Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ បានជោគជ័យមិនមែនជារឿងចៃដន្យទេ គឺដោយសារកត្តា៦យ៉ាង

Sang Kim | Nov 21, 2020
កម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ បានជោគជ័យមិនមែនជារឿងចៃដន្យទេ គឺដោយសារកត្តា៦យ៉ាង
Clinic narith

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ចាប់តាំងពីថ្ងៃទី២៧ ខែមករា រហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ ចំនួន ៣០៤នាក់ ដែលក្នុងនោះមាន ២៩៤នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ (៩៦.៧%) និងគ្មានករណីស្លាប់ទេ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។

បានលើកឡើងថា ការគ្រប់គ្រងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយជោគជ័យនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ គឺមានកត្តាសំខាន់ៗមួយចំនួន ដែលជំរុញឱ្យកម្ពុជាទទួលបាននូវលទ្ធផលជាទីមោទនៈនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា កត្តាសំខាន់ៗនោះមាន៦ រួមមាន៖
១៖ ការប្តេជ្ញាចិត្តខ្ពស់ និងទាន់ពេលវេលា ការដឹកនាំនិងគ្រប់គ្រងដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

២៖ ប្រព័ន្ធសុខាភិបាលដែលមានស្រាប់របស់កម្ពុជា មានសមត្ថភាពសមស្រប អាចធ្វើឱ្យកម្ពុជាយើងឆ្លើយតប បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

៣៖ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ របស់មន្រ្តីសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។

៤៖ ការចូលរួមគាំទ្រអនុវត្តយ៉ាងសកម្មរបស់ប្រជាពលរដ្ឋតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

៥៖ សាមគ្គីភាពផ្ទៃក្នុងរបស់ប្រជាជនកម្ពុជាពីគ្រប់មជ្ឈដ្ឋានទាំងស្មារតី សម្ភារ និងថវិកា ក្នុងគោលដៅរួមតែមួយ គឺទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

៦៖ កិច្ចសហប្រតិបត្តិការអន្តរជាតិល្អ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ថ្មីៗនេះភាពលេចធ្លោនៃស្នាដៃគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានកត់សម្គាល់ដោយ Bureau de Prospective Economique (BPE) តាមរយៈការវាស់វែង និងប្រៀបធៀបនូវសន្ទស្សន៍នៃការគ្រប់គ្រងស្ថានភាពរាលដាលជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសចំនួន១៦៦ នៅលើពិភពលោក, កម្ពុជាទទួលបាន ចំណាត់ថ្នាក់លេខ៣។ ដោយប្រើសន្ទស្សន៍ដដែល បើប្រៀបធៀបតែក្នុងទ្វីបអាស៉ី កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការគ្រប់គ្រងស្ថានភាពនៃការរាលដាលជំងឺកូវីដ១៩៕