Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បន្ទាបពីការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​​អ៊ុយ​ក្រែ​ន​ អង្គការណាតូ​បាន​អញ្ជើញ​ប្រទេសពីរ ឲ្យចូលរួម​ក្នុង​សម្ព័ន្ធ​យោធា

Admin Alynana | Jun 30, 2022
បន្ទាបពីការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​​អ៊ុយ​ក្រែ​ន​ អង្គការណាតូ​បាន​អញ្ជើញ​ប្រទេសពីរ ឲ្យចូលរួម​ក្នុង​សម្ព័ន្ធ​យោធា
Clinic narith

អង្គការ​ណា​តូ៖ អង្គការណាតូ​បាន​អញ្ជើញ​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែតកាលពី​ថ្ងៃ​ពុធ ទី ២៩ ខែមិថុនា​ឲ្យ​ចូលរួម​ក្នុង​សម្ព័ន្ធ​យោធា ដែល​វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​សន្តិសុខ​អ៊ឺ​រ៉ុ​ប​ក្នុង​រយៈពេល​ប៉ុន្មាន​សតវត្សរ៍​ចុង​ក្រោយ បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​បោះបង់​ចោល​អព្យាក្រឹតភាព​របស់​ពួក​គេ​។

អង្គការ​សម្ព័ន្ធ​យោធា​ដែល​មាន​សមាជិក​ចំនួន ៣០​ប្រទេស​នេះ​បាន​ធ្វើ​សេចក្តីសម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ និង​ក៏​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ចាត់​ទុក​រុ​ស្ស៊ី​ជា​ផ្លូវការ​ថា «​ជា​ការ​គំ​រា​ម​កំហែង​ដ៏​សំខាន់​បំផុត និង​ដោយ​ផ្ទាល់​ចំពោះ​សន្តិសុខ​របស់​ណា​តូ​»​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​កិច្ចប្រជុំ​កំពូល​។

មេដឹកនាំ​ណា​តូ​និយាយ​ក្នុង​សេចក្តី​ប្រកាស​ដូច្នេះ​ថា «​ថ្ងៃនេះ យើង​បាន​សម្រេច​អញ្ជើញ ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ឲ្យ​ក្លាយជា​សមាជិក​ណា​តូ​»។ ការ​ប្រកាស​នេះ​កើតឡើង​ក្រោយ​ពេល​តួ​ក​គី​បាន​យល់ព្រម​ទទួល​ប្រទេស​ទាំង​ពីរ​ឲ្យ​ចូលរួម​ជាមួយ​ណា​តូ​។

ការ​អនុម័ត​នៅ​ក្នុង​សភា​សម្ព័ន្ធមិត្ត ទំនងជា​ត្រូវការ​រយៈពេល​រហូត​ដល់​មួយ​ឆ្នាំ ប៉ុន្តែ​នៅ​ពេល​វា​រួចរាល់ ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​នឹង​ត្រូវ​បានការ​ពារ​ដោយ​មាត្រា​ទី ៥​របស់​អង្គការ​ណា​តូ ដោយ​ស្ថិត​ក្រោម​ឆ័ត​ការពារ​នុយក្លេអ៊ែរ​របស់​អា​មេ​រិ​ក​។

ប្រមុខ​អង្គការ​ណា​តូ​លោក Jens Stoltenberg និយាយ​ថា «​យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​អាច​ការពារ​សម្ព័ន្ធមិត្ត​ទាំងអស់​បាន រួម​មាន​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ណា​តូ​គ្រោង​នឹង​បង្កើន​វត្តមាន​កងទ័ព​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​ន័​រ​ឌី​ក (Nordic) ដោយ​ធ្វើ​សមយុទ្ធ​យោធា​បន្ថែម​ទៀត និង​ការ​ល្បាត​ជើង​ទឹក​នៅ​សមុទ្រ​បាល់​ទិ​ក ដើម្បី​ធានា​ដល់​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់​។

«​យើង​កំពុង​ផ្ញើ​សារ​ដ៏​ខ្លាំង​មួយ​ទៅ​កាន់​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin៖ អ្នក​នឹង​មិន​ឈ្នះ​នោះ​ទេ​»។ នេះ​ជា​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Pedro Sanchez ក្នុង​សុន្ទរកថា​។ 

សូម​រម្លឹក​ថា អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ឬ​ហៅ​ថា NATO ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៤៩ ដើម្បី​ប្រឆាំង​នឹង​ការ​គំ​រា​ម​កំហែង​របស់​សូ​វៀត​៕
ប្រភព​៖ Reuters