Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តៃវ៉ាន់មានគម្រោងចំណាយដល់ទៅជាង ១៥ពាន់លានដុល្លារលើវិស័យកងទ័ពដើម្បី​ត្រៀមកម្លាំង ទប់ទល់ជាមួយចិន

Sang Kim | Aug 14, 2020
តៃវ៉ាន់មានគម្រោងចំណាយដល់ទៅជាង ១៥ពាន់លានដុល្លារលើវិស័យកងទ័ពដើម្បី​ត្រៀមកម្លាំង ទប់ទល់ជាមួយចិន
Clinic narith

បើផ្អែកតាមតួលេខ របស់ខុទ្ទកាល័យលោកស្រីប្រមុខរដ្ឋាភិបាលតៃវ៉ាន់ គឺនៅឆ្នាំ២០២១ តែវ៉ាន់នឹងមានគម្រោងចំណាយ​ លើវិស័យកងទ័ពការពារជាតិ ចំនួន ១៥,៤២ពាន់លានដុល្លារ។ យោងតាមការផ្ទៀងផ្ទាត់របស់ ទីភ្នាក់ងារព័ត៌មាន Reuters ការចំណាចនេះ គឺកើនឡើងចំនួនប្រមាណ១០%។ ការបន្ថែមការចំណាយលើវិស័យកងទ័ព កាន់តែច្រើនឡើងៗ របស់តៃវ៉ាន់ គឺវាស្ថិតក្នុងបរិបទ ដែលតៃវ៉ាន់កំពុងតែភ័យខ្លាច ថាវាសនាខ្លួនអាចនឹងដូចហុងកុង។ ការចំណាយលើវិស័យកងទ័ពរបស់តៃវ៉ាន់​ កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលវាហាក់ដូចជាការឆ្លើយតប ទៅនឹងស្ថានភាពតានតឹង​ រវាងតៃវ៉ាន់និងចិន ដែលកាន់តែដល់ដំណាក់កាលគ្រោះថ្នាក់។ សម្រាប់ថវិកាឆ្នាំ២០២១ តៃវ៉ាន់មានគម្រោងចំណាយ ដល់ទៅ ១៥,៤២ពាន់លានដុល្លារ លើវិស័យកងទ័ព ដែលនេះគឺវាកើនឡើងចំនួន១០,២% បើប្រៀបធៀបទៅឆ្នាំមុន។

តៃវ៉ាន់ហាក់កំពុងបន្ថែមល្បឿន ពង្រឹងកម្លាំងក្នុងវិស័យកងទ័ពការពារជាតិ ដើម្បី​ត្រៀមកម្លាំង ទប់ទល់ជាមួយចិន នៅក្នុងករណីវាយប្រហារណាមួយ​ទៅថ្ងៃអនាគត។ ជាការពិតណាស់ ចិនតែង​អះអាងជានិច្ច ថាកោះតៃវ៉ាន់ ដែលមានប្រជាជនរស់នៅប្រមាណ​២៣លាននាក់នេះ គឺជាខេត្តមួយរបស់ចិន។ ចិនក៏មិនដែលបោះបង់គំនិតថា ថ្ងៃណាមួយ បើចាំបាច់ ចិននឹងប្រើកម្លាំង ដើម្បី​ឈានទៅយកកោះតៃវ៉ាន់ មកគ្រប់គ្រងក្នុងមហាគ្រួសារចិនវិញ។

ជាងនេះទៀត ស្ថានការណ៍វិវឌ្ឍន៍នៅហុងកុង នាពេលថ្មី២នេះ បានធ្វើឲ្យ​តៃវ៉ាន់ មានការព្រួយ​បារម្ភ​ជាខ្លាំង។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ធ្លាប់បានលើកឡើងថា តៃវ៉ាន់អាចនឹងមានវាសនាដូចហុងកុង។ នៅក្នុងឱកាសជំនួប​ជាមួយ​ រដ្ឋមន្ត្រីសុខាភិបាល​អាមេរិក នៅទីក្រុងតៃប៉ិ កាលពីថ្ងៃអង្គារកន្លងទៅ លោក Joseph WU រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ថា តៃវ៉ាន់រស់នៅក្នុងការព្រួយបារម្ភជាប្រចាំ គឺបារម្ភដោយសារតែការគំរាមេរបស់ចិនប៉េកាំង។ លោកបន្តថា ចិនបានប្រើគោលនយោបាយ សង្កត់តៃវ៉ាន់ ឲ្យ​ទទួលយកលក្ខខណ្ឌរបស់គេ ដែលកម្មវត្ថុចុងក្រោយ គឺតៃវ៉ាន់ នឹងស្ថិតក្នុងកណ្តាប់ដៃរបស់ចិន ដូចហុងកុងនាពេលបច្ចុប្បន្ន។

សូមរំលឹកថា ចិនធ្លាប់បានស្នើទៅកាន់តៃវ៉ាន់ ឲ្យ​យល់ព្រមទទួលយកគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង២ ដូចនៅហុងកុង។ ក៏ប៉ុន្តែតៃវ៉ាន់បានបដិសេធ ។ លោកស្រី ឆៃ អ៊ីងវ៉េន ប្រមុខរដ្ឋាភិបាលតៃវ៉ាន់ ធ្លាប់បានប្រកាសថា តៃវ៉ាន់មានប្រព័ន្ធប្រជាធិបតេយ្យរឹងមាំ ប្រៀបដូចជាមានឯករាជ្យពេញលេញទៅហើយ។ រដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ បានប្រកាន់ជំហ ចេញមុខការពារតៃវ៉ាន់កាន់តែខ្លាំង។ បើទោះជាអាមេរិក ទទួលស្គាល់ចិន តែមួយក្តី តែអាមេរិកមានច្បាប់មួយ ដែលបើកផ្លូវឲ្យរដ្ឋាភិបាល​ ត្រូវបន្តផ្គត់ផ្គង់គ្រឿងសព្វាវុធឲ្យតៃវ៉ាន់ការពារខ្លួន៕