Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃ កំពុងឈឺក្បាលរឿងកើនឡើងបំណុលគ្រួសារខ្ពស់ ចំពេលការបង្កើតរដ្ឋាភិបាលថ្មី កំពុងជាប់គាំង

Media LNN | Jul 12, 2023
ថៃ កំពុងឈឺក្បាលរឿងកើនឡើងបំណុលគ្រួសារខ្ពស់ ចំពេលការបង្កើតរដ្ឋាភិបាលថ្មី កំពុងជាប់គាំង
Clinic narith

គិតមកទល់ពេលនេះ វាមានរយ:ពេលជិត ២ ខែហើយ ចាប់តាំងពីគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យថ្មី ឆ្ពោះទៅមុខ បានឈ្នះសំឡេងឆ្នោតច្រើនជាងគេ នៅក្នុងការបោះឆ្នោតជាសកល កាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ។ ហើយខណ:ពេលដែលប្រទេសថៃ កំពុងរង់ចាំការបង្កើតរដ្ឋាភិបាលថ្មីនោះ ភាពស្មុគស្មាញក៏កាន់តែកើនឡើងខ្លាំងផងដែរ ជាមួយនឹងបំណុលគ្រួសារនៅក្នុងប្រទេសនេះ កាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ទៅៗ ។កាលពីថ្ងៃទី ៣ ខែកក្កដា ធនាគារកណ្តាលរបស់ថៃ បានធ្វើការប្រកាសថា បំណុលគ្រួសាររបស់ប្រទេសខ្លួន បានកើនឡើងដល់ ១៦ពាន់លានបាត (៤៥៥លានដុល្លារ) ​គិតនៅត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ឬស្មើ ៩០,៣% នៃGDP ពោលគឺបានកើនឡើងពី ៨៧% ក្នុងត្រីមាសទី៤ ឆ្នាំ ២០២២ ។

យ៉ាងណាមិញ ចំពោះកើនឡើងខ្លាំងនៃទិន្នន័យចុងក្រោយបំផុតនេះ គឺកើតឡើងចំពេលកំពុងមានការផ្លាស់ប្តូរគោលនយោបាយមិនច្បាស់លាស់ នៅក្នុងប្រទេស។ ខណ:តាមការគ្រោងទុក នៅថ្ងៃទី ១៣ ខែកក្កដា ខាងមុខ សភាថៃនឹងធ្វើជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី តាមរយ:ការបោះឆ្នោតរួមគ្នានៃសមាជិកព្រឹទ្ធសភាចំនួន ២៥០ រួមទាំងសមាជិកសភាដែលទើបជាប់ឆ្នោតថ្មីចំនួន ៥០០ រូប។

តែទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងក្រុមចម្រុះ ដែលមកពីគណបក្សចំនួន ៨ រួមទាំងគណបក្សឆ្ពោះទៅមុខ ដែលមានត្រឹមតែជាង ៣១០ អាសន:នៅក្នុងសភានោះ មិនប្រាដកថា អាចនឹងទទួលបានសម្លេងគំាទ្រចំនួន ៣៧៦ បន្ថែម ដើម្បីគ្រប់គ្រាន់ អាចឱ្យលោក ភីថា លីមចារើនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីថ្មីបាននោះឡើយ ។

គួរឱ្យដឹងថា ប្រសិនបើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី មានភាពចម្រូងចម្រាស និងការជាប់គាំងចំពោះការបង្កើតរដ្ឋាភិបាលថ្មី ដែលអូសបន្លាយដល់ចុងខែកញ្ញានោះ រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក ប្រាយុទ្ធ ចាន់អូចា អាចនឹងនៅបន្ត ប៉ុន្តែជាមួយនឹងសមត្ថភាពមានកម្រិត ក្នុងការចាត់វិធានការសារពើពន្ធសំខាន់ៗ។ ហើយភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុ និងអ្នកឃ្លាំមើលទីផ្សារក្នុងប្រទេសថៃ ប្រឈមមុខនឹងភាពជាប់គាំង។

លោក Ronaldol Nummonda ទេសាភិបាលរងធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃទី ៥ ខែកក្កដាថា មានមធ្យោបាយមួយ ក្នុងចំណោមមធ្យោយបាយផ្សេងទៀត គឺកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយអ្នកខ្ចីប្រាក់ ដែលងាយរងគ្រោះ និងបានជំពាក់បំណុលអស់រយ:ពេលជាយូរមកហើយ។

ជម្រាបជូនផងដែរថា មានកត្តាជាច្រើនទៀត ដែលនៅពីក្រោយការកើនឡើងយ៉ាងខ្លាំងនៃបំណុលគ្រួសារនៅក្នុងប្រទេសថៃ ស្របពេលលោក Somkiat Tangkitvanich ប្រធានវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍថៃ (TDRI) បាននិយាយថា ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យមានការកាត់បន្ថយប្រាក់ចំណូលរបស់ពលរដ្ឋ ស្របពេលការកើនឡើងនៃលទ្ធភាពទទួលបានហិរញ្ញប្បទានពីប្រព័ន្ធឌីជីថល ក៏ជាកត្តារួមចំណែកនៃការកើនឡើងបំណុលនេះផងដែរ ៕