Alynana Media Cambodia

Banner ads header
Icon Collap
...
Home / រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធអប្បបរមា រយៈពេល៣ខែបន្ថែមទៀត ដល់ក្រុមហ៊ុនអាកាសចរណ៍ចុះបញ្ជីនៅកម្ពុជា

រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធអប្បបរមា រយៈពេល៣ខែបន្ថែមទៀត ដល់ក្រុមហ៊ុនអាកាសចរណ៍ចុះបញ្ជីនៅកម្ពុជា

រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធអប្បបរមា រយៈពេល៣ខែបន្ថែមទៀត ដល់ក្រុមហ៊ុនអាកាសចរណ៍ចុះបញ្ជីនៅកម្ពុជា
182   30-06-2021   1 month ago

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលសម្រេច បន្តលើកលែងការបង់ពន្ធអប្បបរមា៣ខែបន្ថែមទៀត ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។

នេះបើតាមសេចក្តីណែនាំ អំពីវិធានការបន្ថែម លើការគ្រប់គ្រងផលប៉ះពាល់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៩) របស់រាជរដ្ឋាភិបាលនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្រៅពីបន្តលើកលែងការបង់ពន្ធអប្បបរមាហើយនោះ រាជរដ្ឋាភិបាល ក៏បានសម្រេចបន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់៣ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍ទាំងនោះរៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាលក្រោយពីរយៈពេលពន្យារនេះ។

ការទទួលបានការអនុគ្រោះផ្នែកពន្ធ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ត្រូវបានអ្នកជំនាញផ្នែកទេសចរណ៍ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា «នេះជាការចូលរួមចំណែក យ៉ាងធំធេងដល់វិស័យឯកជន ក្នុងការកាត់បន្ថយការចំណាយ ព្រោះជំងឺកូវីដ១៩ នៅបន្ដអូសបន្លាយ និងមិនទាន់កំណត់បានថាពេលណាត្រូវបញ្ចប់នោះឡើយ។ ទោះបីថា អាជីវកម្មមួយចំនួនត្រូវបានបិទ ប៉ុន្ដែនៅបន្ដការចំណាយ ដើម្បីរក្សារបស់ទ្រព្យសម្បត្តិឲ្យគង់វង្ស ដូច្នេះម្ចាស់ស្ថាប័នត្រូវបន្ដការចំណាយរបស់ខ្លួន»។

លោកបញ្ជាក់ថា «នៅពេលមានការបន្ដបន្ធូរបន្ថយ និងការជួយពីរាជរដ្ឋាភិបាល ដល់វិស័យឯកជន ជាការរួចំណែកក្នុងការកាត់បន្ថយ ក្នុងការចំណាយរបស់ពួកគាត់បានខ្លះៗ ដែលធ្វើឲ្យពួកគាត់នៅមានដង្ហើមតិចៗ រក្សានិរន្ដភាពអាជីវកម្មរបស់ខ្លួន ដើម្បីអាចមានលទ្ធភាពបើកឡើងវិញខ្លះ នៅពេលស្ថានភាពបានធូរស្បើយ។ ដូចបច្ចុប្បន្ននេះឃើញថា ដំណើរការនៃអាជីវកម្មមួយចំនួន គឺមិនបានទទួលបានចំណូលទាល់តែសោះ តំបន់ខ្លះតាមរយៈការជំរុញទេសចរណ៍ក្នុងស្រុក អាចបើកអាជីវកម្មខ្លះៗបាន ប៉ុន្ដែតំបន់ខ្លះ គឺមិនទទួលបានសោះតែម្ដង ដូចជាខេត្តសៀមរាបជាដើម»។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ការជួយរបស់រាជរដ្ឋាភិបាលនេះ មិនត្រឹមតែជួយ ដល់ការបន្ថយការចំណាយរបស់ម្ចាស់អាជីវកម្មនោះទេ ប៉ុន្ដែបានជួយដល់កម្មករ ដែលត្រូវបានកាត់ប្រាក់បៀវត្សជាដើម។ នេះជាការជួយឲ្យអាជីវកម្មទេសចរណ៍នៅកម្ពុជា អាចបន្ដនិរន្ដភាពរបស់ខ្លួនបាន៕