Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប៉េកាំងព្រមានអាមេរិក កុំឱ្យយកបញ្ហាអ៊ុយក្រែន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន

Admin Alynana | Apr 21, 2022
ប៉េកាំងព្រមានអាមេរិក កុំឱ្យយកបញ្ហាអ៊ុយក្រែន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន
Clinic narith

(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក វៃ ហ្វឹងហេ (Wei Fenghe) បានពិភាក្សាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) កាលពីថ្ងៃពុធសប្ដាហ៍នេះ តបតាមសំណើរបស់ភាគីអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការពារជាតិចិន, ភាគីចិន និងអាមេរិកបានផ្លាស់ប្តូរទស្សនៈគ្នាអំពី ទំនាក់ទំនងទ្វេភាគី, បញ្ហាកោះតៃវ៉ាន់ បញ្ហាសន្តិសុខដែនសមុទ្រ និងដែនអាកាស ព្រមទាំងស្ថានភាពនៅប្រទេសអ៊ុយក្រែនផងដែរ។ សេចក្ដីថ្លែងការណ៍ខាងលើ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនបានជំរុញឱ្យភាគីអាមេរិកបញ្ឈប់ការបង្ករឿងផ្នែកយោធានៅដែនសមុទ្រ ហើយ បញ្ឈប់ការប្រើប្រាស់បញ្ហាជម្លោះនៅអ៊ុយក្រែន ដើម្បីលាបពណ៌ និងដាក់សម្ពាធមកលើទីក្រុងប៉េកាំងតាមរយៈការគំរាមកំហែង»។

លោក Wei បានប្រាប់លោក Austin ថាផ្ទុយទៅវិញ ប្រទេសទាំងពីរគួរតែអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវការឯកភាពមតិរបស់ប្រមុខរដ្ឋទាំងពីរ ដើម្បី គោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព និងចៀសវាងការប្រឈមមុខដាក់គ្នា។ លោក Wei បានបន្ថែមទៀតថាសហរដ្ឋអាមេរិក គួរតែដាក់ការប្តេជ្ញាចិត្តរបស់ខ្លួនទៅក្នុងការអនុវត្ត។ ប៉ុន្តែក្រុមមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងថាសហរដ្ឋអាមេរិកគ្មានចេតនាចង់បង្ក សង្រ្គាមត្រជាក់ថ្មី ឬផ្លាស់ប្តូរប្រព័ន្ធរបស់ប្រទេសចិននោះទេ, ការបង្កើតសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកឡើងវិញ មិនមែនជាការប្រឆាំងនឹង ប្រទេសណាមួយនោះទេ, សហរដ្ឋអាមេរិកមិនគាំទ្រ «ឯករាជ្យភាពកោះតៃវ៉ាន់» ឡើយ ហើយសហរដ្ឋអាមេរិក ក៏មិនមែនកំពុងស្វែងរកជម្លោះ ឬការប្រឈមមុខជាមួយចិននោះដែរ។

គួរបញ្ជាក់ថា បើតាមលោក Wei ចិនសង្ឃឹមថាអាចនឹងបង្កើតទំនាក់ទំនងប្រកបដោយផលល្អ និងស្ថិរភាពជាមួយសហរដ្ឋអាមេរិក ហើយនឹងការពារ ផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយបន្ថែមថា សហរដ្ឋអាមេរិកមិនគួរមើលស្រាលការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ចិនឡើយ។ យោធាចិន និងសហរដ្ឋអាមេរិក គួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ពង្រឹងកិច្ចសន្ទនា និងការផ្លាស់ប្តូរ ការគ្រប់គ្រងហានិភ័យ និងវិបត្តិ ព្រមទាំងអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍ធម្មតា និងស្ថិរភាពនៃទំនាក់ទំនង៕