Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កាស៊ីណូចំនួន ១៧៨ ទីតាំងហើយ ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីធ្វើប្រតិបត្តិការស្របច្បាប់

Media LNN | Jun 26, 2023
កាស៊ីណូចំនួន ១៧៨ ទីតាំងហើយ ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីធ្វើប្រតិបត្តិការស្របច្បាប់
Clinic narith

ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ គឺជាឆ្នាំ ដែលវិស័យល្បែងពាណិជ្ជកម្ម កំពុងមានការរឹតបន្តឹងក្នុងការអនុវត្តច្បាប់ ពោលគឺជាឆ្នាំដែលត្រូវអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលតម្រូវឲ្យស្ថាប័នមានសមត្ថកិច្ចត្រូវស្រង់ស្ថិតិចំនួនកាស៊ីណូ ដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសឡើងវិញ និងតម្រូវឲ្យម្ចាស់អាជីវកម្មក្នុងវិស័យនេះមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសាជាថ្មីផងដែរ។មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា គិតមកជាងពាក់កណ្ដាលខែមិថុនានេះ មានម្ចាស់កាស៊ីណូប្រមាណ ១៧៨ ហើយ ដែលបានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការដោយស្របច្បាប់។

ឯកឧត្តម រស់ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ២០២៤ វិស័យល្បែងពាណិជ្ជកម្ម កំពុងមានការរឹតបន្តឹងក្នុងការអនុវត្តច្បាប់ ដោយតាមរយៈការអនុវត្តច្បាប់នេះ រដ្ឋតម្រូវម្ចាស់កាណូស៊ី ដែលកំពុងដំណើរការទាំងអស់ទូទាំងប្រទេស មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសាជាថ្មី ដើម្បីធានាភាពស្របច្បាប់ក្នុងវិស័យនេះ។ ឯកឧត្តម រស់ ភិរុណ គូសបញ្ជាក់ថា កាលពីមុនឆ្នាំ២០២០ កន្លងទៅ វិស័យកាស៊ីណូ ពុំទាន់មានច្បាប់គ្រប់គ្រោងនោះទេ គឺមានតែលិខិតបទដ្ឋានក្រោមច្បាប់តែប៉ុណ្ណោះ ហើយរហូតដល់ចុងឆ្នាំ២០២០ ទើបវិស័យនេះមានច្បាប់គ្រប់គ្រោង និងដល់ឆ្នាំ២០២១ គឺមានការរៀបចំលិខិតបទដ្ឋានក្រោមច្បាប់។ រហូតដល់ឆ្នាំ២០២២ គឺជាពេលដែលតម្រូវឲ្យស្ថាប័នមានសមត្ថកិច្ចត្រូវជំរុញឱ្យម្ចាស់កាស៊ីណូទាំងអស់ដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេស មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសាជាថ្មី ដើម្បីធ្វើប្រតិបត្តិការដោយស្របច្បាប់ ដោយការតម្រូវឲ្យស្នើសុំអាជ្ញាបណ្ណសាជាថ្មីនេះ គឺដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលក្នុងវិស័យមួយនេះផងដែរ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ រហូតមកទល់ពេលនេះ មានម្ចាស់កាស៊ីណូចំនួន ១៧៨ ហើយ ដែលបានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីធ្វើប្រតិបត្តិការដោយស្របច្បាប់នេះ។យ៉ាងណាមិញ ចំពោះចំណូលជាក់ស្តែងពីវិស័យល្បែងពាណិជ្ជកម្មនៅរយៈពេលជិត ១ឆមាសក្នុងឆ្នាំ២០២៣នេះ ឯកឧត្តម រស់ ភិរុណ នៅមិនទាន់អាចបញ្ជាក់បានអំពីចំនួនជាក់លាក់នៅឡើយនោះទេ ដោយសារតែបច្ចុប្បន្ន ការប្រមូលចំណូលរបស់វិស័យល្បែងពាណិជ្ជកម្មនេះ គឺមានការគ្រប់គ្រោងដោយ ២ផ្នែក គឺគ្រប់គ្រោងដោយអគ្គនាយកដ្ឋានពន្ធដារផង និងអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង។ ជាងនេះទៅទៀត ដោយសារការប្រមូលចំណូលនេះធ្វើតាមរយៈស្វ័យប្រកាស ហើយប្រតិបត្តិករខ្លះកំពុងតែរៀបចំស្វ័យប្រកាសនៅឡើយ និងនៅមិនទាន់មានការយល់ដឹងគ្រប់គ្រាន់ជាមួយនឹងការរៀបចំថ្មីនេះផងនោះ ដូច្នេះហើយនាំឱ្យការអនុវត្តនៅក្នុងរយៈពេលជិត១ឆមាសឆ្នាំនេះ ហាក់នៅមានការយឺតយ៉ាវនៅឡើយ។ យ៉ាងណាក៏ដោយចុះ ឯកឧត្តម រស់ ភិរុណ សង្កេតឃើញថាចំណូលក្នុងវិស័យនេះ ហាក់មានការស្ទុះងើបឡើងវិញ បើធៀបនឹងឆ្នាំមុន។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណល្បែងអនឡាញគ្រប់ប្រភេទនៅកម្ពុជា ហើយបម្រាមនេះ បានធ្វើឲ្យអាជីវកម្មឧស្សាហកម្មល្បែង និងកាស៊ីណូនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងគំហុក ពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលមានម្ចាស់កាស៊ីណូ និងអ្នកលេងភាគច្រើនជាជនជាតិចិន។ លុះក្រោយមកទៀត នៅក្នុងឆ្នាំ២០២០ អំឡុងខែមេសា រាជរដ្ឋាភិបាលក៏បានផ្អាកដំណើរការអាជីវកម្មកាស៊ីណូ ក្រោយមានការរាតត្បាតកូវីដ១៩ ហើយបន្ទាប់ពីនោះមក មានអាជីវកម្មកាស៊ីណូតិចតួចប៉ុណ្ណោះ ដែលបានបើកដំណើរការឡើងវិញ៕