Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេច ហ៊ុន សែន បញ្ជាក់ជំហររបស់ខ្លួនថា មិនគាំទ្រការកាត់យកដីអ៊ុយក្រែនទៅរុស្ស៊ីឡើយ

Admin Alynana | Oct 01, 2022
សម្ដេច ហ៊ុន សែន បញ្ជាក់ជំហររបស់ខ្លួនថា មិនគាំទ្រការកាត់យកដីអ៊ុយក្រែនទៅរុស្ស៊ីឡើយ
Clinic narith

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនគាំទ្ររួមទាំងប្រឆាំងការកាត់ផ្ដាច់ទឹកដី និងការប្រើប្រាស់កម្លាំង ឬគំរាមប្រើកម្លាំងឈ្លានពានអ្នកដទៃ ហើយករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ដូចគ្នា គឺកម្ពុជាមិនគាំទ្រការកាត់ផ្ដាច់ទឹកដីអ៊ុយក្រែនចូលរុស្ស៊ីដោយភាគីរុស្ស៊ីនោះទេ។ 

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋជិត៣ពាន់នាក់ នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលានេះ សម្ដេចតេជោ បានបញ្ជាឱ្យក្រសួងការបរទេសមានជំហរប្រឆាំងនឹងការកាត់ផ្ដាច់ទឹកដីនេះ ប្រសិនជាសន្និបាតអង្គការសហប្រជាជាតិធ្វើឡើងឆ្លើយតបនឹងករណីនេះ។ 

សម្ដេចតេជោថា៖ «កម្ពុជាអត់មានជម្រើសណាផ្សេងទេ! ព្រោះយើងគិតមើលបើគេសុខៗស្រាប់តែលើទ័ពមកដាក់សៀមរាបមួយហើយធ្វើប្រជាមតិដើម្បីសៀមរាបផ្ដាច់ខ្លួនជារដ្ឋឯករាជ្យមួយ។ តើយើងទទួលបានឬអត់? យើងពិតជាទទួលយកមិនបានទេរឿងនេះ!»

កាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា ម្សិលមិញ ប្រទេសរុស្ស៊ីអបអរសាទរចំពោះការដាក់បញ្ចូលផ្លូវការតំបន់ចំនួន៤នៃប្រទេសអ៊ុយក្រែនជាទឹកដីរបស់ខ្លួន បន្ទាប់ពីមានការបោះឆ្នោតធ្វើប្រជាមតិមួយកាលពីថ្ងៃអង្គារ៍។ តំបន់ទាំងនោះមានតំបន់ Donetsk តំបន់ Kherson តំបន់ Luhansk និងតំបន់ Zaporizhzhia ដែលមានទំហំស្មើនឹងប្រមាណ ១៥%នៃផ្ទៃដីប្រទេសអ៊ុយក្រែន។ ទង្វើនេះត្រូវបានប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចបានច្រានចោល និងចាត់ទុកថាជាអំពើខុសច្បាប់និងឥតអៀនខ្មាស់៕