Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថាកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្រោម២%

ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថាកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្រោម២%

ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថាកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្រោម២%
128   29-09-2020   3 weeks ago

ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្រោម២%នេះ គឺធនាគារពិភពលោកបានសំអាងថា ការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងដំណំទៅលើក្បាលម៉ាស៊ីនកំណើនធំៗរបស់កម្ពុជា ជាពិសេសវិស័យសំណង់ ទេសចរណ៍ និងផ្នែកនាំចេញទំនិញដែលទាំងអស់នេះ មានចំណែកជាង៧០%ក្នុងកំណើនសរុប ។ ធនាគារពិភពលោកបានអះអាងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានៅទ្រឹងដោយសារតែជំងឺកូវីដ១៩ ដោយការនាំចូលដែក និងស៊ីម៉ង់ត៍ក្នុងរយៈពេ​ល៦ខែឆ្នាំនេះ បានធ្លាក់ចុះ៤៥,១% និង ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយសារតែគម្រោងធំៗមួយចំនួនត្រូវផ្អាកសកម្មភាព។

ទន្ទឹមគ្នានេះ ជំងឺកូវីដ១៩ ក៏បានទាញវិស័យនាំចេញធំៗរបស់កម្ពុជាឱធ្លាក់ចុះផងដែរ ។ ដូចយ៉ាង ការនាំចេញផលិត​ផលកាត់ដេរ សម្ភារធ្វើដំណើរ និងស្បែកបានធ្លាក់ចុះ៧,២% ខណៈការចូលក្រណា​ត់សម្រាប់បម្រើវិស័យកាត់ដេរបានធ្លាក់ចុះ៨៥,៤%នៅក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២០នេះ។ ចំពោះ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាវិញ គឺធនាគារពិភពលោកគូសបញ្ជាក់ថា បានដួលរលំដោ​យសារតែការរឹតត្បិតលើការធ្វើដំណើរ និងវិធានការរាំងខ្ទប់ឱ្យនៅមួយកន្លែង។ ជាក់ស្តែង ក្នុងរយៈពេល៦ខែនេះ ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ៦៤,៦%។

សូមបញ្ជាក់ថា ការព្យាករណ៍ជាថ្មីរបស់ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម២%នេះ គឺខុសពីលើកមុនៗ ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ពីចន្លោះក្រោម១%(-១%)ទៅក្រោម២,៩%(-២,៩%)។ ការព្យា​ករណ៍ជាថ្មីនេះ ក៏ខុសគ្នានឹងការព្យាករណ៍ជាថ្មីដែររបស់ធនាគារអភិវឌ្ឍអាស៊ីADBកាលពីថ្ងៃទី២៣ ខែកញ្ញាថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម៤%(-៤%)នៅក្នុងឆ្នាំនេះ ដោយសារតែជំងឺកូវីដ១៩។ ចំណែក មូលនិធិរូបិយវត្ថុអន្តរជាតិIMF ធ្លាប់បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះក្រោម១,៥%(-១,៥%) ខណៈរដ្ឋាភិបាលកម្ពុជាខ្លួនឯងបានព្យាករណ៍ថា កំណើន​សេដ្ឋកិច្ច​កម្ពុជានឹងថយចុះ​ត្រឹម​​-១,៩%​នៅ​ក្នុងឆ្នាំ​២០២០​នេះ។

ស្របពេលការព្យាករណ៍ទាំងឡាយសុទ្ធតែបង្ហាញពីការធ្លាក់ចុះខ្លាំងពុំធ្លាប់មាននេះ ធនាគារពិភពលោកក៏បានសង្កេតឃើ​ញ​ថា សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយ ក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។ ធនាគារពិភពលោកបានលើកឡើងថា តម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរ និងសកម្មភាពទេសចរណ៍ក្នុងស្រុកផងកំពុងតែងើបឡើងវិញ ហើយកម្ពុជា និងចិនបានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួចហើយដែលទំនងនឹងចូលជាធរមានក្នុងឆ្នាំ២០២១។ បើតាមធនាគារពិភពលោកដដែល នៅក្នុងពាក់កណ្តាលឆ្នាំនេះ គម្រោងវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តរួចរាល់ គឺបានកើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕