Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមាគម​ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជាទាត់​ចោលព្យួរ​បំណុលរបស់​អង្គការសង្គមសុីវិល

Sang Kim | Apr 29, 2020
សមាគម​ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជាទាត់​ចោលព្យួរ​បំណុលរបស់​អង្គការសង្គមសុីវិល
Clinic narith

សមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបានទាត់ចោលរបាយការណ៍របស់អង្គការ និងសហគមន៍ចំនួន១៣៥ ដែលស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍បន្ថែមទៀតទៅមីក្រូហិរញ្ញវត្ថុឲ្យព្យួរបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ ប៉ុន្តែពីខាងសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកថា អនុសាសន៍របស់សង្គមស៊ីវិល កំពុងតែជំរុញឲ្យសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត

«ការលើកឡើងពាក់ព័ន្ធនឹងទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តជាទូទៅលើសកលលោក និងជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ គឺកំពុងតែជំរុញឲ្យមានផលប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចជាតិ។ ម្យ៉ាងវិញទៀតអនុសាសន៍របស់សង្គមស៊ីវិល កំពុងតែជំរុញឲ្យសេដ្ឋកិច្ចជាតិរងនូវផលប៉ះពាល់បន្ថែមទៀត ដោយបង្កឲ្យបាត់បង់នូវជំនឿទុកចិត្តពីសំណាក់អ្នកដាក់ប្រាក់បញ្ញើ» នេះគឺជាប្រតិកម្មរបស់សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី ២៨ មេសា។

សេចក្តីថ្លែងការណ៍បានលើកឡើងថា «វាពិតជាមិនត្រឹមត្រូវនោះទេ ដែលថា អតិថិជនត្រូវការប្លង់បញ្ចាំដើម្បីអាចអោយពួកគេប្រកបមុខរបររបស់ខ្លួននោះ» «ការនិយាយនេះ ជាការខុសឆ្គង និងមានបំណងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ និងយល់ខុសធ្ងន់ធ្ងរ» ដោយបានចាត់ទុករបាយការណ៍របស់អង្គការសង្គមស៊ីវិលខ្វះស្មារតីទទួលខុសត្រូវនោះ សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តយ៉ាងពេញលេញ នូវគោលនយោបាយតាមអនុសាសន៍ណែនាំរបស់រដ្ឋាភិបាល ក្រសួងសាម៉ីពាក់ព័ន្ធ ក៏ដូចជាការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលជាអាណាព្យាបាលដើម្បីធានានិងការពារបានគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យទាំងមូល ដោយគ្មានភាពចាំបាច់ ក្នុងការអនុវត្តតាមការស្នើសុំដោយខ្វះការសិក្សាត្រឹមត្រូវរបស់ស្ថាប័នដែលមិនពាក់ព័ន្ធ ឬជំរុញឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិនោះឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

គួរជំរាបជូនថា ប្រតិកម្មរបស់សមាគមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពេលនេះ គឺបន្ទាប់ពីអង្គការសង្គមស៊ីវិលចំនួន១៣៥ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី ២៨ មេសា ដោយស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍បន្ថែមទៀតទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យព្យួរបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ អង្គការសង្គមស៊ីវិល បានទទួលស្គាល់ថា ​​កន្លងមករដ្ឋាភិបាលកម្ពុជាមានវិធានការមួយចំនួនរួចមកហើយ ប៉ុន្តែពួកគេសំណូមពរ​​បន្ថែម​​ដល់​​រដ្ឋាភិបាល​​ក្នុងការពិចារណាដើម្បីធានាថា​​ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ ឆាប់ផ្អាកការសងប្រាក់​​កម្ចី​​ និងការប្រាក់ទាំងអស់​​ យ៉ាងតិចណាស់​​ចំនួន៣ខែ​​ និងប្រគល់​​ជូនម្ចាស់ទ្រព្យវិញ ​​នូវប័ណ្ណកម្មសិទ្ធិដីធ្លីរាប់លានប្លង់ ​ពាក់ព័ន្ធនឹងកម្ចីខ្នាតតូច​ ដែល​​ត្រូវបានដាក់ជាទ្រព្យធានា។

បើតាមសង្គមស៊ីវិល វិធានការទាំងនេះ​ គឺមានភាពចាំបាច់​ ដើម្បីធានាថា​ ប្រជាពលរដ្ឋអាចបន្តរស់នៅក្នុងពេលមានវិបត្តិនេះដោយគ្មានហានិភ័យចំពោះសុខភាព​ ឬលំនៅដ្ឋានរបស់អ្នកទាំងនោះ​ និងអាចបញ្ជៀសពីកម្ចីឥណទានមានហានិភ័យ​ ដែលអាចនាំឲ្យកើតមានករណីធ្វើការងារដោះបំណុល​ ការជួញដូរមនុស្ស​ និងការរំលោភសិទ្ធិមនុស្សដទៃទៀត សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់មានជាប់ជំពាក់កម្ចីខ្នាតតូច​ ជាមួយនឹងអត្រាកម្ចីជាមធ្យម​ ៣៨០០ដុល្លារ​ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ប៉ុន្តែបើតាមគ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​ នៅក្នុងចំណោមអតិជនជាងពីរលាននាក់ មានអតិថិជនប្រមាណ មួយលាននាក់ ឬប្រហែល៤៥ភាគរយ ទទួលបានឥណទានដោយមិនមានទ្រព្យធានាឡើយ៕