Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
KW
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe

បញ្ហាជំងឺកូវីដ-១៩ មិនអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរ៉ែមាសនៅកម្ពុជាឡើយ

Sang Kim | May 28, 2021
បញ្ហាជំងឺកូវីដ-១៩ មិនអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរ៉ែមាសនៅកម្ពុជាឡើយ
Kw gift

 

(ភ្នំពេញ)៖ បញ្ហាជំងឺកូវីដ-១៩ មិនអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរ៉ែមាស របស់ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd លើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ នេះបើតាមការឲ្យដឹងពីលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ។

ក្រុមហ៊ុននេះធ្លាប់បានបញ្ជាក់ហើយថា ខ្លួននឹងចាប់ផ្តើមដំណើរការផលិតកម្មរ៉ែមាស ជាលើកដំបូង នៅឆ្នាំ២០២១នេះ ដែលអាចទទួលបាន ក្នុងបរិមាណ១០ម៉ឺនអោន ក្នុង១ឆ្នាំ (ប្រហែល៣តោន)។

លោក យស មុនីរ៉ាត់ បានបញ្ជាក់ឲ្យដឹងថា បើទោះបីបច្ចុប្បន្នប្រទេសកម្ពុជា កំពុងជួបប្រទះនូវបញ្ហាកូវីដ-១៩ យ៉ាងណាក្ដី ប៉ុន្ដែគម្រោងរបស់ក្រុមហ៊ុន Renaissance Minerals មិនមានការប្រែប្រួលនោះទេ។

លោក យស មុនីរ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា «មកទល់ពេលនេះ គឺដំណើរការសាងសង់ នឹងឈានទៅដល់ផលិតកម្ម ក្នុងពេលខាងមុខនេះ មិនទាន់មានសញ្ញាបង្ហាញថា នឹងមានការយឺតយ៉ាវនោះទេ ដូច្នេះអ្វីៗវាដំណើរការទៅតាមផែនការដែលបានគ្រោងទុក»។

លោកបានឲ្យដឹងថា បញ្ហាកូវីដ-១៩ បានជះឥទ្ធិពលដល់ដំណើរការរបស់ក្រុមហ៊ុន ក្នុងកម្រិតតិចតួចបំផុត ហើយការប៉ះពាល់នេះដោយសារតែអ្នកជំនាញ ការបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជា តម្រូវឲ្យចត្ដាឡីស័ក្ដ ដែលធ្វើឲ្យគម្រោងមានការយឺតបន្ដិច។

លោក យស មុនីរ៉ាត់ បានបញ្ជាក់ថា «ប្រសិនជាតាមផែនការ គឺមិនមានការយឺតយ៉ាវទេ អាចនឹងដំណើរការផលិតកម្មរ៉ែមាស នៅក្នុងឆ្នាំ២០២១នេះហើយ [...] អាចនៅដើម ឬកណ្ដាលត្រីមាសទី៣ ឆ្នាំ២០២១ យើងនឹងទទួលបានផលិតកម្មហើយ»។

បន្ថែមពីនោះទៀត លោក យស មុនីរ៉ាត់ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងរ៉ែ និងថាមពល អនុវត្ដការងារជាមួយគ្នាយ៉ាងល្អ និងបានការពារនៅក្នុងការដ្ឋានផលិតកម្មរ៉ែមាស បានយ៉ាងល្អប្រសើរផងដែរ ដោយមិនមានបញ្ហាជំងឺកូវីដ១៩ ចូលមកក្នុងការដ្ឋាននោះឡើយ។

លោក យស មុនីរ៉ាត់ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានជ្រើសរើសប្រទេសអូស្រ្ដាលី និងប្រទេសសិង្ហបុរីជាទីតាំង ដើម្បីយករ៉ែមាស ដែលទាញយកបាននោះទៅចម្រាញ់។

ទន្ទឹមគ្នានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ បានលើកឡើងថា ការអាចទាញយកបាននូវរ៉ែមាសនេះ វានឹងជួយជំរុញដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងធ្វើឲ្យចំណូលរដ្ឋមានកើនឡើង សម្រាប់អភិវឌ្ឍន៍ប្រទេស។

សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា ហើយបើតាមផែនការក្រុមហ៊ុន អាចផលិតមាសបាន ប្រហែល១០០ពាន់អោន ក្នុងមួយឆ្នាំ៕fn-2021-02-04-16-10-11-3fn-2021-02-04-16-10-11-5fn-2021-02-04-16-10-11-2fn-2021-02-04-16-10-11-0