Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិកថា អ៊ុយក្រែនពិតជាអាចឈ្នះ នៅក្នុងសង្រ្គាមប្រឆាំងរុស្ស៊ី

Admin Alynana | Apr 07, 2022
សហរដ្ឋអាមេរិកថា អ៊ុយក្រែនពិតជាអាចឈ្នះ នៅក្នុងសង្រ្គាមប្រឆាំងរុស្ស៊ី
Clinic narith

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានវាយតម្លៃថាអ៊ុយក្រែនពិតជាអាចនឹងទទួលបាន ជ័យជម្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី បើទោះជាក្រុមមន្ត្រីអាមេរិកលើកឡើងពីហានិភ័យនៃការអូសបន្លាយសង្រ្គាមរយៈពេលវែង ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ និងជាការឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលសួរថាតើអ៊ុយក្រែនអាចយកឈ្នះលើរុស្ស៊ីដែរឬទេ។ ថ្លែងនាឱកាសនោះ លោក ចន ឃឺប៊ី បានលើកឡើងដូច្នេះថា «ជាការពិតណាស់, ពួកគេ (អ៊ុយក្រែន) អាចនឹងទទួលបានជ័យជម្នះនេះ ហើយភស្តុតាងគឺបានស្ដែងចេញពី លទ្ធផលដែលអ្នកបានឃើញជាច្រើនជារៀងរាល់ថ្ងៃ...ជាការពិតណាស់ពួកគេអាចនឹងឈ្នះ»។

គួរបញ្ជាក់ថា រុស្ស៊ី បច្ចុប្បន្ន បានប្ដូរយុទ្ធសាស្ត្រដោយងាកចេញពីរដ្ឋធានីកៀវ ទៅផ្ដោតលើតំបន់ដុនបាស់វិញ ដែលនេះធ្វើឱ្យអ្នកជំនាញ លោកខាងលិចមួយចំនួន អះអាងថារុស្ស៊ីបានបរាជ័យដោយមិនអាចសម្រេចបានឡើយនូវគោលដៅវាយកាន់កាប់រដ្ឋធានីកៀវ និងផ្ដួលរំលំ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី។ ប៉ុន្តែទាំងអ៊ុយក្រែន និងប្រទេសលោកខាងលិចបានព្រមានដូចគ្នាថារុស្ស៊ី កំពុងដកថយ ដើម្បីប្រមូលកម្លាំងបង្កើនការវាយលុកទ្វេដង៕