Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​ទ្រឹស្តី​ទំនាក់ទំនង​អន្តរជាតិ​ពាក្យ​ «ផលប្រយោជន៍​ជាតិ​ ​និង សិទ្ធិ​អធិបតេយ្យ»​ គឺជា

Sang Kim | Oct 28, 2020
​ទ្រឹស្តី​ទំនាក់ទំនង​អន្តរជាតិ​ពាក្យ​ «ផលប្រយោជន៍​ជាតិ​ ​និង សិទ្ធិ​អធិបតេយ្យ»​ គឺជា
Clinic narith

ក្នុង​ទ្រឹស្តី​ទំនាក់ទំនង​អន្តរជាតិ​ពាក្យ​ «​ផលប្រយោជន៍​ជាតិ​» ​និង «​សិទ្ធិ​អធិបតេយ្យ​» គឺជា​ពាក្យ​គន្លឹះ​ដែល​មាន​សារៈសំខាន់​ក្នុង​ការកំណត់​គោល​ជំហរ និង​ឥរិយាបថ​របស់​ប្រទេស​មួយ​ចំពោះ​ប្រទេសមួយ​ផ្សេងទៀត​។

ចំពោះ​ពាក្យ «​ផលប្រយោជន៍​ជាតិ​» គេ​តែងតែ​និយាយ​យ៉ាង​សាមញ្ញ​ថា «​គ្មានទេ​មិត្តភាព ឬ​សត្រូវ​អចិន្រៃ្តយ៍​គឺ​មាន​តែ​ផលប្រយោជន៍​អចិន្រៃ្តយ៍​»​។ អាមេរិក និង ចិន មាន​មនោគមន៍វិជ្ជា​ខុសគ្នា​ក៏​គង់​អាច​ចាប់ដៃ​ល្អូកល្អិន​នឹង​គ្នា​បាន​ក្នុង​រដ្ឋបាល​ប្រធានាធិបតី និក​សុន និង​រដ្ឋបាល​បន្តបន្ទាប់​មកទៀត​។

ពេលខ្លះ​ទំនាក់ទំនង​ការទូត​អាច​មាន​ភាពល្អក់​កករ​មួយរយៈកាល ដោយសារ​តែ​និន្នាការ​របស់​ថ្នាក់ដឹកនាំ​ ឬ​គណបក្ស​នយោបាយ​។ ឧទាហរណ៍ ចិន និង​ជប៉ុន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ធំធេង​ណាស់​ប៉ុន្តែ​ជួនកាល​ទៅ​ស្និទ្ធ​គ្នា​ជួល​កាល​ទៅ​ព្រងើយកន្តើយ​នឹង​គ្នា គ្មាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្លូវការ​ទៅវិញ​ទៅមក​មួយរយៈ​។

 ជាមួយ​នឹង​ភាពមិន​ស្ថិតស្ថេរ​នៃ​មិត្តភាព និង​ជម្លោះ​អ្វី​ដែល​សំខាន់​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​ដែរ​នោះ​គឺថា​មិត្ត​របស់​មិត្ត មិន​ប្រាកដ​ថា​ជា​មិត្ត​របស់​យើង ហើយ​សត្រូវ​របស់​មិត្ត​ក៏​មិន​ប្រាកដ​ថា ជាស​ត្រូវ​របស់​យើង​ដែរ​។ ឧបមាថា បើ​ចិន​​ និង​អាមេរិក​ឈ្លោះ​គ្នា តើ​កម្ពុជា​ឈ្លោះ​គ្នា​ជាមួយ​គេ​ដែរ​ឬ​យ៉ាងណា​? បើ​ឥណ្ឌា និង​ប៉ាគីស្ថាន​ឈ្លោះ​គ្នា តើ​កម្ពុជា​ឈ្លោះ​គ្នា​ជាមួយ​គេ​ដែរ​ឬ​យ៉ាង​ម៉េច​?

បើ​អឺរ៉ុប និង​អាមេរិក​ស្អប់​ចិន តើ​កម្ពុជា​ត្រូវ​ស្អប់​ចិន​តាម​គេ​ដែរ​មែន​ទេ​? តើ​ផលប្រយោជន៍​កម្ពុជា​នៅឯណា​ហើយ​តើ​ផលប្រយោជន៍​អឺរ៉ុប និង​អាមេរិក​នៅឯណា​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​? ចម្លើយ​គឺ​ប្រាកដ​ណាស់​ថា មិន​ដូចគ្នា​ទេ​។

ឥឡូវ​យើង​ក្រឡេក​មក​មើល​ពាក្យ «​សិទ្ធិ​អធិបតេយ្យ​» វិញម្តង​។ សិទ្ធិ​អធិបតេយ្យ​គឺជា​សិទ្ធិ​ក្នុង​ការសម្រេច​ជោគវាសនា និង​គោលជំហរ​របស់​ប្រទេស​ខ្លួន​ដោយ​ផ្អែកលើ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​។ មិនមែន​បរទេស​ថា ទៅ​លិចទៅ​លិច ទៅ​កើត​ទៅ​កើត ហើយ​កម្ពុជា​អង្គុយ​ចាំតែ​ធ្វើតាម​គេ​ថា​នោះទេ ព្រោះ​ផលប្រយោជន៍​របស់​ប្រទេស​នីមួយៗ​មិន​ដូចគ្នា​ទេ​។

ឧទាហរណ៍​ជាក់ស្តែង​ក្នុងពេល​បច្ចុប្បន្ន យើង​សង្កេតឃើញ​ថា តាម​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​ដែល​ភាគច្រើន​លើសលប់​គ្រប់គ្រង​ដោយ​បស្ចិមប្រទេស​ គេ​តែងតែ​បណ្តុះបង្អាប់​ប្រទេស​ចិន ហើយ​សូម្បីតែ​កម្ពុជា ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​ក៏​គេ​ផ្សាយ​ចោទប្រកាន់​ហាក់ដូចជា​កម្ពុជា​ជា​ពិរុទ្ធជន​ ឬ​ប្រទេស​គ្មាន​ក្រមសីលធម៌ ហើយ​គ្មាន​អធិបតេយ្យ​ជាតិ​របស់ខ្លួន​។

 នៅពេល​កម្ពុជា​ទទួល​ជំនួយ​ពី​ចិន គេ​ហៅថា​ជា​ជំនួយ​ដើម្បី​គាំទ្រ​ «​របប​ក្រុងភ្នំពេញ​»​។ ពេល​កម្ពុជា​ទទួល​កម្ចី​ពី​ចិន គេ​ចោទ​ថា​ជា «​អន្ទាក់​បំណុល​»​។ ពេល​ចិន​វិនិយោគ​សង់​កំពង់ផែ ឬ​ព្រលានយន្តហោះ​គេ​ថា ប៉ះពាល់​សន្តិសុខ និង​ស្ថិរភាព​តំបន់​។ សូម្បីតែ​ពេល​កម្ពុជា​តែងតាំង​ជនជាតិ​ចិន​ធ្វើ​ជា​ទីប្រឹក្សា ក៏​គេ​ចាត់ទុក​ថា គ្រោះថ្នាក់​ដែរ ទោះបី​ជា​ជនជាតិ​ចិន​នោះ​គឺជា​ម្ចាស់​វិនិយោគ​រាប់រយ​លាន​ដុល្លារ​ និង​បាន​បរិច្ចាគ ៥០ ​ម៉ឺន​ដុល្លារ នៅពេល​កម្ពុជា​ជួប​គ្រោះអាសន្ន​ទឹកជំនន់​ក្តី​។

អ៊ីចឹង​សួរថា តើ​កម្ពុជា​មិនអាច​វិនិច្ឆ័យ​បាន​ខ្លួនឯង​ទេ​ឬ​ថា កម្ចី​មួយណា​មាន​ការប្រាក់​ខ្ពស់ ឬ​ទាប​? ឬក៏​មិនដឹង​ទេ​ថា​ខ្លួន​មាន​សមត្ថភាព​សង​ប៉ុនណា​? តើ​កម្ពុជា​មិន​អាច​សម្រេច​លើ​ការកសាង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ស្រុក​របស់ខ្លួន​ដែរ​មែន​ទេ​? បាន​ជំនួយ​ពី​ចិន​ដើម្បី​កសាង​ផ្លូវ និង​ស្ពាន តើ​ដើម្បី​តែ​ប្រើប្រាស់​ផ្តាច់មុខ ដោយ​រដ្ឋាភិបាល​ឬ​យ៉ាងណា​? តើ​កម្ពុជា​មិនចេះ​ច្រណែន​ចង់បាន​សម្រាប់​ប្រទេស​ខ្លួន​ទេ​ឬ នៅពេល​ដែល​ប្រទេស​ជិតខាង​គេ​មាន​កំពង់ផែ​ទឹក​ជ្រៅ​ជាច្រើន​ទទួល​កប៉ាល់​ដឹកទំនិញ និង​ទេសចរណ៍​ធំៗ​ហើយ​មាន​ព្រលាន​យន្តហោះ​ដែល​អាច​ទទួល​យន្តហោះ​ទំហំ​យក្ស​ចុះ​បានដែរ​នោះ​? តើ​កម្ពុជា​ពិតជា​មិនអាច​ធ្វើការ​វិនិច្ឆ័យ​បាន​ដោយ​ខ្លួនឯង​មែន​ទេ​ថា មិត្ត​ណា​ជួយ មិត្ត​ណា​មិន​ជួយ​កម្ពុជា​នោះ​? តើ​កម្ពុជា​មិនអាច​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ប្រយោជន៍​ទៅវិញ​ទៅមក​ជាមួយ​ប្រទេស​ជា​មិត្ត​ដែរ​មែន​ទេ​? 

កម្ពុជា​ជួល​ដី​ឱ្យ​ចិន គេ​ថា បាត់បង់​អធិបតេយ្យ​ដែរ ចុះ​កាល​អឺរ៉ុប​ដាក់​អាណានិគម​នៅ​អាស៊ី និង​អាហ្វ្រិក​គេ​ចាប់យក​ប្រទេស​ទាំងមូល មិន​ដែល​បង់លុយ​ឱ្យ​ប្រទេស​ម្ចាស់​ស្រុក​ផង មាន​តែ​យកពន្ធ និង​យក​ប្រជាជន​ធ្វើជា​ទាសករ​ថែមទៀត​នោះ គេ​បរិយាយ​ដូចម្តេច​វិញ​ទៅ​? ​តើ​ចិន​មាន​ដែល​ដាក់​ពន្ធ​លើ​កម្ពុជា​ពី​អង្កាល់ណា​? តើ​ចិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា​ពី​អង្កាល់ណា​? តើ​ចិន​ចង់​គ្រប់គ្រង​ដី​កម្ពុជា​ពី​អង្កាល់ណា​? តើ​កម្ពុជា​ឱ្យ​ចិន​គ្រប់គ្រង​ដី​ពី​អង្កាល់ណា​? នេះ​គឺជា​ការទាក់ទង​ដែល​មាន​ប្រយោជន៍​ទៅវិញ​ទៅមក មិនមែន​មាន​ប្រយោជន៍​តែ​ម្ខាង ដោយ​បំពាន​នោះទេ​។ បើ​ចិន​រកស៊ី​ចំណេញ​គេ​នៅ​ហើយ បើ​មិន​ចំណេញ​គេ​វេចបង្វេច​ទៅ​ស្រុក​គេ​វិញ គឺជា​រឿង​ធម្មតា​។

ពេល​ខ្លះ​គេ​តែងតែ​និយាយថា​គេ​មិន​បង្ខំ​ឱ្យ​កម្ពុជា​កាន់ជើង​ប្រទេស​ណាមួយ​នោះទេ ហើយ​គេ​មានបំណង​ជួយ​ពង្រឹង និង​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា​។ ប៉ុន្តែ​តាមរយៈ​ការរិះគន់​បន្តុះបង្អាប់​រាល់​ទង្វើ​របស់​កម្ពុជា​ និង​ការសម្រេចចិត្ត​របស់​កម្ពុជា នោះ​គឺជា​ការដាក់​សម្ពាធ​ដោយ​ប្រយោល​ដែល​រារាំង​ដល់​សិទ្ធិ​ស្វ័យ​សម្រេច​ និង​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា​ក្នុង​ការរាប់អាន​មិត្ត​របស់ខ្លួន​។ ការវាយប្រហារ​ចោទប្រកាន់​មកលើ​កម្ពុជា គឺ​ស្មើនឹង​ការចោទ​ថា កម្ពុជា​គ្មាន​សមត្ថភាព​ធ្វើការ​សម្រេច​លើ​អធិបតេយ្យភាព​របស់ខ្លួន​។

 កម្ពុជា​ត្រូវមាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត ដោយ​ផ្អែកលើ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​។ កម្ពុជា​មិនអាច​ស្តាប់​មិត្ត​ម្ខាង ហើយ​ទៅ​ស្អប់​មិត្ត​ម្ខាង​នោះទេ​។ ប្រទេស​ទាំងអស់​ក្នុង​លោក​តែងតែ​ប្រកាន់យក​ផលប្រយោជន៍​ជាតិ​របស់ខ្លួន​ជាធំ​។ 

កម្ពុជា​ក៏​ដូចគ្នា​ដែរ​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ កម្ពុជា​ត្រូវ​សម្រេច​លើ​ជោគវាសនា​ដោយ​ខ្លួនឯង​និង​មាន​សិទ្ធិ​ជ្រើសរើស​មិត្ត និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ដែលមាន​ប្រយោជន៍​ចំពោះ​ប្រជាជន ចំពោះ​ឱកាស​ការងារ​ចំពោះ​នយោបាយ និង​ចំពោះ​សេដ្ឋកិច្ច​របស់ខ្លួន​។ ការធ្លាក់​ចូលក្នុង​អន្ទាក់​នៃ​ជម្លោះ​ដែល​មិន​ស្ថិតស្ថេរ​ហើយ​ដែល​បម្រើ​ផលប្រយោជន៍​ឱ្យ​ប្រទេស​ដទៃ​មិនមែន​ជា​ការសម្រេចចិត្ត​ដោយ​ឈរលើ​សិទ្ធិ​អធិបតេយ្យ និង​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​នោះទេ ហើយ​ការចាប់​បង្ខំ​ឱ្យ​កាន់ជើង​ភាគី​ណាមួយ​ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី គឺជា​ការបំពាន​លើ​សិទ្ធិ​សម្រេច​អធិបតេយ្យ​របស់​ប្រទេស​ដែល​ប្រទេស​នីមួយៗ​មិន​ចង់បាន​សោះឡើយ​៕

ដោយ ស៊ឹម វីរៈ ​ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)