ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងធ្វើតេស្តទឹកខ្មៅលុបមិនជ្រះនៅចំពោះមុខភាគីពាក់ព័ន្ធនៅថ្ងៃទី ១៣ ខែឧសភា ស្អែកនេះ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ។
សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ពីថ្ងៃទី ១០ ខែឧសភាឱ្យដឹងថា គជប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះនៅ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែឧសភាថា មិនខុសពីអាណត្តិមុនៗទេ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នេះ គ.ជ.ប នៅបន្តតេស្ត និងការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះរបស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD របស់ប្រទេសឥណ្ឌា។
លោកបន្តថា ក្រុមហ៊ុននេះ មានឯកទេសផលិតទឹកខ្មៅលុប-លាងមិនជ្រះដែលត្រូវបានផ្គត់ផ្គង់ជូនដល់ គ.ជ.ប នៅរៀងរាល់ការបោះឆ្នោត និងធានាបាននូវគុណភាពខ្ពស់។ ជាមួយគ្នានេះ មានប្រទេសជាង ៣០ នៅលើពិភពលោកដែលបានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុនឥណ្ឌានេះ ក្នុងនោះប្រទេសក្នុងតំបន់អាស៊ានមាន កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី។ រីឯនៅអាហ្វ្រិកខាងត្បូងមាននីហ្សេរីយ៉ា និងអាហ្វហ្គានិស្ថានជាដើម។
លោកថ្លែងថា៖ «ពាក់ព័ន្ធទៅនឹងទឹកខ្មៅលុបមិនជ្រះនេះ គឺ គ.ជ.ប បានពិនិត្យសាកល្បងគុណភាពជាមុនពីក្រុមហ៊ុន ក្នុង ៤ កម្រិត ទី ១- កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០ ភាគរយ ទី ២- កម្រិតសូលុយស្យុងប្រាក់នីត្រាត ១៨ ភាគរយ ទី ៣- កម្រិតសូលុយស្យុង ប្រាក់នីត្រាត ១៥ ភាគរយ និងទី ៤- កម្រិតសូលុយស្យុង ប្រាក់នីត្រាត ១០ ភាគរយ»។
បើតាមលោក សោម សូរីដា ក្រោយពីមន្ត្រីជំនាញ គ.ជ.ប ធ្វើតេស្តទឹកខ្មៅ ៤ កម្រិតនេះឃើញថា ទឹកខ្មៅលុបមិនជ្រះមានសូលីស្យុងប្រាក់នីត្រាត ២០ ភាគរយ មានគុណភាពល្អ ប្រហាក់ប្រហែលទឹកខ្មៅលុបមិនជ្រះ ដែល គ.ជ.ប ធ្លាប់បានប្រើពីមុនមកដែរ។
លោក សោម សូរីដា បានឱ្យដឹងថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅនេះពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD របស់ឥណ្ឌាចំនួនជាង ៥០ ម៉ឺនដបដោយចំណាយថវិកាប្រហែល ១ លានដុល្លារអាមេរិកសម្រាប់ប្រើតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសដោយក្នុង ១ ការិយាល័យប្រើ ២ ដប និងក្រៅពីនោះរក្សាទុកបម្រុងនៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីខេត្ត និងនៅ គ.ជ.ប ។
លោក សំ សុគន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនីកហ្វិកប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែឧសភាដែរថា លោក មិនទាន់ហ៊ានវាយតម្លៃថាទឹកខ្មៅនេះ មានគុណភាពកម្រិតណានៅឡើយទេ ដោយរង់ចាំ គ.ជ.ប ធ្វើតេស្តរួចរាល់សិន បើទោះបីបញ្ជាទិញពីក្រុមហ៊ុនឥណ្ឌាដែលធ្លាប់ប្រើពីមុនក្ដី។
លោកថ្លែងថា៖ «ចាំមើលគេធ្វើតេស្តសិន វាលាងជ្រះអត់ បើលាងទៅវាជ្រះ វាអត់គុណភាព ប៉ុន្តែជាទូទៅវាលាងអត់ជ្រះទេ លុះត្រាតែប៉ុន្មានថ្ងៃក្រោយបានលាងជ្រះ»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែ ឧសភា ថា គណបក្សលោកគាំទ្រឱ្យប្រើប្រាស់ទឹកខ្មៅណាដែលលាងមិនជ្រះ បន្ទាប់ពីបោះឆ្នោតរួច ១ ថ្ងៃ។ ប៉ុន្តែបើប្រើទឹកខ្មៅលាងឆាប់ជ្រះលឿនពេកគឺវាជាគ្រោះថ្នាក់មួយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២។
លោកថ្លែងថា៖ «យើងត្រូវការក្រុមហ៊ុនណាដែលផលិតទឹកថ្នាំខ្មៅហ្នឹងដែលមិនអាចលាងជ្រះលឿន និងទុកចិត្តបាន។
យើងគាំទ្រ ហើយទឹកថ្នាំខ្មៅកន្លងមកដែលយើងធ្លាប់មានបទពិសោធយកមកពីឥណ្ឌាអាចទទួលយកបាន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែឧសភាផងដែរថា គណបក្សប្រជាជនកម្ពុជាមានជំនឿទាំងស្រុងលើស្ថាប័ន គ.ជ.ប ដែលមានបទពិសោធក្នុងការនាំចូលទឹកថ្នាំខ្មៅលុបមិនជ្រះនេះពីប្រទេសឥណ្ឌាសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនៅពេលខាងមុខ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា គុណភាពកម្រិតណានោះ គ.ជ.ប គាត់ដឹងច្បាស់ ព្រោះគាត់មានបទពិសោធហើយ អ៊ីចឹង! នៅពេលដែលយកមកប្រើប្រាស់វាមានប្រសិទ្ធភាពហើយ អត់មានបញ្ហាអីគួរឱ្យសង្ស័យទេ»។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះដែរ តាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ទូទាំងប្រទេសរយៈពេល ២៣ ថ្ងៃគិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ សម្រេចបាន ៧ ៦៩៨ ០២៧ សន្លឹកស្មើនឹង ៨៣,៦២ ភាគរយ។
តាមប្រតិទិនរបស់ (គ.ជ.ប) ការចែកបណ្ណព័ត៌មាននេះ មានរយៈពេល ៣០ ថ្ងៃពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២២ រីឯបណ្ណព័ត៌មានអ្នកបោះឆ្នោតដែលនៅសល់ត្រូវរក្សាទុកនៅ គឃ.សប ដើម្បីបន្តចែករហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២៕