Alynana Media Cambodia

Banner ads header
Icon Collap
...
Home / អង្គការ FAO៖ ពិភពលោក​​មិនអាច​​លុបបំបាត់​ភាពអត់​ឃ្លាន​នៅ​ឆ្នាំ​២០៣០ បានទេ

អង្គការ FAO៖ ពិភពលោក​​មិនអាច​​លុបបំបាត់​ភាពអត់​ឃ្លាន​នៅ​ឆ្នាំ​២០៣០ បានទេ

អង្គការ FAO៖ ពិភពលោក​​មិនអាច​​លុបបំបាត់​ភាពអត់​ឃ្លាន​នៅ​ឆ្នាំ​២០៣០ បានទេ
171   06-07-2021   3 weeks ago

ការលុបបំបាត់​ភាព​អត់ឃ្លាន​នៅឆ្នាំ ២០៣០ ដែល​ជា​កម្មវត្ថុ​សហវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ ទំនង​មិនអាច​សម្រេច​ទៅ​បាន​ដូច​បំណង​ប្រាថ្នា​ទេ។ វិបត្តិ​កូវីដ​១៩ បាន​ចូល​មក​បង្អាក់​និង​រុញ​ពិភពលោក​ឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ខ្វះ​អាហារ​កាន់​តែ​ធ្ងន់ធ្ងរទៅ​វិញ​។ នេះ​បើ​តាម​របាយការណ៍​រួម​របស់​ទីភ្នាក់ងារ​ស្បៀងអាហារអង្គការ​សហប្រជាជាតិ(FAO)  និង​អង្គការ កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច OCDE ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទទី ៥ កក្កដា ២០២១។

វិស័យ​កសិកម្ម​និង​ចំណី​អាហារ​ ធន់​នឹង​វិបត្តិ​កូវីដ​១៩ ជាង​វិស័យ​សេដ្ឋកិច្ចផ្សេងៗ​មែន ប៉ុន្តែ ឥទ្ធិពល​នៃ​ការ​បាត់​បង់​ចំណូល បូក​ផ្សំ​នឹង​វិបត្តិ​អតិផរណា (តម្លៃស្បៀង​អាហារ​ឡើង​ថ្លៃ) បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​ លែង​មាន​លទ្ធភាព​​ទទួល​ទានអាហារ​គ្រប់គ្រាន់។ នេះ​បើ​តាម​របាយការណ៍​ស្តី​អំពី​ទស្សនៈវិស័យ​កសិកម្ម ដោយ​លម្អិត​ថា​កម្មវត្ថុ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ចង់​លុប​បំបាត់​ភាព​អត់​ឃ្លាន​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០ ត្រូវ​ជួប​ឧសបគ្គ។

អង្គការ​ទាំង​ពីរ​ប្រមើល​ឃើញ​​ថា នៅ​១០​ឆ្នាំខាង​មុខ សេចក្តីត្រូវការស្បៀង​អាហារ​ជា​មធ្យម​នៅ​លើ​ពិភពលោក នឹង​កើន​ឡើង​៤% ប៉ុន្តែ​កំណើន​មាន​ជា​សំខាន់​តែនៅក្នុងបណ្តា​ប្រទេស​មាន​ចំណូលមធ្យម​។ ចំណែក​នៅ​ក្នុង​ប្រទេស​មានចំណូល​ទាប ក្រីក្រខ្លាំង ដូច​ជា​នៅ​អាហ្វ្រិក​កណ្តាល​វិញ របប​អាហារ​នៅ​តែ​ដដែល​ពុំ​បានប្រសើរ​ឡើង​​ទេ ពោល​គឺ​មាន​ប្រជាពលរដ្ឋ​អាហ្វ្រិក​ប្រមាណ​ជាង ២២៤,៣​លាន​នាក់​រស់​ក្នុង​ភាព​អត់​ឃ្លាន​នៅ​ឡើយ នៅ​អំឡុង​ពេល​ពី ឆ្នាំ​២០១៧-២០១៩។ ហើយ​នៅ​១០​ឆ្នាំ​ខាង​មុខ កំណើន​ស្បៀងអាហារ​មាន​ត្រឹម​២,៥% មាន​ន័យ​ពួកគេ​អាច​ទទួល​ទាន​អាហារ​មាន​ជីវជាតិ​និង​ថាមពល​ត្រឹម​តែ​២៥០០Kcal/ក្នុង​មួយ​ថ្ងៃ តែប៉ុណ្ណោះ នៅ​ឆ្នាំ២០៣០។

ស្តីអំពី​អាហារ​ផ្តល់​​ជាតិ​ប្រូតេអ៊ីន​ (សាច់​សត្វ) វិញ ដើម្បីបរិស្ថាន ក្រុមប្រទេសអ្នក​មាន​ចាប់​បន្ថយ​ការ​​ទទួល​ទានសាច់​ក្រហម (សាច់គោ សាច់​ជ្រូក សាច់​ចៀម...) ដោយ​ងាក​ទៅ​រក​សាច់​បក្សី អាហារ​ធ្វើ​ទឹក​ដោះ​។ ប៉ុន្តែ​សេចក្តីត្រូវការ​ផ្នែក​ចិញ្ចឹម​សត្វ យកសាច់ និង​ចិញ្ចឹម​ត្រី កើន​ឡើងខ្លាំងនៅក្នុង​បណ្តា​ប្រទេស​មាន​ចំណូលមធ្យម។ ការ​បរិភោគ​សាច់​នឹង​កើន​ឡើង​១១%​ ប្រទេសមានចំណូល​មធ្យម ​ដោយ​មាន​​គំលាត​ជាមួយ​ប្រទេស​អ្នកមាន​​ត្រឹមតែ​៤% នៅ​ឆ្នាំ​២០៣០ ពោល​គឺ​ពលរដ្ឋម្នាក់​ទទួល​ទាន​សាច់​ជាមធ្យម​៣០ក្រាមម្នាក់/ថ្ងៃ។

 

ប៉ុន្តែបន្ទាប់​ពី​​បាន​ឡើង​ថ្លៃ​ តាំងពី​ពាក់​កណ្តាលឆ្នាំ​២០២០មក តម្លៃផលិតផល​កសិកម្ម​និង​ស្បៀង​អាហារ នឹងត្រូវ​ធ្លាក់​ចុះ​មក​វិញ​បន្តិច នៅ​ទសវត្សរ៍​ខាងមុខ ព្រោះ​​​​ផលិតផលកសិកម្មពិភពលោក​នឹង​កើន​ឡើង​១,៤%​ ចំណែក​សេចក្តីត្រូវការ​របស់​ចិន​ក៏​នឹង​បន្ថយ​ល្បឿន​។ នេះ​បើ​តាម​ការ​ព្យាកររបស់​អង្គការ​FAO ​និង​អង្គការ​OCDE ដដែល៕