Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការប្រើប្រាស់ក្រដាសប្រាក់កាន់តែថយចុះ ជំនួសដោយការទូទាត់​តាមប្រព័ន្ធអេឡិចត្រូនិច

Media LNN | Jul 11, 2023
ការប្រើប្រាស់ក្រដាសប្រាក់កាន់តែថយចុះ ជំនួសដោយការទូទាត់​តាមប្រព័ន្ធអេឡិចត្រូនិច
Clinic narith

ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច កំពុងពេញនិយមខ្លាំងនៅកម្ពុជា ខណៈការចាយវាយតាមក្រដាសប្រាក់​មានការ​ថមថយ ជាពិសេសនៅតំបន់ទីក្រុង ទីប្រជុំជន និងផ្សារជាដើម។ ប៉ុន្តែ ទោះយ៉ាងណា នៅមានការចាយវាយ​ក្រ​ដាស​ប្រាក់ច្រើននៅឡើយនៅតាមទីជនបទ។

តើការប្រើប្រាស់ក្រដាសប្រាក់កាន់តែថយចុះ ជំនួសដោយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះ មានផលវិជ្ជមាន និងអវិជ្ជមានដូចម្តេចដែរ?

លោក កាំង តុងងី ប្រធាននាយក​ដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មីថា និន្នាការនៃការប្រើប្រាស់ ទូទាត់ ឬផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច មានការវិត្តន៍ទូទាំងពិភពលោក មិនមែនតែនៅកម្ពុជា​នោះទេ។ ដោយឡែកនៅកម្ពុជា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច មានការស្ទុះឡើងខ្លាំងគឺនៅអំឡុងពេល​វិបត្តិ​កូវីដ-១៩។ លោកមើលឃើញថា ទៅថ្ងៃខាងមុខ សន្ទុះនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចកាន់តែមានកំណើនខ្លាំង ខណៈការចាយវាយក្រដាសប្រាក់កាន់តែថយចុះ។

 

បើតាមលោក តុងងី ការកើនឡើងនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច គឺជានិន្នាការល្អសម្រាប់កម្ពុជា ដើម្បីជួយឱ្យការ​ប្រើ​ប្រាស់ហិរញ្ញវត្ថុក្នុងវិស័យសេដ្ឋកិច្ចទៅក្នុងប្រព័ន្ធផ្លូវការដែលមានភាពងាយស្រួល និងអត្ថប្រយោជន៍សម្រាប់អតិថិជន ប្រកបដោយសុវត្ថិភាព។

លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការទូទាត់តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច គឺផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាល ទី១ ក្នុងការប្រមូលពន្ធ និងទី២ កាត់បន្ថយ​ការបោះ​ពុម្ព​ក្រដាសប្រាក់។ លោកបណ្ឌិតបានបន្ថែមថា ការទូទាត់តាមបច្ចេកវិទ្យានេះ នឹងធ្វើឱ្យមាន​ប្រតិបត្តិការ​លំហូរ​ហិរញ្ញ​វត្ថុកាន់តែច្រើនជាងមុន ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ការចាយវាយតាមប្រព័ន្ធអេឡិចត្រូនិច មិនមានផលប៉ះពាល់អ្វីច្រើនោះទេ គ្រាន់តែថា មនុស្សលែងសូវស្រឡាញ់ និងកាន់ក្រដាសប្រាក់។ ចំណែកការចាយវាយក្រដាសប្រាក់ គឺត្រូវចំណាយលុយ​ដើម្បី​បោះ​ពុម្ព ហើយក្រដាសប្រាក់ប្រើតែងតែសឹកខូចត្រូវបោះថ្មីជានិច្ច។

ទោះយ៉ាងណា លោក កាំង តុងងី ក៏កត់សម្គាល់ឃើញថា ការទូទាត់ប្រាក់តាមបច្ចេកវិទ្យា ឬឌីជីថលនេះ ក៏មានបញ្ហា​ប្រឈម​នឹងហានិភ័យខ្លះដែរ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវស្វែងយល់ឱ្យបានច្បាស់ និងត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវ​ទុកដាក់លេខគណនី និងលេខសម្ងាត់ឱ្យមានសុវត្ថិភាពបំផុត ជាពិសេសកុំ​មានការ​ចែករំលែក​ទិន្នន័យផ្ទាល់​ខ្លួនទៅ​ឱ្យអ្នកដទៃ៕