
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ចូសែហ្វ សូយ័រ (Joseph Scheuer) អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។
ក្រោយចប់ជំនួបការងារ កាលពីព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់អង្គការសហប្រជាជាតិ ដែលមានបំណងបន្តចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដែលការងារនេះ ទាមទារឱ្យមានកិច្ចសហការល្អ មានការសិក្សា និងផែនការច្បាស់លាស់ ប្រើប្រាស់ថវិកាឱ្យចំទិសដៅ ស្របតាមគោលនយោបាយរបស់ក្រសួង ដោយគិតគូរទាំងទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងបរិស្ថាន ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់ ធានាស្ថេរភាពសន្តិសុខស្បៀង បង្កើនចំណូល ផ្តល់ចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ប្រភពដដែល បានលើកឡើងបន្តថា ភាគីទាំងពីរ បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមរបស់ក្រសួង ដែលចង់ប្រែក្លាយខេត្តព្រះវិហារទៅជាតំបន់បៃតង ជាកន្លែងផលិត និងជាទីផ្សារនៃផលិតផលសរីរាង្គសម្រាប់សុខភាព។ ការងារនេះ នឹងផ្តល់ចំណូលដល់សហគមន៍កសិកម្ម មានផលចំណេញដល់កសិករជាប្រចាំ។ យ៉ាងណាក៏ដោយ ប្រជាកសិករចាំបាច់ត្រូវទទួលបានការត្រួសត្រាយ និងណែនាំផ្នែកបច្ចេកទេស ព្រមទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាកម្ចីដែលមានអត្រាការប្រាក់ទាប ទើបធ្វើឱ្យគំនិតផ្ដួចផ្ដើមនេះ ក្លាយជាការពិត និងអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕