Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ព្រមាន​ថា ការ​ឆ្លង​រាតត្បាត​​នៃ​ជំងឺ​កូវីដ១៩ ​និងកើនគ្រោះ​អត់​ឃ្លាន​ច្រើនជាង​ពីរ​ដង​

Sang Kim | May 11, 2020
​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ព្រមាន​ថា ការ​ឆ្លង​រាតត្បាត​​នៃ​ជំងឺ​កូវីដ១៩ ​និងកើនគ្រោះ​អត់​ឃ្លាន​ច្រើនជាង​ពីរ​ដង​
Clinic narith

សង្គ្រាម ការ​ផ្លាស់ទី និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កំពុង​ជំរុញ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​តំបន់​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក ដែល​ក្នុង​នោះ​មាន​ទាំង​តំបន់ Sahel ផងដែរ ឱ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​អត់​ឃ្លាន។ ជាង​នេះ​ទៀត វិបត្តិ​ជំងឺ​កូវីដ១៩ គឺ​ជា​អ្វី​ដែល​បន្ថែម​ពី​លើ​បញ្ហា​នេះ​ទៀត។

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ទំនងជា​នឹង​បង្កើន​ចំនួន​មនុស្ស​ប្រឈម​នឹង​គ្រោះ​អត់​ឃ្លាន​ចំនួន​ជាង​ពីរ​ដង​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ ដោយ​កើន​ដល់ ៤៣ លាន​នាក់។

អង្គការ​នេះ​អះអាង​ថា ជន​ក្រីក្រ​ដែល​រស់នៅ​ក្នុង​តំបន់​ទីក្រុង​ដែល​រក​ព្រឹក​ខ្វះ​ល្ងាច គឺ​ជា​ក្រុម​ជន​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត។ អង្គការ​នេះ​ពន្យល់​ថា អ្នក​រស់នៅ​ក្នុង​ទីក្រុង​ពឹងពាក់​លើ​ផ្សារសម្រាប់​ទិញ​ម្ហូប​អាហារ ហើយ​ពួកគេ​មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ស្ដុក​ទុក​ម្ហូប​អាហារ និង​សន្សំ​លុយ។

អ្នកស្រី Elizabeth Byrs ដែល​ជា​អ្នក​នាំ​ពាក្យ​អង្គការ​ស្បៀង​អាហារ​ពិភពលោក បាន​និយាយ​ថា មាន​សេចក្តី​ត្រូវការ​ជា​បន្ទាន់​នូវ​ថវិកា​ចំនួន ៧៤ លាន​ដុល្លារ ដើម្បី​ផ្តល់​ជំនួយ​ចាំបាច់​សម្រាប់​រយៈពេល ៦ ខែ​ខាង​មុខ​ដល់​តំបន់​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក។

អ្នកស្រី​បាន​ថ្លែង​ថា សេចក្តី​ត្រូវការ​នេះ​ទំនងជា​នឹង​កើន​ឡើង​ថែម​ទៀត នៅ​ពេល​ដែល​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩ លេច​ឡើង​កាន់តែ​ច្បាស់​ជាង​មុន។

អ្នកស្រី Byrs បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​ការ​ឆ្លើយតប​មិន​គ្រប់គ្រាន់​នោះ​ទេ នោះ​វា​នឹង​ធ្វើ​ឲ្យ​សុខុមាលភាព​របស់​មនុស្ស​រាប់​លាន​នាក់​នៅ​ពេល​អនាគត​នៅ​ក្នុង​តំបន់​នោះ​មាន​ហានិភ័យ ជាពិសេស​គឺ​ស្ត្រី និង​កុមារ ហើយ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​បះបោរ​របស់​ពលរដ្ឋ​នៅ​តាម​ផ្នែក​នានា​នៃ​តំបន់​នោះ​ផង​ដែរ ដែល​ជា​តំបន់​កំពុងតែ​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ និង​អំពើ​ជ្រុល​និយម​ហិង្សា​រួច​ស្រេច​ទៅ​ហើយ​នោះ»។

អ្នកស្រី​ Byrs បន្ត​ថា អង្គការ​ស្បៀង​អាហារ​ពិភពលោក​បារម្ភ​ថា កុមារ​ប្រមាណ ១២ លាន​នាក់​អាច​មាន​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ចន្លោះ​ពេល​ដក​ស្ទូង និង​ច្រូតកាត់ រវាង​ខែ​មិថុនា និង​ខែសីហា​ខាង​មុខ ដោយ​កើន​ឡើង​ពី​ចំនួន ៨ លាន ២ សែន​នាក់ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ​កាល​ពី​ឆ្នាំ​មុន។

អ្នកស្រី​បាន​បន្ថែម​ថា អង្គការ​ស្បៀង​អាហារ​ពិភពលោក​គ្រោង​នឹង​ស្តុក​ទុក​ជា​មុន​នូវ​ម្ហូប​អាហារ​សម្រាប់​រយៈពេល ៦ ខែ នៅ​ក្នុង​តំបន់​នោះ។ អ្នក​ស្រី​ថ្លែង​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ធានា​ថា​នឹង​មាន​ជំនួយ​គ្រប់គ្រាន់​សម្រាប់​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស នៅ​ក្នុង​ករណី​ដែល​មាន​ការ​រឹតត្បិត​មិន​ឱ្យ​ធ្វើ​ដំណើរ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដែល​ការ​រឹតត្បិត​នេះ​អាច​បណ្ដាល​ឱ្យ​មាន​ការ​បង្អាក់​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់៕