Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាជ្ញាធរ​សវនកម្ម​ជាតិ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ទ្រទ្រង់មូលនិធិ​គន្ធបុប្ផា​កម្ពុជា

Media LNN | Jun 28, 2023
អាជ្ញាធរ​សវនកម្ម​ជាតិ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ទ្រទ្រង់មូលនិធិ​គន្ធបុប្ផា​កម្ពុជា
Clinic narith

ភ្នំពេញៈ ​អាជ្ញាធរ​សវនកម្ម​ជាតិ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ទ្រទ្រង់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន​លេខាធិការដ្ឋាន និង​ជន​បង្គោល ដើម្បី​សម្របសម្រួល និង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាប្រចាំ​ជាមួយ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​អនុវត្ត ការងារ​ផ្សេងទៀត​តាម​ការណែនាំ​របស់​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ​។​

​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ចុះ​ថ្ងៃទី ២១ ខែមិថុនា ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ២៧ ខែមិថុនា បានឱ្យដឹងថា លេខាធិការដ្ឋាន និង​ជន​បង្គោល នៃ​គណៈកម្មការ​ទ្រទ្រង់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវ​សម្របសម្រួល និង​ផ្ទេរ​ថវិកា​បរិច្ចាគ​ទៅ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​ធនាគារ​ដៃគូ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ឬ​តាម​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន​ទីតាំងនៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​លោកស្រី សោម គីម​សួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បានឱ្យដឹងថា គណៈកម្មការ​ដែល​បាន​បង្កើត​នេះ​ត្រូវ​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការចូលរួម​បរិច្ចាគ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​សប្បុរសជន​ដែល​ចូលរួម​បរិច្ចាគ រួ​មាន​ទាំង​ភាសា​ខ្មែរ និង​អក្ស​រឡាតាំង ភេទ និង​ចំនួន​ថវិកា​បរិច្ចាគ និង​លេខ​ទូរស័ព្ទ របស់​សប្បុរសជន ទៅ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បូកសរុប និង​ផ្សព្វផ្សាយ ជា​សាធារណៈ​ឱ្យបាន​ទាន់ពេលវេលា ក្នុង​គោលដៅ​ធានា​តម្លាភាព និង​ទំនុកចិត្តពី​សាធារណជន​។

​លោកស្រី​បញ្ជាក់ថា​៖«​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​អាជ្ញាធរ​សវនកម្ម​ជាតិ មាន​តួនាទី​ផ្សព្វផ្សាយ អំពាវនាវ និង​បំផុស​ចលនា​កៀរគរ ការបរិច្ចាគ​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ចំណុះឱ្យ​អាជ្ញាធរ​សវនកម្ម​ជាតិ​»​។

​មន្ត្រី​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​២៧ ខែមិថុនា​ថា កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រួមទាំង​វិស័យ​ឯកជន​ឱ្យ​បង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយ​កៀរគរ​ការបរិច្ចាគ​ពី​សប្បុរសជន​។ គិត​មកដល់ពេលនេះ​មាន​ជាង ៤០​ស្ថាប័ន និង​ក្រុមហ៊ុន​ហើយ ដែល​បាន​បង្កើតឱ្យមាន​គណៈកម្មកា​រ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ប្រចាំ​ស្ថាប័ន​។

 

​លោក​ថ្លែងថា​៖«​ជា​យន្តការ​យោងតាម សជណ របស់​រាជរដ្ឋាភិបាល គឺ​យើង​ឱ្យ​បង្កើត​គ្រប់​ស្ថាប័ន​ទាំងអស់ ហើយ​ឥឡូវ​បន្ទាប់ពី​មានការ​ប្រជុំ​ថ្មីៗ​នេះ ពួគគាត់​នឹង​បន្ត​បង្កើត​គណៈកម្មការ​ទ្រទ្រង់​តាម​ស្ថាប័ន​នីមួយៗ ជា​បន្តបន្ទាប់​ទៀត​»​។

​មន្ត្រី​ដដែល​នេះ​បាន​ឱ្យដឹងទៀតថា ថវិកា​បរិច្ចាគ​ដែល​ប្រមូលបាន​នៅតាម​ក្រសួង ស្ថាប័ន​ផ្សេងៗ អាចធ្វើ​ការផ្តល់ជូន​មក​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផ្ទាល់​ក៏បាន ឬ​អាច​ផ្តល់ជូន​តាមរយៈ​ធនាគារ​ដៃគូរ​របស់​មូល​និ​ធិគន្ធបុប្ផា​កម្ពុជា ក៏បាន​។

​កាលពី​ថ្ងៃទី​២២ និង​២៣ ខែមិថុនា​នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​តំណាង​ក្រសួង​-​ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត និង​តំណាង​ក្រុមហ៊ុន​សហគ្រាស និង​សមាគម​ធុរកិច្ច​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​អំពី​ការបង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​លើគ​ហ​ទំព័រ​ទូរ​ទស្ស​ន៍ជាតិ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែមិថុនា​។

​ប្រភព​ដដែល​បន្តថា ក្នុង​កិច្ចប្រជុំ​នោះ លោក ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​, រដ្ឋបាល​រាជធានី​-​ខេត្ត​, ក្រុមហ៊ុន​សហគ្រាស និង​សមាគម​ធុរកិច្ច​នីមួយៗ ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​គណៈកម្មកា​រ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​ក្រុមហ៊ុន​ស្ថាប័ន ដែល​តាមរយៈ​នេះ ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក តាម​បណ្ដា​ស្ថាប័ន​នីមួយៗ​អាច​ចូល​ជា​សមាជិក​គាំទ្រ​របស់​មូលនិធិ​គន្ធបុប្ផា តាមរយៈ​ការបរិច្ចាគ ៥​ពាន់​រៀល ក្នុង​១​ខែ ឬ ៦​ម៉ឺន​រៀល ក្នុង​១​ឆ្នាំ ដើម្បី​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​រក្សា​និរន្តរ​ភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ការបន្ត​បេសកកម្ម​ពិនិត្យ និង​ព្យាបាល​ទារក និង​កុមារ​នៅ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ប្រកបដោយ​គុណភាព និង​មិនមាន​ការរើសអើង​។​

​ក្នុងអំឡុង​កិច្ចពិភាក្សា​នោះ តំណាង​ក្រសួង​-​ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត ក្រុមហ៊ុន​សហគ្រាស និង​សមាគម​ធុរកិច្ច បានបង្ហាញ​នូវ​ការគាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​នៃ​ការបង្កើត​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នេះ​ឡើង និង​បានផ្ដល់​ជា​មតិយោបល់​ដែល​អាច​ប្រើ​ជា​ធាតុ​បន្ថែម ព្រមទាំង​បាន​សន្យា​ផ្ដល់​ការគាំទ្រ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​កៀរគរ​ការបរិច្ចាគ​នានា ដែល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ត្រូវការ​កិច្ចសហការ​រៀបចំ នាពេលខាងមុខ​៕