
ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា «មួយរយៈចុងក្រោយនេះ ការជជែកវែកញែកអំពីសេរីភាពទាក់ទិនទៅនឹងការបោះឆ្នោត ត្រូវបានលើកឡើងជាបន្តបន្ទាប់»។ សម្តេច បានបញ្ជាក់ថា «រាជរដ្ឋាភិបាល នៅតែប្រកាន់ខ្ជាប់អំពីសិទ្ធិរបស់ពលរដ្ឋ ទាក់ទិនទៅនឹងការចូលរួម ឬមិនចូលរួមសម្រាប់ការបោះឆ្នោត »។
សម្តេចបានបន្តថា «ប្រជាជន អាចទៅបោះឆ្នោត ឬមិនអាចទៅបោះឆ្នោត នោះគឺជាសិទ្ធិជ្រើសរើសរបស់ប្រជាជន ប៉ុន្តែនៅទីនេះ រាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បន្ទាប់ពីបានពិភាក្សាជាមួយសម្តេច ស ខេង និងឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ យើងចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត »។
សម្តេចបានបន្តថា «អ្នកដែលមានបំណងចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវទទួលខុសត្រូវជាពលរដ្ឋល្អរបស់ប្រជាជាតិក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិបោះឆ្នោត »។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកដែលមិនបានបោះឆ្នោតដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ គឺត្រូវបានចាត់ទុកថាត្រូវបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះ នៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ »។
ចំណុចនេះសម្តេចក៏បានបញ្ជាក់ថា «បើយើងពិនិត្យស្ថានភាពនៅព្រះរាជាណាចក្រថៃ ឥឡូវនេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលយើងទទួលបានដំណឹងគឺ គណបក្សមួយចំនួនត្រូវបាត់បង់សមាជិកសភាមួយចំនួនពីការជាប់ឆ្នោតទៅជាបាត់បង់ នូវសិទ្ធជាប់ឆ្នោតទៅវិញ ដោយសារតែពួកគាត់ ទាំងនោះមិនបានបំពេញកាតព្វកិច្ចក្នុងការទៅបោះឆ្នោតលើកទីមួយ ដូច្នេះនៅកម្ពុជា ក៏អាចធ្វើបែបនេះទៅបាន ដោយយើងធ្វើការកែទម្រង់ឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ប្រសិនបើមិនបានទៅបោះឆ្នោតលើកទីមួយទេ ក៏មិនអាចទៅឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យបានដែរ ទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងក្រុមប្រឹក្សាស្រុកខណ្ឌ ក្រុង ទាំងក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា ទាំងសមាជិករដ្ឋសភា ដូច្នេះនេះគឺជាការទទួលខុសត្រូវដែលយើងក្នុងនាមជាប្រទេសប្រជាធិបតេយ្យមួយ ហើយយើងក៏មិនបានអនុវត្ត នូវទណ្ឌកម្មណាមួយដូចប្រទេសប្រជាធិបតេយ្យខ្លះ ដែលប្រទេសប្រជាធិបតេយ្យខ្លះ អ្នកមិនបានទៅបោះឆ្នោតដោយគ្មានមូលហេតុត្រូវទទួលទណ្ឌកម្ម ប៉ុន្តែសម្រាប់យើងអ្នកទៅបោះឆ្នោតប្រជាពលរដ្ឋដែលទៅបោះឆ្នោតក៏បាន ឬក៏មិនទៅក៏បាន គឺជាសិទ្ធ ក៏ប៉ុន្តែសម្រាប់អ្នកដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត គឺចាំបាច់ត្រូវមានការបោះឆ្នោតលើកទីមួយ មុនពេលដែលខ្លួនឈរឈ្មោះ »។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា សម្តេចបានប្រគល់ភារកិច្ចឲ្យសម្ដេចក្រឡាហោម ស ខេង និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិភាក្សាជាបន្ទាន់ ដើម្បីធ្វើវិសោធកម្មច្បាប់បោះឆ្នោត ដែលត្រូវអនុម័តនៅពេលខាងមុខនេះ ដើម្បីចៀសវាងនិយាយចុះនិយាយឡើង ហើយយើងត្រូវតែនិយាយពីរឿងច្បាប់ គឺអ្នកណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ប្រសិនបើមិនអាចទៅបោះឆ្នោត ឧទាហរណ៍ ការបោះឆ្នោតថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ អ្នកណាក៏ដោយ បើសិនជាមិនបានទៅបោះឆ្នោតពេលនោះទេ អ្នកនោះ គឺមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតនៅពេលខាងមុខ ដែលជាការបោះឆ្នោតអសកលក្ដី ជាសមាជិកក្រុមប្រឹក្សា ស្រុក ខណ្ឌក្រុង ខេត្ត រាជធានី ជាការបោះឆ្នោតសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងជាការបោះឆ្នោតសមាជិកសភានៅឆ្នាំ២០២៨ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់មមូលហេតុថា «ធ្វើយ៉ាងនេះ គឺដើម្បីពង្រឹងការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បើខ្លួនមិនអាចបំពេញកាតព្វកិច្ចក្នុងឋានៈជាពលរដ្ឋល្អសម្រាប់ការបោះឆ្នោតតើមានហេតុផលអ្វីដែលនឹងត្រូវមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ»៕