
សៀមរាប៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តសៀមរាប ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញធរផ្សារលើធំថ្មី បានចុះត្រួតពិនិត្យរកភាពមិនប្រក្រតីលើផលិតផលម្ហូបអាហារ និង គ្រឿងឧបភោគបរិភោគ ដែលដាក់តាំងលក់ដូរនៅក្នុងផ្សារលើធំថ្មី ស្ថិតនៅភូមិដក់ពោធ៍ សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប និង មីនីម៉ាត ចៅសាំង ហុក ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដោយទទួលបានលទ្ធផលជាអវិជ្ជមានពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។
លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាបបានអោយដឹងថា ដោយមានកិច្ចសហការយ៉ាងល្អពីរដ្ឋបាលខេត្តសៀមរាប និងបណ្តាអង្គភាពជំនាញថ្នាក់ក្រោមជាតិ សាខា (ក.ប.ប) ខេត្តសៀមរាប បានធ្វើការអង្កេត ត្រួតពិនិត្យ ស្រាវជ្រាវ រកភាពមិនអនុលោមលើផលិតផលម្ហូបអាហារនិងមិនមែនម្ហូបអាហារដែលដាក់លក់លើទីផ្សារ និងបណ្តាញលក់ដូរតាមអនឡាញ ទទួលបានផ្លែផ្ការជាបន្តបន្ទាប់។ ជាក់ស្តែង នៅត្រីមាសទី១ ដើមឆ្នាំនេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប បានរកឃើញនិងដកហូតទំនិញម្ហូបអាហារនិងមិនមែនម្ហូបអាហារដែលមិនមានភាពអនុលោម សរុបជាង ៣៣៥ គីឡូក្រាម ត្រូវបានរកឃើញ ហើយមកដល់ពេលនេះ ទំនិញដែលមិនមានភាពអនុលោមសរុប ២.៩៩៨ គីឡូក្រាមទៀត ត្រៀមនឹងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាដើម្បីធ្វើការដុតកំទេចចោល។ នេះបើតាមប្រសាសន៏ របស់លោក ប្រធានសាខានោះ ទំនិញដែលមិនមានភាពអនុលោមនោះរួមមានម្ហូបអាហារដែលហួសកាលបរិច្ឆេទ ម្ហូបអាហារដែលប្រើប្រាស់សារធាតុគីមីហាមឃាត់ និងជាពិសេសអាល់កុលដែលពុំមានសុវត្ថិភាពដែលប្រជានកម្ពុជាកំពុងពេញនិយមប្រើប្រាស់ ក្នុងខណ:ដែលមេរោគកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោកផងដែរ។
ខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលទេសចរមួយ និងជាខេត្តដែលទាក់ទាញប្រជាជនមករស់នៅដើម្បើប្រកបការងារនិងបង្កើតអាជីវកម្មផ្សេងៗ ក្នុងដង់ស៊ីតេមួយខ្ពស់។ លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា បានអះអាងថា លោកនិងមន្ត្រីទាំងអស់ដោយមានការគាំទ្ររពីរដ្ឋបាលខេត្តផង នឹងព្យាយាមឲ្យអស់ពីលទ្ធភាព ធ្វើអោយទំនិញម្ហូបអាហារនិងមិនមែនម្ហូបអាហារនៅខេត្តសៀមរាបមានសុវត្ថិភាពខ្ពស់ ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាជនក្នុងខេត្តសៀមរាប ក៏ដួចជាភ្ញៀវទេសចរ ដែលលោកសង្ឃឹមថា នឹងមានការកើនឡើងបន្ទាប់ពីការរាតត្បាតជាសកលពីមេរោគកូវីដ-១៩ ដ៏គួរអោយភ័យខ្លាចនេះ៕