
ភ្នំពេញ៖ ក្រសួងកសិកម្ម បានផ្តល់កូនត្រី កូនកង្កែប តង់ចិញ្ចឹម និងចំណី ដល់ពលរដ្ឋនៅខេត្តចំនួន៦ ក្នុងចំណោមខេត្តគោលដៅចំនួន១១ ដើម្បីជំរុញការចិញ្ចឹមត្រី និងកង្កែប ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមថា ការងារនេះ ជាការអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមត្រី និងកង្កែប ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ខណ:ដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។
បើតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម គិតត្រឹមថ្ងៃទី១០ ខែសីហា រដ្ឋបាលជលផល បាននាំយកកូនត្រីអណ្តែង កូនកង្កែប តង់ចិញ្ចឹម និងចំណីទៅចែកជូនប្រជាពលរដ្ឋនៅតាមខេត្តគោលដៅចំនួន ៦ រួមមាន ឧត្តរមានជ័យ ព្រះវិហារ មណ្ឌល គីរី រតនគីរី កំពង់ស្ពឺ និងខេត្តកំពត រួចហើយ ក្នុងចំណោមខេត្តគោលដៅចំនួន ១១ (ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគីរី រតនគីរី កំពង់ស្ពឺ កណ្តាល កំពត ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តព្រះសីហនុ)។លោករដ្ឋមន្ត្រីថា ខេត្តទាំង៦ មានប្រជាពលរដ្ឋសរុបចំនួន ៣៣៦គ្រួសារ បានទទួលជំនួយក្នុងនោះមាន៖ ប្រជាពលរដ្ឋចំនួន ១៩០គ្រួសារ ទទួលបានកូនត្រីអណ្តែង ដោយគ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែងចំនួន ៧០០ក្បាល និងតង់០១ សរុបមានកូនត្រីអណ្តែងចំនួន ១៣៣ ០០០ក្បាល ។ ប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារ ទទួលបានកូនកង្កែប ដោយគ្រួសារនីមួយៗទទួលបានកូនកង្កែបចំនួន ៤០០ក្បាល និងតង់០១ សរុបមានកូនកង្កែបចំនួន ៥៨ ៤០០ក្បាល ។
លោក បន្តថា ចំណីសម្រាប់កូនត្រីអណ្តែងមានចំនួន ៧៣២បាវ ស្នើនឹង ១៨តោន និងចំណីសម្រាប់កូនកង្កែបមានចំនួន ៤៨០បាវ ស្នើនឹង ១២តោន ។ ចំណីបន្ថែម (វីតាមីន) សម្រាប់កូនត្រី និងកូនកង្កែបចំនួន ៧៥០កញ្ចប់ ។លោករដ្ឋមន្ត្រី បានអះអាងបន្ថែមថា ជាបណ្តើរៗ មន្ត្រីជំនាញរបស់រដ្ឋបាលជលផល នឹងនៅបន្តចុះចែកកូនត្រីអណ្តែង និងកូនកង្កែប ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តគោលដៅឲ្យបានគ្រប់ទាំង ១១ខេត្តឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យទាន់រដូវភ្លៀង ចូលរួមលើកកម្ពស់ និងធានាឲ្យបាននូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រើប្រាស់ថវិកាដែលជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ឲ្យមានតម្លាភាព សុក្រឹត្យភាព ប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ៕