Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកជំទាវ ឱវណ្ណឌីនព្រមានថាកម្ពុជាស្ថិតនៅមានហានិភ័យនៅឡើយទេពីវីរុសកូវីដ-១៩

Sang Kim | May 11, 2020
លោកជំទាវ ឱវណ្ណឌីនព្រមានថាកម្ពុជាស្ថិតនៅមានហានិភ័យនៅឡើយទេពីវីរុសកូវីដ-១៩
Clinic narith

ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនហាក់បីដូចជាគ្មានការប្រុងប្រយ័ត្ន និងខ្វះការ យកចិត្តទុកដាក់ចំពោះវិធានការការពារជំងឺកូវីដ-១៩ បន្ទាប់ពីស្ថានភាពនៃជំងឺនេះ​ហាក់បី​ដូចជាមានភាព​ធូរ​ស្រាល នៅក្នុងប្រទេសកម្ពុជា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា​បានព្រមានសារជា​ថ្មីម្ដងទៀតសូមកុំឱ្យពលរដ្ឋកម្ពុជាមានការធ្វេសប្រហែស ឬអាច​​និយាយ​ម្យ៉ាងទៀតថា មើលស្រាលចំពោះជំងឺកូវីដ-១៩នេះ បើទោះបីជាកម្ពុជាអាចគ្រប់​គ្រង​បាននៅពេលនេះ ក៏ដោយចុះ។

ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាលកបានអះអាងថា ពលរដ្ឋកម្ពុជាគួរប្រកាន់ខ្ជាប់នូវវិធានការចំនួនបី​ចំណុចដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ វិធានការទាំងបីចំណុចនោះរួមមាន៖ ការលាងដៃឱ្យស្អាតជាប្រចាំ ការពាក់ម៉ាស ឬមានកន្សែងសម្រាប់ពេលដែលយើងកណ្តាស់ និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

លោកជំទាវ បានសង្កត់​​ធ្ងន់ថា “ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅមានហានិភ័យនៅឡើយ យើងមិនទាន់រួចចាក​ផុតការវាយលុកវីរុសកូវីដ-១៩នៅឡើយទេ ថ្វីត្បិតតែយើងអាចនិយាយបាន ថារលកទីមួយ នៃជំងឺនេះយើងអាចគ្រប់គ្រងបានល្អប្រសើរមែន។ យើងមិនមានការរកឃើញករណីថ្មីកើត​មាន​ឡើងថែមទៀត..ក៏ប៉ុន្តែមិនមែនមានន័យថា វីរុសកូវីដ-១៩នេះ បានចាកចេញពី​ព្រះរា​ជាណាចក្រកម្ពុជាហើយនោះទេ”។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកជំទាវរដ្ឋលេខាធិការនៅតែបន្តអំពាវនាវឱ្យ​ប្រជា​ពល​រដ្ឋ​ទាំងអស់សូមពិចារណាជុំវិញការរៀបចំពិធីមង្គលការ ឬពិធីជួបជុំផ្សេងៗទៀត បើ​អាច​លើកពេលបានគួរលើកពេល ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

ជាការកត់សម្គាល់ផងដែរថា បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសពីការ​មិនរក​ឃើញ​អ្នកផ្ទុកវីវុសកូវីដ-១៩ និងការជាសះស្បើយនៃអ្នកជំងឺនេះ ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍​មកនេះ ដោយមិនមានករណីឆ្លងថ្មីនោះ ប្រជាពលរដ្ឋហាក់បីដូចជាចាប់ផ្តើម​មាន​ការធ្វេសប្រហែសចំពោះវិធានការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺមួយនេះ ដែលផ្ទុយ​ពីពេល​កន្លងទៅ។

ជាក់ស្តែងនៅតាមទីសាធារណៈ ហាងបាយ កាហ្វេ និងភោជនីយដ្ឋានមួយ​ចំនួន ចាប់ផ្តើមមានការជួបជុំគ្នាឡើងវិញ ដែលផ្ទុយស្រឡះកាលពីមានការផ្ទុះខ្លាំងជំងឺ​មួយ នេះកាលពីពេលកន្លងទៅ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋហាក់បីដូចជាលែងសូវខ្វល់ ពាក់​ព័ន្ធនឹងវិធានការការពារជំងឺកូវីដ-១៩នេះ ដោយបណ្តោយខ្លួនលែងសូវអើពើនឹងជំងឺ​មួយ​នេះ​ទៀត ហើយអ្នកខ្លះលែងយកអាល់កុល ឬពាក់ម៉ាស់ដើម្បីការពារខ្លួនពីជំងឺនេះ៕