Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ផ្តោតលើការពង្រឹងរចនាសម្ពន្ធ័ទីផ្សារ តាមរយៈការប្រមូលកៀគរផលិតផល និងសេវា

Media LNN | Mar 11, 2023
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ផ្តោតលើការពង្រឹងរចនាសម្ពន្ធ័ទីផ្សារ តាមរយៈការប្រមូលកៀគរផលិតផល និងសេវា
Clinic narith

 

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ នៅខេត្តបាត់ដំបង ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី តំណាងក្រសួង មន្ទីរពាក់ព័ន្ធ កងកំលាំង ផលិតករ ពាណិជ្ជករ សិប្បករ និស្សិត សរុបប្រមាណ២០០នាក់។

ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជខេត្តបាត់ដំបង បានមានចំណាប់អារម្មណ៍ថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ នៅពេលនេះ ចាត់ទុកថាជាលើកតំបូងសម្រាប់សភាពាណិជ្ជកម្ម ក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានផង និងជួយសម្រួលចរន្តទីផ្សារជូនសមាជិក សមាជិការសភាពាណិជ្ជកម្មផង ដែលកន្លងមកបានជួបប្រទះនូវការលំបាកមួយចំនួន ដូចជាការជ្រៀតចូលទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផលិតកម្ម ដែលជាការលំបាកក្នុងការប្រកួតប្រជែង ជាដើម។

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា បានបញ្ជាក់ជូនអង្គពិធីទាំងមូលថា ពិព័រណ៍នេះ ផ្តោតលើការពង្រឹងរចនាសម្ពន្ធ័ទីផ្សារ តាមរយៈការប្រមូលកៀគរផលិតផល និងសេវា ដែលសមាជិកសភាពាណិជ្ជកម្មរាជធានី-ខេត្តផលិតបាន នាំមកដាក់បង្ហាញចូលទីផ្សារ។

ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះឡើង ដើម្បីជួយជំរុញសកម្មភាពទីផ្សារនៅមូលដ្ឋានឱ្យមានចលនាកក្រើកឡើងវិញបន្ទាប់ពីអាក់ខានមួយរយៈពេលដោយសារវិបត្តិកូវីដ-១៩។ ឯកឧត្តមបញ្ជាក់ថា វិស័យឯកជន គឺជាដៃគូសហការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជំរុញឱ្យផលិតករកម្ពុជា ខិតខំបន្ថែមទៀតក្នុងការផលិតទំនិញសម្រាប់បម្រើទីផ្សារ ខណៈដែលរាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការខិតខំចរចារបើកច្រកទីផ្សារបានច្រើនរួចមកហើយ។

សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២៣ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៣ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ និងបន្លែ ផ្លែឈើ និងផលិតផលរបស់សហគមន៍ភូមិ១ ផលិតផល១ ក្នុងខេត្តបាត់ដំបង ដែលមានស្តង់សរុបចំនួន ៧៨ស្តង់។ ក្នុងអំឡុងពេលនេះក៏មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេល៣ថ្ងៃ ក្រោមប្រធានបទផ្សេងៗគ្នា៕