Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករនៅខេត្តពោធិ៍សាត់ មុនពេលសម្រាកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត

Media LNN | Jun 30, 2023
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករនៅខេត្តពោធិ៍សាត់ មុនពេលសម្រាកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត
Clinic narith

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ​កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់។

ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី១៩ រាប់ចាប់ពីថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ២០​២៣​មក ហើយក៏ជាជំនួបចុងក្រោយមុននឹងសម្តេចតេជោសម្រាកក្នុងយុទ្ធ​នា​ការឃោសនារកសំឡេងឆ្នោត។ សម្តេចតេជោ បានប្រកាសថា នឹងបន្តការចុះ​ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្រោយការបោះឆ្នោតរួចរាល់។

ក្នុងបេសកកម្មចុះជួបកម្មករនិយោជិតកាលពីជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ រួចម្តងមកហើយកាលពីឆ្នាំ២០១៩។

បើតាមលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១០ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត ចូលរួមសំណេះសំណាលជាមួយសម្តេចតេជោនេះ មានទីតាំងនៅ​ក្រុង​ពោធិ៍​សាត់ចំនួន១, ស្រុកក្រគរចំនួន៨ និងស្រុកបាកានចំនួន​១។

រោងចក្រទាំង១០នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិត​គ្រឿង​អេឡិចត្រូនិចចំនួន៥, ដំឡើងរថយន្តចំនួន១ និងផលិតផល​កសិកម្ម​ចំនួន១។

ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់ មួយ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?

ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅ​ជិត​ផ្ទះរបស់ប្រជាពលរដ្ឋ។

ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់ មានរោងចក្រ សហគ្រាសចំនួន២០៩ មានកម្មករ​ និយោ​ជិតប្រមាណ ១ម៉ឺន ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៣១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់​ដេរ​ចំនួន៣ មានកម្មករនិយោជិត​សរុបជាង ៦ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តពោធិ៍សាត់ ជាខេត្តទី១៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនក្នុងវិស័យកាត់ដេរ រួមទាំងកម្មន្តសាល ស្ថានីយ៍ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។ល។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ​ជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង​ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស​នេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ​ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ​មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់​ផ​​លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត​ចំនួន​ប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល​បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត​បានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

សម្រាប់ជំនួបជុំទី២ ដែលមានចំនួន១៩លើក សម្តេចតេជោ បានជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុបជិត ៣៤ម៉ឺននាក់។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច​តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពល​របស់​រាជ​រដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។

នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមាន​រហូត​ដល់​ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕