Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អត្ថន័យបុណ្យពិសាខបូជា គេប្រារព្ធ​ពិធីបុណ្យនេះឡើងដើម្បីរំឭកដល់

Sang Kim | May 05, 2020
អត្ថន័យបុណ្យពិសាខបូជា គេប្រារព្ធ​ពិធីបុណ្យនេះឡើងដើម្បីរំឭកដល់
Clinic narith

ថ្ងៃ១៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃពុធ ទី​០៦ ឧសភា គឺជា​ទិវា​មួយ​ដែល​ពុទ្ធសាសនិកជន នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​សកលលោក តែង​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ដ៏​សំខាន់​មួយ គឺ«ពិសាខបូជា»។

 ប្រការ​ដែល​គួរ​ឲ្យ​កត់​​សម្គាល់​មួយ​ទៀត គឺ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ទទួល​ស្គាល់​វិសាខ​បូជា​ជា​ពិធី​បុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​លើ​ពិភពលោក។

វិសាខបូជា ឬ​ពិសាខបូជា គឺជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់ទុកថា មាន​សារ​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធសាសនា ពីព្រោះ​ជា​ការ​គោរព រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូចគ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។ 

អ្នក​សិក្សា​ជំនាញ ព្រះពុទ្ធសាសនា​បាន​បង្ហាញ​អំពី​ចំណុច​សំខាន់​នៃ​បុណ្យ​វិសាខបូជា ថា​ជា​ទិវា​ប្រវត្តិសាស្ត្រ​មួយ​របស់​ព្រះពុទ្ធសាសនា​ដែល​មាន​អាយុកាល ២៥៦៤ ឆ្នាំ​មក​ហើយ គិត​ត្រឹម​ថ្ងៃមួយរោច​ខែ​ពិសាខ ឆ្នាំ​ ជូត ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ ឧសភា គ.ស​. ២០២០ ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ប្រភព​ដើម​នៃ​ពុទ្ធសករាជ​ដែល​ប្រទេស​កាន់​ពុទ្ធសាសនា គេ​បាន​និយម​ប្រើប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

អាស្រ័យ​ហេតុនេះ​ហើយ ទើប​ជា​រៀងរាល់​ឆ្នាំ ទោះបីជា​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឈាន​ចូល​មកដល់​នៅ​ក្នុង​ខែចេត្រ​ក្ដី ប៉ុន្តែ​រហូតដល់​ថ្ងៃ ១​រោច ខែវិសាខ គឺ​១​ថ្ងៃក្រោយ​ពិធីបុណ្យ​វិសាខបូជា​ទើប​ប្រតិទិន​ចន្ទគតិ​ខ្មែរ​ដែល​គិត​តាម​ដំណើរ​គោចរ​នៃ​ព្រះ​ចន្ទ ផ្លាស់​ចូល​ពុទ្ធសករាជ​ថ្មី គឺ​២៥៦៤ ។ 

អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី មាន​ប្រសាសន៍ ឲ្យ​ដឹង​ថា ពិធីបុណ្យ​នេះ ក្រៅពី​ការ​រម្លឹក​នឹក​គុណ ព្រះសម្មាសម្ពុទ្ធ គ្រប់គ្នា​ក៏​ចូលរួម​បួងសួង​សូម​ឲ្យ ក្រុម​គ្រួសារ មាន​សេចក្ដី​សុខ ប្រទេសជាតិ មាន​សុខ​សន្តិភាព​ជា​និរន្ត​ផង​ដែរ៖ «តាមរយៈ​បុណ្យ​កុសល​ដែល​រៀបចំ​នេះ សូម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា រីកចម្រើន​ប្រកបដោយ​សុខ​សន្តិភាព គោរព​រាប់អាន​គ្នា​រក​ទទួលទាន​មានបាន​ចម្រើន​ទាំងអស់​គ្នា»។

ទាក់ទង​នឹង​ប្រវត្តិ​ដើមកំណើត​នៃ​ពិធីបុណ្យ​វិសាខបូជា សៀវភៅ «​ព្រះរាជពិធី​ទ្វាទសមាស​» ដែល​ជា​ការផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​១៩៥១ បាន​សរសេរ​កត់ត្រា​ថា ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា ដូចជា​នៅ​ប្រទេស​សិរីលង្កា គេ​មាន​ទំនៀម​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នៅ​តាម​ទីវត្ត​អារាម​ទូទាំង​ប្រទេស​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ១៤​កើត រហូតដល់​ថ្ងៃ ១​រោច ខែ​ពិសាខ យ៉ាង​អ៊ឹកធឹក។

ក្នុង​ឱកាស​ពិធីបុណ្យ​នេះ អ្នកស្រុក​សិរីលង្កា នាំគ្នា​បូជា​គ្រឿង​សក្ការ​ផ្សេងៗ មាន​ផ្កា និង​ទៀន​ប្រទីប​ជាដើម អុជ​បូជា​ភ្លឺ​ព្រោងព្រាត​គ្រប់​វត្ត​អារាម និង​តាម​ផ្ទះ​អ្នកស្រុក​អ្នកភូមិ តាម​ទ្រព្យ​ធនធាន។

ចំណែក​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​វិញ ក៏​ធ្វើ ៣​ថ្ងៃ​ដូច​នៅ​សិរីលង្កា​ដែរ ប៉ុន្តែ​ខុស​ប្លែក​គ្នា​ត្រង់​អ្នកស្រុក​ភូមា គេ​ទៅ​ប្រជុំ​គ្នា​នៅ​ឯ​វត្ត​នា​ពេល​យប់ រង់ចាំ​រហូត​ដល់ពេល​ផ្កាយ​វិសាខ​នក្ខត្តឫក្ស ឬ​ផ្កាយ​ប្រចាំខែ​ពិសាខ រះ​ឡើង គេ​ក៏​វាយ​ជួង​ទូង​ស្គរ​លាន់​កងរំពង រួច​ទើប​អុជ​ទៀន​បូជា។ រីឯ​ទំនៀម​ប្រារព្ធ​បុណ្យ​វិសាខបូជា នា​សម័យនេះ​វិញ ភាគច្រើន​អ្នកស្រុក​ភូមា គេ​ធ្វើ​នៅ​តាម​ចេតិយ ដោយ​មិន​មាន​ហែ​ក្បួន ឬ​បូជា​ផ្កា​អ្វី​ទេ គឺ​គេ​ផ្ដោត​ជា​សំខាន់​តែ​ការ​បូជា​ប្រទីប​មាន​ទៀន​ជាដើម​ប៉ុណ្ណោះ។

តាម​ពុទ្ធប្រវត្តិ ទី​ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​ប្រសូត គឺ​នៅ​ឧទ្យាន លុម្ពិនី ក្នុង​នគរ​កបិលវត្ថុ ដែល​សព្វថ្ងៃ​នេះ​ជា​ទឹកដី​ប្រទេស​នេប៉ាល់ ជាប់​ព្រំប្រទល់​ប្រទេស​ឥណ្ឌា។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​មាន​បរិស័ទ​ខ្មែរ សិរីលង្កា ភូមា និង​ថៃ ជាដើម បាន​ទៅ​កសាង​វត្ត​អារាម​ពុទ្ធសាសនា​នៅ​ទីនោះ និង​តែង​នាំគ្នា​ធ្វើ​ធម្មយាត្រា​ទៅ​គោរព​បូជា នាទី​បូជនីយដ្ឋាន សួន​លុម្ពិនី ជា​រៀងរាល់​ឆ្នាំ៕