Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទូតកូរ៉េជឿជាក់ថា កិច្ចប្រជុំកំពូលP4Gនៅទីក្រុងសេអ៊ូល ជួយសំរួលដល់សកម្មភាពរួមដើម្បីដោះស្រាយនូវបំរែបំរួលអាកាសធាតុដ៏ធ្ងន់

Sang Kim | May 27, 2021
ទូតកូរ៉េជឿជាក់ថា កិច្ចប្រជុំកំពូលP4Gនៅទីក្រុងសេអ៊ូល ជួយសំរួលដល់សកម្មភាពរួមដើម្បីដោះស្រាយនូវបំរែបំរួលអាកាសធាតុដ៏ធ្ងន់
Clinic narith

លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចំាប្រទេសកម្ពុជា៖ ភពផែនដី និងប្រជាជននៅលើផែនដី កំពុងតែទទួលរងនូវបំរែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។​ ជាការពិត​ បំរែបំរួលអាកាសធាតុនេះ ត្រូវបានកើតឡើងជាចំបងដោយសកម្មភាពរបស់មនុស្ស។ យោងទៅតាម របាយការណ៏របស់អង្គការឧតុនិយមពិភពលោកស្តីពីបំរែបំរួលអាកាសធាតុឆ្នាំ២០២០​ សីតុណ្ហភាពមធ្យមសកល​ ត្រូវបានកើនឡើង១,២អង្សាសេបើប្រៀបធៀបទៅនឹងកម្រិតមុនសម័យឧស្សាហូបនីយកម្ម​(ជាមូលដ្ឋានចាប់ពីឆ្នាំ ១៨៥០​ ដល់ឆ្នាំ១៩០០​)។ ឆ្នាំ២០២០​ ទំនងជាឆ្នាំមួយ ក្នុងចំណោមឆ្នាំក្តៅបំផុតទំាងបីលើកំណត់ត្រាពិភពលោក ហើយកាលពី៦ឆ្នាំមុន ពីឆ្នាំ២០១៥​ ដល់ឆ្នាំ២០២០ ទំនងជា៦ឆ្នាំដ៏ក្តៅបំផុតលើកំណត់ត្រាពិភពលោក។ នាឆ្នំា២០១៩​ កំហាប់កាបូនឌីអុកស៊ីត បានឈានដល់កំរិតខ្ពស់ថ្មីជាង៤១០ផ្នែកក្នុងមួយលាន(ppm) ពីកម្រិត២៧០​ ដល់២៨០ppm ក្នុងយុគសម័យមុនសឧស្សាហូបនីយកម្ម ទោះបីមានការកើនឡើងបន្តិចក្នុងអត្រាកំណើនប្រចាំឆ្នាំនៃកំហាប់កាបូនឌីអុកស៊ីត​ ក្នុងបរិយាកាសទាក់ទងនឹងវិធានការណ៏ដែលបានអនុវត្ត ជាការឆ្លើយតបនឹងរោគរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០។

ផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៏ បានជួបប្រទះនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅចំពេលមានបំរែបំរួលអាកាសធាតុពិភពលោក នាខែតុលា​ និងខែវិច្ឆិកាឆ្នាំមុន។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ​ គឺភាគកណ្តាលនៃប្រទេសវៀតណាម ដែលភ្លៀងធ្លាក់ខ្លាំងនៃខ្យល់មូសុងទិសឥសាន្ត ត្រូវបានធ្វើអោយកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបន្តមានឡើងនៃខ្យល់ព្យុះស៊ីក្លូនត្រូពិក។  ទឹកជំនន់នេះ ក៏បានរាលដាលបន្ថែមទៀតនៅភាគខាងលិចនៃប្រទេសកម្ពុជា។ លើសពីនេះទៀត​ គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ បានជះឥទ្ធិពលដល់ផ្នែកជាច្រើននៃអាមេរិកខាងត្បូង និងមានភ្លើងឆេះព្រៃជាច្រើននៅទូទាំងសហរដ្ឋអាមេរិកខាងលិច និង​អូស្ត្រាលីខាងកើតក្នុងឆ្នាំ២០២០។

ប្រទេសកម្ពុជាត្រូវបានផ្តល់ជូននូវ មូលដ្ឋានធនធានធម្មជាតិដ៏សំបូរបែប។ នេះគឺជាគន្លឹះសំរាប់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតរបស់ប្រជាជន។ ប៉ុន្តែវាត្រូវបានគំរាមកំហែងដោយបំរែបំរួលលក្ខខណ្ឌអាកាសធាតុ។ ដោយឡែក បំរែបំរួលលក្ខខណ្ឌអាកាសធាតុ បង្កការគំរាមកំហែងជាបន្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទន្លេមេគង្គ​ និងអាងទន្លេសាប។ អាងទំាងនេះត្រូវបានកំណត់ដោយ​ ធារាសាស្ត្រសន្ទុះទឹកជំនន់ ដែលមានបំរែបំរួលដ៏សំខាន់នៃកំរិតទឹកនាចន្លោះរដូវវស្សា និងរដូវប្រំាង។ ប្រព័ន្ធសន្ទុះទឹកជំនន់ធ្វើអោយមានព្រៃលិចទឹក វាលស្មៅ និងសើម ក៏ដូចជាជលផលទឹកសាបដ៏សំបូរបែប​​ និងមានផលិតភាពបំផុតរបស់ពិភពលោក។ វាក៏មានការផ្គត់ផ្គង់ដ៏ទូលំទូលាយ នូវធនធានទឹកសាបរបស់ប្រទេសសម្រាប់វិស័យកសិកម្មផងដែរ។ កសិកម្ម និងជលផលដែលមានចំនួន២៧ភាគរយ និង១២ភាគរយនៃផលិតផលក្នុងស្រុកសរុបនីមួយៗ គឺជាគន្លឹះនៃសន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា និងការចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាសាកល ក្នុងការដោះស្រាយបំរែបំរួលអាកាសធាតុ សាធារណរដ្ឋកូរ៉េបានប្រកាសនូវផែនការមហិច្ឆតារបស់ខ្លួន ដើម្បីសម្រេចគោលដៅនៃអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០។ យោងទៅតាម សេចក្តីប្រកាសកាលពីឆ្នាំមុន របស់ដំណោះស្រាយសភា ដែលបានដាក់ចេញផែនការដ៏ធំមួយ សម្រាប់ការដោះស្រាយបំរែបំរួលអាកាសធាតុ រដ្ឋាភិបាលកូរ៉េមានគំរោងវិនិយោគ៦២ពាន់លានដុល្លារ​ ក្នុងគម្រោងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺកូវីដ១៩។ ផែនការមួយចំនួនរួមមាន​ ការបំលែងឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើកាបូនភាគច្រើននៅក្នុងប្រទេស ឲ្យទៅជាប្រព័ន្ធកាបូនទាប និងការជំរុញការប្រើប្រាស់ប្រភពថាមពលមិនមែនផូស៊ីល ដូចជាថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងថាមពលវារីអគ្គិសនី។

នៅក្នុងបរិបទនេះ​​ សាធារណរដ្ឋកូរ៉េនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលP4Gលើកទីពីរ តាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី៣០​ និង៣១ ខែឧសភា ឆ្នាំនេះ ក្រោមប្រធានបទការស្តារឡើងវិញប្រកបដោយពណ៌បៃតង ឆ្ពោះទៅរកអព្យាក្រឹត្យភាពកាបូនP4Gដែលតំណាងអោយ ដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យP4Gធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ ទំាងនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាធាតុដ៏សំខាន់ក្នុងការឆ្លើយតបជាសកលចំពោះបំរែបំរួលអាកាសធាតុ។

កិច្ចប្រជុំកំពូលP4Gនៅទីក្រុងសេអ៊ូល នឹងបង្កើតសន្ទុះថ្មីសំរាប់ការពិភាក្សាលើបញ្ហាសំខាន់ៗ ខណៈប្រទេសនានាត្រៀមរៀបចំ សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៃភាគីនានាលើកទី២៦ (COP26) ដែលនឹងត្រូវបានធ្វើឡើងនៅទីក្រុងក្លាសហ្គោ (Glasgow) ប្រទេសអង់គ្លេស នាខែវិច្ឆិកាឆ្នាំនេះ។ កិច្ចប្រជុំកំពូលទីក្រុងសេអ៊ូល នឹងរួមបញ្ចូលកិច្ចពិភាក្សាថ្នាក់ដឹកនាំ ដែលមានការពិភាក្សាផ្ទាល់ក្នុងចំណោមមេដឹកនំា និងកិច្ចប្រជុំមេដឹកនំា ដែលសារវីដេអូដែលបានថតទុកជាមុនដោយអ្នកដឹកនំា នឹងត្រូវបានបង្ហាញ។ លោកប្រធានាធិបតី មូន​ ចេអ៊ីន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋប្រមាណ៦០នាក់ និងថ្នាក់ដឹកនំានៃអង្គការអន្តរជាតិនានា នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។ កិច្ចសន្ទនា និងកិច្ចប្រជុំរបស់ថ្នាក់ដឹកនំា អាចត្រូវបានចូលទស្សនាដោយសាធារណជន តាមរយៈប្រព័ន្ធអនឡាញកិច្ចប្រជុំកំពូលP4Gនៅទីក្រុងសេអ៊ូលឆ្នំា២០២១។   

យើងជឿជាក់ថា កិច្ចប្រជុំកំពូលP4Gនៅទីក្រុងសេអ៊ូល ដែលចូលរួមទាំងវិស័យសាធារណៈ និងឯកជនក្នុងការវិនិយោគលើដំណោះស្រាយផ្លាស់ប្តូរ នឹងផ្តល់នូវវេទិកាពិភពលោកដ៏សំខាន់ សំរាប់តួអង្គសំខាន់ៗទំាងអស់ ដើម្បីជួយសំរួលដល់សកម្មភាពរួម ដែលត្រូវការដើម្បីដោះស្រាយនូវបំរែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ៕