Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ដំណាំស្វាយចន្ទីឆ្នាំនេះមានទីផ្សារល្អ កម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីបានជាង ២០៤,០០០ តោន

ដំណាំស្វាយចន្ទីឆ្នាំនេះមានទីផ្សារល្អ កម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីបានជាង ២០៤,០០០ តោន

ដំណាំស្វាយចន្ទីឆ្នាំនេះមានទីផ្សារល្អ កម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីបានជាង ២០៤,០០០ តោន
236   26-10-2020   1 month ago

កម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីបានជាង 204,000 តោនក្នុងរង្វង់9ខែឆ្នាំ2020

ដំណាំស្វាយចន្ទីឆ្នាំនេះមានទីផ្សារល្អ ដែលធ្វើឱ្យកសិករទទួលបានផលចំណេញច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាក្នុងស្រុកនិងក្រៅប្រទេស រាជរដ្ឋាភិបាលបានអំពាវនាឱ្យប្រជាកសិករពង្រីកផ្ទៃដីដាំដុះដំណាំស្វាយចន្ទីនេះឱ្យបានច្រើន ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដំណាំចន្ទីមានតម្លៃនិងទីផ្សារល្អ បើយើងធៀបទៅនឹង3 ឬ4 ឆ្នាំមុន។ ដោយសារតែតម្លៃទីផ្សារ ល្អបានធ្វើឱ្យបងប្អូនប្រជាកសិករដាំដំណាំ ប្រភេទនេះមានការ សប្បាយចិត្ត ហើយធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរជាងមុន។នេះបើតាមការឱ្យដឹងពីលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោកឧកញ៉ា លឹម ហេង បានឱ្យភ្នាក់ងារAMSឱ្យដឹងថា៖«សព្វថ្ងៃនេះរយៈពេលឆ្នាំនេះដំណាំចន្ទី មានតម្លៃនិងទីផ្សារល្អ ក្រុមហ៊ុនបានបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងតម្លៃចន្លោះពី ជាង1,650 ដុល្លារទៅ 2,000 ដុល្លារ ក្នុងមួយតោនដែលកាលពី3ទៅ4ឆ្នាំមុន ពុំទទួលបានតម្លៃដូច្នេះទេ។គឺមានតម្លៃខ្ពស់គួរសមបើធៀបនឹងឆ្នាំកន្លងទៅ ដែលចុះទាបមែនទែន»។

លោកឧកញ៉ាបានបញ្ជាក់ទៀតថា៖«កន្លងមកគ្រាប់ស្វាយចន្ទី ត្រូវបានគេដឹងថា គឺមានភាគច្រើនត្រូវបាននាំចេញគ្រាប់ស្រស់ទៅកាន់ទីផ្សារប្រទេសវៀតណាម ហើយវៀតណាមបានយកទៅកែច្នៃបន្តដើម្បីវេចខ្ចប់នាំចេញទៅលក់នៅក្រៅប្រទេស។ ហើយភាគច្រើន វៀតណាមទិញគ្រាប់ស្វាយចន្ទីពីអាហ្វ្រិកមានតម្លៃថ្លៃ ហើយតាមការបញ្ជាក់ពីឈ្មួញ គ្រាប់ស្វាយចន្ទី ពីតំបន់អាហ្វ្រិក គឺមិនមានគុណភាពល្អ ដូចគ្រាប់ស្វាយចន្ទីពីកម្ពុជាយើងនោះទេ»។

ជាមួយគ្នានេះដែរលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd របស់ជប៉ុន បានឱ្យដឹងថាកន្លងមកនេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីកសិកម្មកម្ពុជា លោកបានឱ្យដឹងថាតាមរយៈការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA ក្រុមហ៊ុនរបស់ខ្លួនបានធ្វើការសិក្សាស្រាវជ្រាវអំពីសក្តានុពលដំណាំស្វាយចន្ទីកម្ពុជា ហើយលទ្ធផលនៃការសិក្សាគឺបានធ្វើតេស្តសាកល្បងរស់ជាតិគ្រាប់ស្វាយចន្ទីផលិតនៅកម្ពុជា ដោយប្រជាជនជប៉ុន បង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីរបស់វៀតណាម ឥណ្ឌា និងអាហ្វិ្រក។
លោកឧកញ៉ាបានឱ្យដឹងដែរថា៖«ប៉ុន្តែឥឡូវយើងមានក្រុមហ៊ុន 2-3ដែលបកសម្បក គ្រាប់ស្វាយចន្ទី និងវេចខ្ចប់ជាស្រេចសម្រាប់ការនាំចេញទៅបរទេស»។

លោកឧកញ៉ាលឹម ហេងបានបញ្ជាក់ថា៖«ខ្ញុំជឿថានៅក្នុងពាណិជ្ជកម្មទីផ្សារសេរី ប្រហែលជា យើងនឹងប្រឹងប្រែងដើម្បីដំណាំមួយនេះទទួលបានលទ្ធផលល្អនៅលើទីផ្សារអន្តរជាតិទោះបីយើងនៅមានជាប់អនុស្សរណយោគយល់ជាមួយវៀតណាមក៏ដោយ»។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នៅក្នុងរង្វង់9ខែ ឆ្នាំ2020នេះ កម្ពុជាអាចសម្រេចបានការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីបានប្រមាណជា 204,000 តោន។
យោងទៅតាមតួលេខដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់ឱ្យដឹងថាការនាំ ចេញនូវផលិតផលកសិកម្មជា គ្រាប់ស្វាយចន្ទី សម្រេចបាន 204208 តោន មានកំណើន 20.5%។

ប្រភពដដែលបានបញ្ជាក់ថា ការនាំចេញផលិតផលជាគ្រាប់ស្វាយចន្ទីនេះគឺ ទៅកាន់ប្រទេសចំនួន10 នៅក្នុងនោះ អាស៊ានមានពីរប្រទេស អាស៊ីខាងកើត និង ប្រទេសអឺរ៉ុបមួយចំនួន ។ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេស វៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េ តួគី និង បង់ក្លាដេស៕