Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីក្រុងកៀវ រុះចោលរូបសំណាកសម័យសូវៀត ដែលជានិមិត្តរូបនៃមិត្តភាព រុស្ស៉ី-អ៊ុយក្រែន

Admin Alynana | Apr 27, 2022
ទីក្រុងកៀវ រុះចោលរូបសំណាកសម័យសូវៀត ដែលជានិមិត្តរូបនៃមិត្តភាព រុស្ស៉ី-អ៊ុយក្រែន
Clinic narith

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានរុះរើរូបសំណាកដ៏ធំមួយ សល់ពីអតីតសម័យសហភាពសូវៀត ដែលជានិមិត្តរូបនៃមិត្តភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅចំកណ្តាលទីក្រុងកៀវ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

អភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតស្កូ (Vitaly Klitschko) បានគូសបញ្ជាក់ថា «ឥឡូវនេះ យើងមើលឃើញយ៉ាងច្បាស់ថាអ្វីគឺជាមិត្តភាពនេះ នោះគឺការបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន ... ការសម្លាប់មនុស្សរាប់ម៉ឺននាក់។ ខ្ញុំជឿជាក់ថាអត្ថន័យនៃរូបសំណាកនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលនេះ»។ លោកបន្ថែមថា ក្លោងទ្វារនឹងនៅដដែល ប៉ុន្តែត្រូវប្តូរឈ្មោះជា «សេរីភាពនៃប្រជាជនអ៊ុយក្រែន» វិញ។

គួរបញ្ជាក់ថា រូបសំណាកសំរិទ្ធប្រវែងជាង៨ម៉ែត្រ ជាចម្លាក់រូបតំណាងឲ្យកម្មករអ៊ុយក្រែន និងរុស្សីកាន់ដៃគ្នា នៅលើជើងទម្រដែលបង្ហាញពីចំណង មិត្តភាពនៃសហភាពសូវៀត។ រូបសំណាកនេះស្ថិតនៅក្រោមក្លោងទ្វារមិត្តភាពប្រជាជនដែលត្រូវបានគេសាងសង់ក្នុងឆ្នាំ១៩៨២ ដើម្បីរំលឹកខួបលើកទី ៦០ នៃសហភាពសូវៀត៕