថោកហើយនោះ? 

អ្វីដែលធនាគារជាតិនៃកម្ពុជាឱ្យខ្ចី គឺប្រាក់រៀល។ធនាគារជាតិនៃកម្ពុជាជាអ្នកបោះពុម្ពនិងចេញផ្សាយលុយរៀល។ដូចនេះធនាគារជាតិនៃកម្ពុជាមានម្ចាស់ការទាំងស្រុងលើការគ្រប់គ្រងលុយរៀល។កន្លងមកចាប់តាំងពីធនាគារជាតិនៃកម្ពុជាបានឲកម្ចីជាប្រាក់រៀលនៅឆ្នាំ ២០១៦ កម្ចីជាប្រាក់រៀលបានធ្លាក់ចុះពី ២៥,៦៣% ក្នុង១ឆ្នាំ មកនៅត្រឹម ១០,៦៩% ក្នុង១ឆ្នាំ (សូមបញ្ជាក់ថានេះជាអត្រា មធ្យមភាគ) ។ប៉ុន្តែនៅប្រទេសកម្ពុជាការឱ្យខ្ចីភាគច្រើនគឺធ្វើឡើងជាប្រាក់ដុល្លារអាមេរិកដែលជារូបិយប័ណ្ណដែលធនាគារជាតិនៃកម្ពុជាមិនមានលទ្ធភាពគ្រប់គ្រងបានឡើយ។ ការគ្រប់គ្រងបរិមាណបោះពុម្ពនិងចេញផ្សាយលុយដុល្លារអាមេរិកជាសិទ្ធផ្តាច់មុខរបស់ធនាគារកណ្តាលអាមេរិកតែមួយគត់។កាលណាសេដ្ឋកិច្ចអាមេរិកល្អគេដំឡើងអាត្រាការប្រាក់លុយគេដើម្បីកាត់បន្ថយការឱ្យខ្ចីលឿនពេកក្នុងវិស័យឯកជនរបស់គេដូច្នេះអាត្រាការប្រាក់លុយដុល្លារអាមេរិកក៏ឡើងថ្លៃតាមហ្នឹងដែរ។គេមិនដែលសួរថាកម្ពុជាត្រូវការឱ្យលុយដុល្លារអាមេរិកថោកឬថ្លៃទេ។ហើយសេដ្ឋកិច្ចកម្ពុជាល្អឬមិនល្អក៏មិនមែនជារឿងរបស់គេដែរ។ គេត្រូវ ខ្វល់ខ្វាយប្រជាជននិងសេដ្ឋកិច្ចគេមុន។ដូច្នេះអាត្រាកម្ចីជាដុល្លារអាមេរិកនៅកម្ពុជាមានកម្រិតខ្ពស់ឬទាបអាស្រ័យលើស្ថានភាពនៅអាមេរិកមិនស្ថិតលើស្ថានភាពជាក់ស្តែងនៅកម្ពុជាឡើយ។ 

២. បើដូច្នេះហើយហេតុដូចម្តេចបានជាអាត្រាការប្រាក់ដុល្លារអាមេរិកនៅកម្ពុជាមិនមានកម្រិតទាបដូចនៅអាមេរិកទៅ? 

បើយើងចាត់ទុកលុយជាទំនិញដូច្នេះយើងត្រូវគិតថាដូចទំនិញដទៃដែរមានអ្នកលក់ដុំនិងអ្នកលក់រាយ។អ្នកលក់ដុំគឺធនាគារកណ្តាលអាមេរិក។ គេលក់លើកទី១ឱ្យធនាគារពាណិជ្ជអាមេរិកដែលទទួលទំនិញបានថោករួចហើយធនាគារពាណិជ្ជនៅអាមេរិកលក់ទំនិញនោះតៗគ្នាឱ្យធនាគារពាណិជ្ជធំៗ ដទៃទៀតក្នុងពិភពលោកហើយម្នាក់ៗយកចំណេញតិចៗរៀងខ្លួនទៅទម្រាំមកដល់អតិថិជនខ្មែរយើងកម្ចីជាដុល្លារអាមេរិកក៏ថ្លៃតាមហ្នឹងដែរ។ 

៣. ចុះហេតុអ្វីបានជានៅស្រុកខ្មែរយើងការប្រាក់លុយរៀលនៅតែខ្ពស់ជាងដុល្លារអាមេរិក?បើធនាគារជាតិនៃកម្ពុជាខ្លួនឯងជាអ្នកលក់ដុំ? 

ជាថ្មីម្តងទៀតបើយើងចាត់ទុកលុយជាទំនិញហើយការប្រាក់ប្រៀបដូចជាតម្លៃរបស់ទំនិញនោះថ្លៃទំនិញថោកឬថ្លៃអាស្រ័យលើការផ្គត់ផ្គង់និងតម្រូវការ។បើអ្នកត្រូវការច្រើនជាងអ្នកផ្គត់ផ្គង់ទំនិញនោះឡើងថ្លៃ។នៅកម្ពុជាមិនសូវមានអ្នកសន្សំប្រាក់រៀលទេ។ក្នុងវិស័យធនាគារសន្សំជាប្រាក់រៀលមានតែ ៦,៤% នៃប្រាក់សន្សំសរុប។ដោយឡែកអ្នកដែលត្រូវការប្រាក់រៀលដើម្បីទូទាត់មានច្រើនជាងដូចជាទូទាត់ឱ្យកសិករទូទាត់ឱ្យពលករសំណង់បង់ពន្ធអាករឱ្យរដ្ឋជាដើម។ដូច្នេះហើយធនាគារពាណិជ្ជត្រូវខំធ្វើយ៉ាងណាទាក់ទាញបញ្ញើជាប្រាក់រៀលដោយផ្តល់អាត្រាការប្រាក់ខ្ពស់។ ហើយបើផ្តល់ការប្រាក់ឱ្យអ្នកផ្ញើខ្ពស់ហើយគេក៏ត្រូវយកការប្រាក់កម្ចីខ្ពស់តាមហ្នឹងដែរ។ 

៤. ចុះហេតុដូចម្តេចបានជាធនាគារជាតិនៃកម្ពុជាមិនចេញផ្សាយប្រាក់រៀលឱ្យច្រើនទៅដើម្បីបង្រ្គប់តម្រូវការធនាគារពាណិជ្ជ? 

ធនាគារជាតិនៃកម្ពុជាបានធ្វើការងារនេះហើយដូចដែលបានលើកឡើងខាងលើ។ប៉ុន្តែយើងមិនអាចចេញផ្សាយជាគំហុកតាមតែចង់បានទេ ព្រោះវាប៉ះពាល់ដល់អាត្រាប្តូរប្រាក់(តម្លៃរបស់ប្រាក់រៀល)។ កាលណាលុយរៀលចេញច្រើនពេកលុយរៀលនឹងធ្លាក់ថោកប៉ះផលប្រយោជន៍ប្រជាជននៅជនបទដែលភាគច្រើនចាយលុយរៀល ។​​ ដូច្នេះធនាគារជាតិនៃកម្ពុជាត្រូវថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចបញ្ចេញលុយរៀលបន្ថែម ក្នុងកម្រិតមួយណានោះ។

៥. និយាយចុះនិយាយឡើងចាយដុល្លារអាមេរិកស្រួលជាង។ការប្រាក់កម្ចីក៏ទាបជាង។ 

តែមិនប្រាកដថាស្រួលរហូតទេ។ ការចាយវាយស្រួលនៅពេលដែលស្ថានភាពសេដ្ឋកិច្ចនៅល្អ ។ ប៉ុន្តែក្នុងករណីមានវិបត្តិយើងមិនអាចគ្រប់គ្រងសេដ្ឋកិច្ចរបស់យើងបានទាំងស្រុងឡើយដូចបានលើកឡើងខាងលើ។ មានតែចាយវាយលុយយើងទេទើបអាចមានម្ចាស់ការគ្រប់គ្រងស្ថានភាពបាន។ ដូច្នេះយើងត្រូវគិតគូរឱ្យវែងឆ្ងាយជាពិសេសនៅក្នុងស្ថានភាពមានវិបត្តិ ។ 

ការចូលរួមចាយប្រាក់រៀល មិនមែនគ្រាន់តែជាមោទនភាពជាតិទេតែវាជាអាវុធមួយដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាតិនិងមានភាពម្ចាស់ការក្នុងគ្រាអាសន្ន។