
ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០_
រយៈពេល ៤ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២.៣៣៣ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថានបានថ្លែងថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះមាន ១៧៩ករណី មានការពាក់ព័ន្ធនឹងមនុស្សជិត ២០០នាក់ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យ អន្តរកាលបានចំនួន ៤០៣ករណី និងធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសបានចំនួន ៦១៣ករណី ពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤នាក់ អនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងបន្តថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង១.២៦០នាក់បានចុះបេសកកម្មដើរល្បាត ចំនួន ៧.០៧៨លើក នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០កន្លែងដែលមានផ្ទៃដីសរុបប្រមាណ ៧,២លានហិកតា ហើយពេលខ្លះមានការចូលរួមដើរល្បាតពីសហគមន៍តំបន់ការពារធម្មជាតិ ដែលបានទទួលស្គាល់ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២.៣៣៣ករណី។នៅក្នុងការចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ៤ខែនេះ មន្ត្រីឧទ្យានុរក្សរួម និង សហគមន៍តំបន់ការពារធម្មជាតិបានរឹបអូសរណាយន្តបានចំនួន ៩៧០គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័រ បានចំនួន ៥៣ គ្រឿង រឹបអូសម៉ូតូដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសបានចំនួន ១២៦គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣គ្រឿង និង ដោះអន្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨.៩៥០អន្ទាក់ ព្រមទាំងបានដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ដើម។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាកិច្ចខិតខំប្រឹងប្រែង និងប្រកបដោយការទទួលខុសត្រូវ និងប្រកដោយវិជ្ជាជីវៈរបស់មន្ត្រីគ្រប់លំដាក់ថ្នាក់ នៃក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញាដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ និងដើម្បីភាពគង់វង្សនៃសម្បត្តិធនធានធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមសហការប្រកប ដោយប្រសិទ្ធភាព ពីសំណាក់អាជ្ញាធរ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានជំរុញបន្ថែមឱ្យប្រជាពលរដ្ឋចូលរួមឱ្យកាន់តែសកម្ម និងប្រកបដោយភាពជាដៃគូស្មោះត្រង់បន្ថែមទៀត នៅក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះក៏បានលើកឡើងថា ទោះបីជាមាន ការរឹតបន្តឹងការអនុវត្តច្បាប់ បង្កើនសកម្មភាពអប់រំស្តីពីច្បាប់តំបន់ការពារធម្មជាតិពីសំណាក់មន្ត្រីអនុវត្តន៍ច្បាប់ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ នៅតែបន្ដកើតមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលចាំបាច់ភាគីពាក់ព័ន្ធនានាត្រូវចាត់វិធានជាចាំបាច់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះបន្តថែមទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា និងមិនលើកលែងឡើយ ៕