Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំ សភាពាណិជ្ជកម្មអឺរ៉ុបពិចារណាលើកសិផលកម្ពុជា អាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប

Admin Alynana | Feb 16, 2021
ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំ សភាពាណិជ្ជកម្មអឺរ៉ុបពិចារណាលើកសិផលកម្ពុជា អាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប
Clinic narith

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia, The EuroCham) ដែលដឹកនាំដោយលោកប្រធាន Mr. Tassilo Brinzer។

ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់គារវកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក Tassilo Brinzer ដែលទើបត្រូវបានតែងតាំងជាប្រធាន The EuroCham ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតយលឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនប្រតិភូអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលកម្ពុជាធានាបាននូវសន្តិសុខស្បៀង ហើយបាននិងកំពុងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មានជាអាទិ៍៖ អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល។ ប៉ុន្តែទោះ ជាយ៉ាងណា សម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករ បរិមាណកសិផលនាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំលោកប្រធានថ្មីជួយពិនិត្យ ពិចារណាលើកសិផលកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាអាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនថែមទៀត។

ទន្ទឹមនឹងនេះ ជួយផ្តល់កិច្ចសហការលើការងារបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាពផលិតកម្ម មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផល ចំណីសត្វ និងចំណីត្រី ការវិនិយោគលើវិស័យធុរកិច្ច និងកែច្នៃកសិកម្ម ដើម្បីប្រមូលកសិផល បែងចែក ត្រួតពិនិត្យ និងវាយតម្លៃគុណភាព ទីណាត់ជួបរវាងអ្នកផលិត និងអ្នកបញ្ជាទិញ បង្កើតការងារ បង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ល។  

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោក Brinzer និងសហការីបន្ថែមទៀតថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីរួមគ្នារក្សាបរិយាកាសវិនិយោគលើវិស័យកសិកម្ម និងការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជាឲ្យមានលក្ខណកាន់តែល្អប្រសើរ។ 

នាឱកាសនេះ លោក Brinzer ថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានទទួលជួបរូបលោក ហើយគោលបំណងសំខាន់នៃជំនួបនាព្រឹកនេះគឺដើម្បី ពង្រឹង និងពង្រីកកិច្ចសហការរវាង The EuroCham ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាង ណារួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។

លោកបានសម្តែងសុទិដ្ឋិថា បើទោះបីកម្ពុជាបាននិងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនដូចប្រក្រតី មិនតែប៉ុណ្ណោះវាកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ធានាបានសន្តិសុខស្បៀង និងជំរុញការនាំចេញ ក្នុងខណ:វិស័យមួយកំពុងមានវិបត្តិ។ មួយវិញទៀត សហភាពអឺរ៉ុបនឹងនៅតែជាដៃគូសហការជាមួយរាជរដ្ឋសភិបាលកម្ពុជា ពិសេសក្រសួង ក្នុងការជំរុញកំណើនផលិតកម្មកសិកម្មតាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែច្នៃកសិផល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែង ស្របការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន៕