Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ហេតុអ្វីកម្ពុជាត្រូវរៀបចំនីតិវិធីធ្វើបច្ចុប្បន្នភាពដីស្រែអំបិលនៅខេត្តកំពត-កែបឡើងវិញ?

Admin Alynana | Jan 28, 2023
ហេតុអ្វីកម្ពុជាត្រូវរៀបចំនីតិវិធីធ្វើបច្ចុប្បន្នភាពដីស្រែអំបិលនៅខេត្តកំពត-កែបឡើងវិញ?
Clinic narith

(កំពត)៖ កម្ពុជាកំពុងរៀបចំនីតិវិធីក្នុងការធ្វើបច្ចុប្បន្នភាពដីស្រែអំបិលនៅខេត្តកំពត និងកែបឡើងវិញ ដើម្បីកំណត់ឲ្យដឹងពីដីយុទ្ធសាស្ត្រសម្រាប់ផលិតអំបិល ដើម្បីធានានិរន្តភាពការផ្គត់ផ្គង់អំបិល និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រសួងស្ថាប័នពាក់ព័ន្ធបានជួបប្រជុំគ្នា ដើម្បីពិភាក្សាលើសំណើសុំថវិកា សម្រាប់ចំណាយក្នុងការធ្វើប្រតិបត្តិការវាស់វែងកំណត់ផែនទីដីស្រែអំបិលនៅខេត្តទាំងពីរនេះ។

បើតាមការគូសបញ្ជាក់របស់លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គោលបំណត់នៃការកំណត់ផែនទីដីស្រែអំបិលឡើងវិញនេះ គឺដើម្បីបែងចែកដីស្រែអំបិលឲ្យបានច្បាស់លាស់ ដើម្បីធានានិរន្តរភាពការផ្គត់ផ្គង់អំបិលនៅកម្ពុជា និងកាត់បន្ថយ ឬឈប់នាំចូលអំបិលពីក្រៅប្រទេស។ ម្យ៉ាងទៀត ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង និងការកែប្រែដីរបស់ប្រជាពលរដ្ឋ ដែលមានបំណងចង់កែប្រែដីកម្មសិទ្ធិរបស់ខ្លួនទៅធ្វើអ្វីផ្សេង ដែលអាចផ្តល់ប្រយោជន៍ច្រើនជាងការផលិតអំបិល។ បើតាមការលើកឡើងរបស់លោក ហួន សុរង្សី ផែនទីកំណត់ដីស្រែអំបិលកាលពីមុនមិនបានបែងចែកប្រភេទដីស្រែអំបិលនោះទេ តែក្រោយមកនៅអំឡុងឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រីចេញ ស.ជ.ណ ឲ្យមានការកំណត់បែងចែកប្រភេទដីស្រែអំបិលឲ្យបានច្បាស់លាស់។

ពាក់ព័ន្ធបញ្ហានេះដែរឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា មានប្រជាពលរដ្ឋមួយចំនួនបានកែប្រែដីស្រែអំបិលដែលជាកម្មសិទ្ធិរបស់ខ្លួនទៅតំបន់ទេសចរណ៍ និងអភិវឌ្ឍន៍លំនៅឋានជាដើម ក្រោយតម្លៃដីនៅទីនោះមានការកើនឡើង គួបផ្សំការផលិតអំបិលទទួលបានទិន្នផលធ្លាក់ចុះ។ ជាក់ស្តែង មកទល់ពេលនេះមានប្រជាកសិករនៅខេត្តកែបចំនួន៥០គ្រួសារស្មើនឹង១៤ក្រុមបានបោះបង់ការផលិតអំបិលតែជាចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងចំនួនអ្នកផលិត​អំបិលទាំងនៅខេត្តកំពត និងខេត្តកែប ដែលមានរហូត១៩៦ក្រុម។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់​ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតសរុបចំនួន៤ពាន់៥៧៧ហិកតា ដែលអាចផលិតអំបិលបានជាង៩ម៉ឺនតោនក្នុង១ឆ្នាំ ប្រសិនបើផលិតពេញសមត្ថភាព និងអាកាសអំណោយផល។ កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលចន្លោះពី៩ទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាផលិតអំបិលបានជាង៣ម៉ឺន២ពាន់តោនតែប៉ុណ្ណោះ ដែលបង្ខំឲ្យកម្ពុជាត្រូវនាំចូលអំបិលពីប្រទេសឥណ្ឌាចំនួន១ម៉ឺន៦ពាន់តោន ដើ​ម្បីបម្រុង​ទុក និងបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ កត្តាដែលធ្វើឲ្យទិន្នផលការផលិតអំបិលនៅកម្ពុជាមានការធ្លាក់ចុះ គឺដោយសារបញ្ហាអាកាសធាតុ កង្វះកម្លាំងពលកម្ម និងដើមទុនជាដើម៕