Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គ.ជ.ប មិនទាន់ទទួលបានការស្នើសុំចូលរួមជាភ្ញៀវពិសេសនៅឡើយទេ

Admin Alynana | May 24, 2022
គ.ជ.ប មិនទាន់ទទួលបានការស្នើសុំចូលរួមជាភ្ញៀវពិសេសនៅឡើយទេ
Clinic narith

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅមិនទាន់ទទួលបានការស្នើសុំចូលរួមជាភ្ញៀវពិសេស ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះនៅឡើយទេ។ នេះបើតាមការឲ្យដឹងពីលោក សោម ​សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប។
01-88

លោក សោម ​សូរីដា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃអង្គារនេះថា គ.ជ.ប មិនទាន់ទទួលបានការស្នើសុំចូលរួមជាភ្ញៀវពិសេស សម្រាប់សង្កេតមើលការបោះឆ្នោតនៅឡើយទេ បើគិតត្រឹមថ្ងៃនេះ។ លោកថា ការចូលរួមសង្កេតមើល ការបោះឆ្នោតក្នុងឋាន:ជាភ្ញៀវពិសេស ពិតជាមានសារៈសំខាន់ដូចជាសាក្សីផ្សេងទៀតដែរ។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា «ជាការវាយតម្លៃ គឺការចូលរួមសង្កេតមើលការបោះឆ្នោត ក្នុងឋានៈជាភ្ញៀវពិសេសនេះ ពិតជាមានសារៈសំខាន់ពីព្រោះការចូលរួមនេះ ដូចជាចូលរួមធ្វើជាសាក្សីដែលមានតម្លៃ ស្មើនឹងអ្នកសង្កេតការណ៍បោះឆ្នោតជាទូទៅដែរ គ្រាន់តែភ្ញៀវពិសេសមិនចេញសេចក្ដីថ្លែងការណ៍ អំពីលទ្ធផលនៃដំណើរការនៃការបោះឆ្នោតនោះទេ»។
02-76

កាលពីថ្ងៃទី ១៩ ខែឧសភាកន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន។ ក្នុងនោះ ក៏មានសេចក្តីសម្រេច ស្តីពី ការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដើម្បីបានចូលរួមពិនិត្យមើលការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ ខ្លឹមសារក្នុងសេចក្ដីសម្រេចនោះ ភ្ញៀវពិសេស គឺជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២កន្លងទៅនេះដែរ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី ខាមិន ម៉ូរេណូ (Ms Carmen Moreno) ឯក​អគ្គរដ្ឋទូតសហភាពអឺរុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូអមដំណើរ ដែលជាមន្ត្រីការទូតជាន់ខ្ពស់នៃស្ថាន​ទូតបារាំង ស្ថានទូតសាធារណរដ្ឋឆែក ស្ថានទូតស៊ុយអែត និងស្ថានទូតហុងគ្រី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា ដែលត្រូវប្រព្រឹត្តទៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ខាងមុខ។

​នៅក្នុងជំនួបនោះ ភាគីសហភាពអឺរ៉ុប បានស្នើសុំឲ្យភាគី គ.ជ.ប អនុញ្ញាតឲ្យមន្រ្តីនៃសហភាពអឺរ៉ុប ចូលរួមសង្កេត​មើល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ខាងមុខនេះ។ ប៉ុន្តែមិនមែនក្នុងន័យ ចុះបញ្ជីជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតផ្លូវការទេ។ ប្រតិភូសហភាពអឺរុប សុំអនុញ្ញាតពី គ.ជ.ប ដើម្បីបានចូលពិនិត្យ​មើលការបោះឆ្នោតជាទូទៅ ដោយគ្មានការធ្វើរបាយការណ៍វាយតម្លៃអំពីបរិយាកាស នៃដំណើរការរៀបចំការបោះឆ្នោតឡើយ។

ជាការឆ្លើយតបទៅនឹងចំណុចនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា កិច្ចការនេះ គ.ជ.ប ធ្លាប់បានអនុវត្តរួចហើយ គឺ គ.ជ.ប ចេញលិខិតជូនជាភ្ញៀវពិសេស មិនមែនជាអ្នកសង្កេតការណ៍នោះទេ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។​ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង៕