
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានដាក់ចេញវិធានការសំខាន់ៗ ៥ចំណុច ដើម្បីធានានូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ។ គ.ជ.ប គ្រោងនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២ ០២០នៅអំឡុងខែតុលា ខាងមុខនេះហើយ។
១ខែមុនថ្ងៃពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតមដល់ គឺនៅថ្ងៃទី៣១ ខែសីហានេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្ដីណែនាំ៥ចំណុចទៅកាន់ប្រធានលេខាធិការដ្ឋានដែលជាសេនាធិការនៅទូទាំង២៥រាជធានីខេត្ត ត្រៀមអនុវត្តវិធានការយ៉ាងហោចណាស់៥ចំណុច ដើម្បីបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ទាំងបរិវេណខាងក្នុង និងខាងក្រៅការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោត។
គ.ជ.ប បានកំណត់បើកឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យឃុំសង្កាត់ទាំង១៦៤៥ឃុំសង្កាត់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។ គឺនៅក្នុងរយៈពេល១៩ថ្ងៃនោះហើយ ដែល គ.ជ.ប ណែនាំឱ្យមន្រ្តីរបស់ខ្លួនត្រៀមអនុវត្តវិធានការដូចខាងក្រោម។
បើតាម គ.ជ.ប លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ត្រូវសុំកិច្ចសហការពីមន្ទីរសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វីធានការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩, នៅបរិវេណខាងក្រៅការិយាល័យត្រូវរៀបចំតុ ដាក់អាកុល ឬជេលសម្រាប់លាងដៃ, ត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាចំងាយយ៉ាងហោចណាស់១ម៉ែត្រកន្លះ, ពាក់ម៉ាស់ ឬមានក្រមា, មានអនាម័យ និងលាងដៃជាប្រចាំ។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ឌឹម សុវណ្ណារុំ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការសុវត្ថិភាពនេះឱ្យបានខ្ជាប់ខ្ជួន ពីព្រោះយ៉ាងហោចណាស់មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៨លាននាក់ អ្នកចុះឈ្មោះបោះឆ្នោតថ្មីជាង៣សែនាក់ នឹងត្រូវចូលរួមក្នុងដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនេះ។
សូមបញ្ជាក់ថានៅថ្ងៃទី១ ខែកញ្ញាស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបើកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយពីដំណើរការពិនិត្យឈ្មោះ និងចុះបោះឆ្នោតថ្មីឆ្នាំ២០២០។ ជាកិច្ចប្រជុំដែលបើតាមឯកឧត្តម ឌឹម សុវណ្ណារុំ គ.ជ.ប ក៏នឹងលើកឡើងជាថ្មីអំពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែរ៕