Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កសិដ្ឋានចិញ្ចឹមចៀមមួយនៅកម្ពុជា គ្រោងពង្រីកការចិញ្ចឹមបន្ថែមឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក

Sang Kim | Jun 10, 2020
កសិដ្ឋានចិញ្ចឹមចៀមមួយនៅកម្ពុជា គ្រោងពង្រីកការចិញ្ចឹមបន្ថែមឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក
Clinic narith

LNN:កសិដ្ឋានចិញ្ចឹមចៀមមួយនៅខេត្តកំពង់ឆ្នាំងគ្រោងពង្រីកការចិញ្ចឹមបន្ថែមទៀត ឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុកបច្ចុប្បន្នដែលពេញនិយមត្រូវការសាច់ចៀម ។ 

លោក ប៊ុន ចាន់វិរៈ ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុង ភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តាមជួរភ្នំឱរ៉ាល់ជាប់នឹងព្រំប្រទល់របស់ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្នុងកសិដ្ឋាននេះមានចៀមទាំងតូចទាំងធំ រហូតទៅដល់ជិត១០០ក្បាល ។

លោកបានបន្តថា កសិដ្ឋាននេះបានចាប់ផ្តើមចិញ្ចឹមចៀមតាំងពីឆ្នាំ២០១៧មកម្លេះ តែក្នុងដំណាក់កាលដំបូង ម្ចាស់កសិដ្ឋានបានចិញ្ចឹមចៀម១០ក្បាលប៉ុណ្ណោះដោយជ្រើសរើសយកមេល្អៗ ។
លោកបានបន្តថា ថ្មីៗនេះមានអតិថិជនមកកម្មង់ទិញជាច្រើន តែចៀមមិនអាចផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជនបាន ដោយសារតែចំនួនសត្វចៀមមានតិច ទើបបច្ចុប្បន្ននេះ ម្ចាស់កសិដ្ឋានគ្រោងនឹងកម្មង់ទិញពូជចៀមពីបរទេសបន្ថែមទៀត ដើម្បីចិញ្ចឹមធ្វើពូជជាពិសេស ក៏ចង់ឃើញកសិករដទៃទៀតងាកមកចាប់យកការចិញ្ចឹមចៀមឲ្យបានច្រើន សំរាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ។
«តែទន្ទឹមនឹងនេះឃើញថាវាមានអត្ថប្រយោជន៍ច្រើនមែនទែនទាំងតំរូវការពូជ និងតំរូវការសាច់មានច្រើនមែនទែន ហើយសំរាប់ចៀមវិញគឺទីផ្សារស្រួលរកណាស់វាអត់ពិបាកទេ ជាក់ស្តែងយើងមើលឃើញថាប្រជាជនភាគច្រើនដែលគាត់បានចិញ្ចឹមគោ កសិករនោះគាត់ចិញ្ចឹមគោតំលៃសាច់គោគឺនៅតែថ្លៃចឹង ចឹងសំរាប់សត្វចៀមវិញគឺមានអ្នកចិញ្ចឹមតិចមែនទែន ហើយតំរូវការទីផ្សារគឺមានធំហើយមានច្រើន ហើយខ្ញុំគិតថាអនាគតមានពូជចៀមច្រើន យើងនឹងបានជួយដល់បងៗកសិករ ដោយសារយើងនៅកន្លែងនេះជាអង្គការមិនមែនជាក្រុមហ៊ុន ចឹងយើងមានបំណងចង់ជួយដល់អ្នកផ្សេងទៀត ហើយចង់ឃើញសហគមន៍ជាច្រើននឹងចាប់ផ្តើមចិញ្ចឹមចៀមដែរ »។8944B509-BBA3-4DD1-89EC-CBF4A62584AC
លោក បានបន្ថែមទៀតថា ចៀមញីដែលល្មមបង្កាត់ពូជ អាចលក់បានក្នុង១ក្បាលតម្លៃប្រមាណ៣០០ដុល្លារចំណែកឯចៀមសាច់គឺចៀមឈ្មោលលក់ថ្លឹងគីឡូ ក្នុង១គីឡូក្រាមតម្លៃប្រមាណ៧ដុល្លារ ដោយចៀមមួយក្បាលទម្ងន់ចាប់ពី៣០គីឡូក្រាមឡើង ហើយសំរាប់ចៀមញីដែលយកទៅបង្កាត់ពូជ និងចៀមឈ្មោលចិញ្ចឹមយកសាច់ គឺមានអាយុចាប់ ពី៦ខែទៅ៨ខែ គេអាចចាប់លក់បាន ។
លោក ក្រឹង សំអាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា នៅខេត្តកំពង់ឆ្នាំងគឺមានកសិដ្ឋានចិញ្ចឹមចៀមតែមួយកន្លែងគត់ ដែលលោកនឹងក្រុមការងារ បានចុះពិនិត្យបច្ចេកទេស និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ឲ្យបង្កើនការចិញ្ចឹមបន្ថែម ខណៈបច្ចុប្បន្នសាច់ចៀមកំពុងមានទីផ្សារខ្លាំង ហើយការចិញ្ចឹមចៀមនៅទូទាំងប្រទេស ក៏នូវមានចំនួនតិចតួចនៅឡើយ ។
«ឥលូវនេះយើងបានទៅពិនិត្យមើលកសិដ្ឋានជាក់ស្តែងគឺគាត់កំពុងតែរៀបចំការពង្រីកបន្ថែមទៀត អត់មានបន្ថយទេមានតែពង្រីកដោយសារផ្ទៃដីរបស់គាត់នោះធំ ហើយគាត់បានរៀបចំទីកន្លែង ហើយសំរាប់ខ្ញុំគឺខ្ញុំបានទៅពិនិត្យមើលបច្ចេកទេសនិងបានលើកទឹកចិត្ត ប៉ុន្តែសំរាប់ការពិនិត្យមើលគឺគាត់នឹងបន្តបន្ថែមទៀត ដើម្បីបំរើតំរូវការក្នុងស្រុក ពិសេសដែលយើងឃើញចំនុចពីរដែលទី១ តំរូវការម្ហូបអាហារដែលមានតំលៃថ្លៃជាងសាច់ផ្សេងៗ និងមួយទៀតដោយសារតែតំរូវការក្នុងខេត្តក៏ដូចជាក្នុងប្រទេសយើងសត្វចៀមមិនមានច្រើនទេ ហើយសំរាប់ក្នុងខេត្តកំពង់ឆ្នាំងវិញគឺមានតែកសិដ្ឋាននឹងមួយទេ ចឹងយើងអាចបង្កើតចេញជាពូជដែលមានតំរូវការខ្ពស់ ចំនុចពីរនេះហើយ ដែលធ្វើឲ្យគាត់មានឆន្ទះក្នុងការពង្រីកបន្ថែមទៀត »។
សូមបញ្ជាក់ថា សម្រាប់នៅក្នុងប្រទេសកម្ពុជា ពុំសូវមានអ្នកចិញ្ចឹមនោះទេ ដោយសារតែប្រទេសកម្ពុជាជាតំបន់ក្តៅ និងម្យ៉ាងមានការពិបាកក្នុងការនាំចូលពូជពីបរទេស ដើម្បីយកមកចិញ្ចឹមផងដែរ ៕