Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ប្រាយុទ្ធ ចាន់អូចា បានធានាដល់ប្រជាជាតិនៃការផ្លាស់ប្ដូរអំណាចដោយរលូនពីរាជរដ្ឋាភិបាលបច្ចុប្បន្នទៅរាជរដ្ឋាភិបាលថ្មី

Media LNN | May 25, 2023
លោក ប្រាយុទ្ធ ចាន់អូចា បានធានាដល់ប្រជាជាតិនៃការផ្លាស់ប្ដូរអំណាចដោយរលូនពីរាជរដ្ឋាភិបាលបច្ចុប្បន្នទៅរាជរដ្ឋាភិបាលថ្មី
Clinic narith

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) កាលពីថ្ងៃអង្គារទី២៣ ខែឧសភា បានធានាដល់ប្រជាជាតិនៃការផ្លាស់ប្ដូរដោយរលូនពីរាជរដ្ឋាភិបាលបច្ចុប្បន្នទៅរាជរដ្ឋាភិបាលថ្មី ដោយបន្ថែមថា វិធានការគ្រប់គ្រាន់កំពុងត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងអំឡុងពេលដំណើរការនេះ។

នាយករដ្ឋមន្ត្រីរូបនេះ ក៏បានជំរុញឱ្យភាគីទាំងអស់ ជៀសវាងសកម្មភាពបំភិតបំភ័យ ដោយបង្កើតសេណារីយ៉ូដ៏គួរឱ្យភ័យខ្លាចអំពីស្ថានការណ៍នយោបាយ ដែលអាចធ្វើឱ្យសាធារណជនមានការខកចិត្ត។ ឧត្តមសេនីយ៍ ប្រាយុទ្ធ បានថ្លែងយ៉ាងដូច្នេះថា៖​ «ដោយសារប្រទេសត្រូវដើរទៅមុខ យើងត្រូវបន្តធ្វើការបន្ថែមទៀត​ ដើម្បីមើលថែប្រជាជន ខណៈរង់ចាំរាជរដ្ឋាភិបាលថ្មីចូលមកកាន់តំណែង»។ លោកបន្តថា៖ «សូម​កុំ​បង្កើត​បញ្ហា​បន្ថែម​ទៀត​។​ ជា​ធម្មតា ខ្លួនខ្ញុំ​ផ្ទាល់​​មិន​ដែលមាន​បញ្ហា​ជាមួយ​ភាគី​ណា​មួយ​ទេ ហើយ​ខ្ញុំ​គោរព​ដំណើរការ​ប្រជាធិបតេយ្យ​ ដែល​យើងកំពុងមាននាពេលនេះ​»។ ចំពោះការព្រួយបារម្ភអំពីតម្រូវការក្នុងការបន្តជំរុញសេដ្ឋកិច្ចរបស់ប្រទេស ក្នុងអំឡុងពេលផ្លាស់ប្ដូរពីរាជរដ្ឋាភិបាលចាំផ្ទះទៅរដ្ឋាភិបាលថ្មីនោះ ឧត្តមសេនីយ៍ ប្រាយុទ្ធ បានលើកឡើងថា វិធានការគ្រប់គ្រាន់ត្រូវបានធ្វើឡើងដើម្បីគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ច។ ទន្ទឹមគ្នានោះ នៅពេលត្រូវបានសាកសួរអំពីការលក់មូលបត្របំណុលរបស់ប្រទេសថៃនាពេលថ្មីៗនេះ ដោយមូលនិធិសកល ជុំវិញការព្រួយបារម្ភអំពីភាពមិនច្បាស់លាស់ខាងនយោបាយរបស់ប្រទេស លោកបានអះអាងថា វាមិនអាចទៅរួចទេក្នុងការបញ្ឈប់មូលនិធិទាំងនោះ ពីការលក់មូលបត្របំណុលរបស់ប្រទេសថៃ។

យ៉ាងណាក្ដី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានឱ្យដឹងថា ប្រទេសថៃនៅតែមានស្ថានភាពហិរញ្ញវត្ថុល្អ បើទោះបីជាមានភាពមិនច្បាស់លាស់ផ្នែកនយោបាយខ្លះក៏ដោយ ហើយភាគីទាំងអស់គួរតែរួមដៃគ្នាទប់ស្កាត់ពីការវិវត្តទៅជាបញ្ហាធ្ងន់ធ្ងរបន្ថែមទៀត។ ឧត្តមសេនីយ៍ ប្រាយុទ្ធ ក៏បានលើកឡើងផងដែរថា រឿងតែមួយគត់ដែលលោករំពឹងថា នឹងកើតឡើងនោះគឺ សន្តិភាពនៅក្នុងប្រទេស ហើយក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះ លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន រហូតដល់រដ្ឋាភិបាលថ្មីចូលកាន់តំណែង។ បន្ថែមលើនោះ នៅពេលសួរថា តើលោកធ្លាប់បានពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ប្រាវីត វង្សស៊ូវ៉ុន (Prawit Wongsuwon) អំពីអនាគតនយោបាយរបស់ពួកគេដែរឬទេ ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកមិនបានពិភាក្សាជាមួយឧត្តមសេនីយ៍៍ ប្រាវីត អំពីអ្វីក្រៅពីការទទួលខុសត្រូវដែលនៅសល់របស់ពួកគេ ក្នុងឋានៈជាគណៈរដ្ឋមន្ត្រីចាំផ្ទះនោះទេ។

ដោយឡែក ចំពោះចលនាតាមប្រព័ន្ធអ៊ិនធឺណេត ដែលអ្នកគាំទ្រគណបក្សចលនាឆ្ពោះទៅមុខ (MFP) កំពុងត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការប្រមូលផ្តុំមួយ ដើម្បីដាក់សម្ពាធព្រឹទ្ធសភាឱ្យគាំទ្រការបង្កើតរដ្ឋាភិបាលថ្មី ដឹកនាំដោយបក្ស MFP ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា អាជ្ញាធរសន្តិសុខនឹងធានាថា ការប្រមូលផ្តុំអាចកើតឡើងបាននៅក្នុងរង្វង់ព្រំដែននៃច្បាប់៕