Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋបាលក្រុងបាងកក ស្នើសុំឱ្យបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ បំពេញការងារពីផ្ទះដើម្បីបញ្ចៀសការកកស្ទះដោយសារភ្លៀងធ្លាក់ខ្លាំង

Admin Alynana | Oct 06, 2022
រដ្ឋបាលក្រុងបាងកក ស្នើសុំឱ្យបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ បំពេញការងារពីផ្ទះដើម្បីបញ្ចៀសការកកស្ទះដោយសារភ្លៀងធ្លាក់ខ្លាំង
Clinic narith

រដ្ឋបាលក្រុងបាងកក បានស្នើសុំឱ្យបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ បំពេញការងារពីផ្ទះដើម្បីបញ្ចៀសការស្ទះចរាចរណ៍ដោយសារភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករនៅទូទាំងរាជធានីបាងកកនេះ ចាប់ពីថ្ងៃពុធនេះរហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
013b0000-0aff-0242-ed83-08daa6c9440d_cx0_cy4_cw99_w1080_h608_s

អ្នកបើកបររថយន្តបានជួបប្រទះការស្ទះចរាចរណ៍ជាយូរម៉ោងរួចមកហើយកាលពីដើមសប្ដាហ៍នេះ នៅពេលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់ទឹកភ្លៀងជន់លិចទីក្រុង ពិបាកក្នុងការធ្វើដំណើរ។

ដោយសារតែមើលឃើញពីស្ថានភាពភ្លៀងនឹងបន្ដធ្លាក់ខ្លាំងនៅសប្ដាហ៍នេះ គួបផ្សំនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំងផងនោះ អភិបាលរងរាជធានីបាងកកលោកស្រី តាវីដា កាម៉ូលវ៉េច (Tavida Kamolvej) បាននិយាយថា រដ្ឋបាលរាជធានីបាងកកបានស្នើសុំឱ្យបុគ្គលិកក្រុមហ៊ុនឯកជនធ្វើការពីផ្ទះចាប់ពីថ្ងៃពុធទី ៥ រហូតដល់ថ្ងៃសុក្រទី ៧ខែតុលា ដ្បិតថា តាមការព្យាករឧត្តុនិយម រាជធានីរបស់ថៃមួយនេះ នឹងទទួលរងធ្លាក់ភ្លៀងខ្លាំងនៅអំឡុងពេល៣ថ្ងៃនេះ។

លោកស្រី តាវីដា បានទទួលស្គាល់ថា ការបណ្ដោះទឹកជន់លិចទីក្រុងមានភាពយឺតយ៉ាវ បើទោះជាតំបន់លិចទឹកភាគច្រើននៅក្នុងទីក្រុងនេះត្រូវបានបង្ហូរទឹកអស់កាលពីយប់ថ្ងៃទី ៤ខែតុលាហើយក៏ដោយ។ ប៉ុន្តែពេលនេះលោកស្រី តាវីដា បាននិយាយថា រដ្ឋបាល BMA បានចាប់ផ្តើមដាក់បាវខ្សាច់ និងសាងសង់ផ្លូវនៅតាមតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ដូចជានៅខណ្ឌឡាក់ស៊ី (Laksi) ខណ្ឌដនមឿង (Don Muang) និងខណ្ឌបាងខេន (Bang Khen)។
1200x-1-1

អ្នកស្រីបានបន្តទៀតថា រដ្ឋបាល BMA នឹងព្យាយាមជូនដំណឹងយ៉ាងហោចណាស់មួយម៉ោងមុនដល់ប្រជាពលរដ្ឋស្ដីពីការភ្លៀងធ្លាក់ខ្លាំងនេះដែលវាអាចបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរដើម្បីឱ្យពួកគេមានពេលវេលារៀបចំការសង្គ្រោះបន្ទាន់ឬត្រឡប់ចូលផ្ទះវិញដោយសុវត្ថិភាព។

កាលពីថ្ងៃអង្គារលោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់នៅទីក្រុងខុនខេន (Khon Kaen) និងទីក្រុងអ៊ូបុនរ៉ាតឆាថានី (Ubon Ratchathani)។ លោក ប្រាយុទ្ធ បាននិយាយថា រដ្ឋាភិបាលថៃកំពុងព្យាយាមអស់លទ្ធភាពដើម្បីជួយបន្ធូរបន្ថយទុក្ខលំបាករបស់ជនរងគ្រោះដោយទឹកជំនន់ និងធានាថា សំណងលើការខូចខាតនឹងត្រូវបានផ្ដល់ឱ្យក្រុមអ្នកដែលផលប៉ះពាល់ទាំងអស់រួមទាំងអាជីវករ និងប្រជាកសិករផងដែរ។
1200x-1 (1)-1

តាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យារបស់ថៃ បានឲ្យដឹងថា បច្ចុប្បន្នមានផ្ទៃដីកសិកម្មជាង៥០ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារទឹកជំនន់នៅទូទាំងខេត្តចំនួន២៥របស់ថៃ។ ក្នុងនោះ យ៉ាងហោចណាស់មានពលរដ្ឋប្រហែលជិត៧៦ម៉ឺននាក់បានប៉ះពាល់ និងមានការបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋប្រហែល៣ម៉ឺន៧ពាន់ខ្នង និងខូចខាតផ្លូវប្រហែលជិត១ពាន់៥រយគីឡូម៉ែត្រ៕