
នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករនិយោជិតជាង ៥ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន២០ មានកម្មករនិយោជិតសរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរសម្តេចនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានរោងចក្រច្រើន ក្រៅពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺជាដើម។
វិស័យកាត់ដេរ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ និងផ្តល់ចំណូលសម្រាប់ពន្ធដារ។
កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបណ្តោះអាសន្នរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រទេសគោលដៅសំខាន់ដែលកម្ពុជានាំចេញ មានដូចជា សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី ជប៉ុន ចិន អាល្លឺម៉ង់ ថៃ កាណាដា និងអង់គ្លេសជាដើម។
សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង ៣៤៧លានដុល្លារ មានការធ្លាក់ចុះ ៣១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបានជាង ៥១០លានដុល្លារអាមេរិក៕