Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គម្រោងសាងសង់​ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ​​​​ប្រវែង ១៧៦១ ម៉ែត្រ និង​​សាងសង់​នៅ​​ឆ្នាំ ​២០២១

Sang Kim | Jun 10, 2020
គម្រោងសាងសង់​ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ​​​​ប្រវែង ១៧៦១ ម៉ែត្រ និង​​សាងសង់​នៅ​​ឆ្នាំ ​២០២១
Clinic narith

គម្រោងសាងសង់​ស្ពាន​​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្តក្រចេះតភ្ជាប់ទៅខេត្តកំពង់ធំ ត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​ លទ្ធភាពក្នុងការសាងសង់រួចរាល់ហើយ​ និង​កំពុង​បន្ត​នីតិវិធី​ ​ដើម្បី​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋា​​ភិ​បាល​​ចិន​។ នេះបើតាមការឱ្យដឹងរបស់ ឯ.ឧ ទេសរដ្ឋ​​មន្រ្តី​ក្រសួងសាធារណការ និង​ដឹក​​ជញ្ចូន​ ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវជាតិ​លេខ​​​៧​ (ក្រចេះ-ត្បូងឃ្មុំ)​។ 

នាព្រឹកថ្ងៃទី១០​ មិថុនា​ ២០២០ ក្នុងបទសម្ភាសន៍​ ពីលទ្ធផលក្នុងការចុះត្រួតពិនិត្យផ្លូវជាតិលេខ៧​ (ក្រចេះ-ត្បូងឃ្មុំ)​ ដឹកនាំដោយ​ ឯ.ឧ​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​បានឱ្យដឹងថា ​“ខ្ញុំឈរនៅលើទឹកដីក្រចេះក៏សុំជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឱ្យសិក្សាការសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដើម្បីឱ្យបងប្អូនយើងនៅក្រចេះ ឆ្លងទៅកំពង់ធំ។ល។​ អាចធ្វើដំណើរឆ្លងកាត់តាមស្ពាននេះបាន”។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏​បានបញ្ជាក់ច្បាស់ៗ​ថា ​​ការសិក្សា​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ទៀតទេ។ រហូតមកដល់ពេលនេះ គម្រោងនេះ​បានសិក្សាចប់ ហើយឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហាន​បន្ទាប់ គឺការ​ដាក់​សំណើគម្រោងទៅកាន់រដ្ឋាភិ​​បាល​ចិ​នដើម្បីសុំប្រាក់កម្ចី។

លោកបានបន្តថា “ប្រកាសហើយមិនព្រមធ្វើ?” នីតិវិធីក្នុងការសាង់ផ្លូវមួយៗមិនមែនចេះតែធ្វើបានភ្លាមទេ។ ទី១. គេមកសិក្សា យើងត្រូវចូលរួមសិក្សាជាមួយគេ មើលឯកសារហើយ ពិនិត្យហើយ ចរចាហើយ បញ្ជូនទៅមិត្តចិនសិន តើគេឯកភាព ឬមិនឯកភាព ? តើដោះស្រាយផលប៉ះពាល់លើបរិស្ថានឬនៅ? ពិនិត្យឱ្យចប់សព្វគ្រប់ទាំងអស់ ហើយគេពិនិត្យទៀត ទើបគេឱ្យប្រាក់កម្ជី។ ដូច្នេះនីតិវិធីវាមានពេលវេលាចឹង មិនចេះតែយកបានភ្លាមៗទេណាស់ ចឹងឱ្យបងប្អូនយើងយល់ផង។

សូមបញ្ជាក់ផងដែរថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ​​នេះ ​មាន​ប្រវែង សរុប ១៧៦១ ម៉ែត្រ និង​គ្រោង​សាងសង់​នៅ​​ឆ្នាំ ​២០២១៕
ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន