Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន នឹងប្តឹងទៅអង្គការសហប្រជាជាតិ បើមានដ្រូនបន្តហោះចូលដែនដីកម្ពុជា

Media LNN | Jun 29, 2023
សម្តេចតេជោ ហ៊ុន សែន នឹងប្តឹងទៅអង្គការសហប្រជាជាតិ បើមានដ្រូនបន្តហោះចូលដែនដីកម្ពុជា
Clinic narith

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានថា កម្ពុជានឹងប្តឹងទៅអង្គការសហប្រជាជាតិ (UN) បើមានដ្រូនបន្តហោះចូលដែនដីកម្ពុជា ហើយសម្តេចតេជោ ក៏បានអំពាវនាវដល់ប្រទេសអាស៊ាន រួមគ្នាប្រឆាំងនឹងការប្រើដ្រូនចូលទឹកដីប្រទេសជាសមាជិក។

ការអំពាវនាវរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែប៉ុន្មានថ្ងៃនេះ មានការបំពានជាបន្តបន្ទាប់ ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា បង្ហោះចូលដែនដីកម្ពុជា។

ថ្លែងពេលអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈថា កាលពីយប់មិញនេះ មិនមានដ្រូនហោះចូលដីខ្មែរនោះឡើយ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានមធ្យោបាយដើម្បីបំផ្លាញដ្រូន។ មកធ្វើអី? ទឹកដីរបស់យើងមិនអនុញ្ញាតឲ្យនរណាមកឈ្លានពានទេ។ ក្រសួងការបរទេស ក៏បានចេញសេចក្តីថ្លែងការណ៍ហើយដែរ ហើយខ្ញុំពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន (ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) ថា បើសិនជាបន្តទៅទៀត យើងធ្វើលិខិតជូនអង្គការសហប្រជាជាតិតែម្តង ដើម្បីឲ្យជួយពិនិត្យមើលផ្នែកណាមួយ ដែលរដ្ឋអធិបតេយ្យមួយ ត្រូវគេបង្ហោះអាកាសយានចូលក្នុងស្រុកយើង តើជាអំពើភេរវកម្មទេ? យើងក៏គួរតែសរសេរទៅកាន់ប្រធានអាស៊ានផងដែរ ដើម្បីថា ប្រទេសយើងត្រូវញាំញីទៅដោយដ្រូន ដោយមិនមានអត្តសញ្ញាណ។

បើតាមប្រសាសន៍សម្តេចតេជោ ជួនកាលការបង្ហោះដ្រូន គឺជាសកម្មភាពធ្វើភេរវកម្ម ដែលអាស៊ានត្រូវរួមដៃគ្នា ក្រែងលោកមានការធ្វើភេរវកម្ម នៅប្រទេសសមាជិកអាស៊ានណាមួយ ព្រោះដ្រូនឥឡូវអាចសម្លាប់មនុស្សបាន។ សម្តេចតេជោ រំលឹកថា មេទ័ពអ៉ីរ៉ង់ម្នាក់ ធ្លាប់ត្រូវអាមេរិកសម្លាប់ដោយសារដ្រូន ជំនាន់លោក ដូណាល់ ត្រាំ។

សូមជម្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា «ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភ បំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា»

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងការបរទេស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតាមដានដោយ ការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុស ច្បាប់ ទៅលើស្នាក់ការប៉ូលីស នៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត។

ក្រសួងនេះបានបន្តថា ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់ មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីនោះឡើយ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា ជាមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សាខាងលើនេះ កម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរីថា មានយន្តហោះគ្មានមនុស្សបើកបរ (drones) ហោះចូលដែន អាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ គឺជាការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងនូវ ការហោះចូល ដោយយន្តហោះគ្មានមនុស្សបើកបរនោះ សាជាថ្មីចូលមកក្នុងដែនអាកាសរបស់ កម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស។

បើតាមក្រសួងការបរទេស, ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការបន្តខាងផ្លូវច្បាប់ និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះ មកលើអធិបតេយ្យភាព និងបូរណ៍ភាពទឹកដីរបស់កម្ពុជា៕