Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តោះ! ទៅទស្សនា និងដឹងពីប្រវត្តិខ្លះៗរបស់សហគមន៍ភូមិបណ្តែតទឹក កំពង់លួង

Media LNN | Aug 30, 2022
តោះ! ទៅទស្សនា និងដឹងពីប្រវត្តិខ្លះៗរបស់សហគមន៍ភូមិបណ្តែតទឹក កំពង់លួង
Clinic narith
 
(ពោធិ៍សាត់)៖ សហគមន៍ ភូមិបណ្តែតទឹកដែលស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់មួយនេះ ជាកន្លែងទាក់ទាញទេសចរមួយដែរ នៅខេត្តពោធិ៍សាត់។ ជាកន្លែងដែលទេសចរអាចស្វែងយល់ពីជីវភាពរស់នៅមួយបែបទៀតរបស់ប្រជាជនដែលប្រើជីវិតរសនៅប្រចាំថ្ងៃរបស់ពួកគាត់លើបឹងទន្លេសាប។ បើទោះជានៅទីនោះស្ថិតលើផ្ទៃទឹកក៏ពិតមែន ប៉ុន្តែក៏មិនខុសពីនៅលើគោកប៉ុន្មានដែរ គឺមានផ្ទះប្រជាជន, សាលារៀន, កន្លែងសម្រាប់គោរពបូជាសាសនា, តូបលក់ម្ហូបអាហារ, ផ្ទះស្នាក់សម្រាប់ទេសចរ, ប៉ុស្តិ៍នគរបាល, មណ្ឌលសុខភាព...។
ទេសចរជាតិ និងអន្តរជាតិអាចទស្សនាទេសភាពស្រស់ស្អាតប្លែកភ្នែកលើផ្ទៃទឹក ក៏ដូចជាបានស្វែងយល់បន្ថែមពីទម្លាប់ និងរបៀបរស់នៅរបស់អ្នកនៅសហគមន៍នោះដែរ។
ចំណែកប្រវត្តិនៃតំបន់នោះ ដកស្រង់ពី ទំព័រហ្វេសប៊ុករបស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានរៀបរាប់ថា៖ តាមប្រសាសន៍ លោកតា ប៉ាច់ ប៉ុន ជាព្រឹទ្ធាចារ្យម្នាក់អាយុ៦៣ឆ្នាំ រស់នៅភូមិបន្ទាយក្រង ស្រុកក្រគរ បានឱ្យដឹងថា៖ កាលដើមឡើយ កំពង់លួង គឺជាកំពង់ទឹករបស់ស្តេច សម្រាប់ចតទូក ទូកក្តោង ឬសំពៅ តាំងពីមុនរជ្ជកាលស្តេច ច័ន្ទរាជា មកម៉្លេះ។ លុះមកដល់រជ្ជកាលស្តេចច័ន្ទរាជា កំពង់នោះក៏នៅជាកំពង់សំចតរបស់ស្តេចដដែល (យើងបានធ្វើសឹកសង្រ្គាមជាមួយសៀម ពេលនោះសៀមបានលើកទ័ពមកវាយយកបន្ទាយលង្វែកក្នុងឆ្នាំ ១៥៣០ តែពុំបានសម្រេច) ។
ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលកើតសង្រ្គាម ព្រះច័ន្ទរាជា បានភៀសខ្លួនច្រើនលើកច្រើនសារ មកគង់ប្រថាប់នៅខេត្តពោធិ៍សាត់(កាលពីដើម គេហៅថាខេត្តក្រគរ) ដោយយាងតាមទូក ទូកក្តោង សំពៅ (យាងតាមបឹងទន្លេសាប មកសំចតកំពង់លួងក្នុងស្រុកក្រគរ) ឬតាមជើងគោក ដោយ សេះ ដំរី រទេះគោ រទេះសេះ ដែលរហូតមកដល់សព្វថ្ងៃ មានកន្លែងខ្លះ ហៅថា “ផ្លូវហ្លួង” ដើម្បីព្រះអង្គមកប្រថាប់នៅទីនេះ បន់ស្រន់ដល់វីរបុរសខ្មែរ ឧកញ៉ា ឃ្លាំង មឿង និងតាមបណ្តាវត្តដែលខ្លាំងពូកែ ដូចជា វត្តពោធិ៍មានបុណ្យ វត្តបាកាន ដែលជាវត្តខ្លាំងពូកែ ល្បីល្បាញក្នុងទឹកដីខេត្តពោធិ៍សាត់ ។ មានពេលខ្លះព្រះអង្គយាងមកលំហែកាយមួយរយៈ តាមកាលនឹងវេលាដែលអាចយាងមកបាន។
អត្ថបទ និងរូបភាពដោយ៖ សូរីយ៉ាភ័ណ្ឌ
 
photo_2022-08-30_12-54-07photo_2022-08-30_12-52-40 (2)photo_2022-08-30_12-52-40 (3)photo_2022-08-30_12-52-40photo_2022-08-30_12-45-26photo_2022-08-30_12-52-38 (2)photo_2022-08-30_12-52-38