Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិកលក់កញ្ចប់អាវុធថ្មីតម្លៃ៦១៩លានដុល្លារឲ្យតៃវ៉ាន់

Admin Alynana | Mar 02, 2023
សហរដ្ឋអាមេរិកលក់កញ្ចប់អាវុធថ្មីតម្លៃ៦១៩លានដុល្លារឲ្យតៃវ៉ាន់
Clinic narith

សហរដ្ឋអាមេរិកអនុម័តការលក់កញ្ចប់អាវុធមីស៊ីលថ្មីតម្លៃជាង ៦០០លានដុល្លារអាមេរិកឲ្យតៃវ៉ាន់នៅដើមខែមីនានេះ ចំពេលមានភាពតានតឹងច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រ។

មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃពុធទី ១ ខែមីនាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់កញ្ចប់អាវុធមីស៊ីលសម្រាប់ប្រើជាមួយយន្តហោះចម្បាំង F-16 និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតទៅឱ្យកោះតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៦១៩លានដុល្លារ។ មន្ទីរបញ្ចកោណបាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវបានម៉ៅការជាពិសេសដោយក្រុមហ៊ុន Raytheon Technologies (RTX.N) និង Lockheed Martin (LMT.N)។ បើតាមក្រសួងការបរទេស ការលក់រួមមានកាំជ្រួចប្រឆាំងយន្តហោះ(AMRAAM)ចំនួន ២០០ ដើម និងAGM-88B HARM ចំនួន១០០ដើម មានសមត្ថភាពអាចបាញ់ចេញពីស្ថានីយ៍រ៉ាដាដែលមានមូលដ្ឋាននៅលើដី។ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាមេរិកបាននិយាយថា “ការលក់ដែលបានស្នើឡើងនឹងរួមចំណែកដល់សមត្ថភាពរបស់អ្នកទទួលក្នុងការផ្តល់ការការពារដែនអាកាសរបស់ខ្លួន សន្តិសុខក្នុងតំបន់ និងអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក”។ ចំណែកសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិរបស់តៃវ៉ាន់វិញបានលើកឡើងថា “កាំជ្រួចនេះនឹងជួយ “ការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែង និងការបង្កហេតុពីយោធាកុម្មុយនិស្តហើយនឹងពង្រឹងឃ្លាំងការពារ”។

កិច្ចព្រមព្រៀងលក់ដោយអាមេរិកនេះ បានកើតឡើងស្របគ្នាចំពេលដែលក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បានប្រទះឃើញយន្តហោះចម្បាំងចិនសរុបចំនួន ២១ គ្រឿង រួមមានយន្តហោះចម្បាំងពហុមុខងារ Chengdu J-10 ចំនួន ១៧ គ្រឿង និងយន្តហោះចម្បាំង Shenyang J-16 កម្រិតខ្ពស់ចំនួន ៤គ្រៀង បានហោះហើរទៅកាន់ជ្រុងភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់កោះនៅថ្ងៃព្រហស្បតិ៍ ជាលើកទី២ ដើមខែមីនានេះ៕

ប្រភព៖ REUTERS