Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមាគមម្រេចកំពតរំពឹងថាអាចនេងនាំចេញម្រេចបាន ១០០តោននៅឆ្នាំនេះ ក្រោយមើលឃើញពីកំណើនបញ្ជាទិញ

Media LNN | Jul 21, 2023
សមាគមម្រេចកំពតរំពឹងថាអាចនេងនាំចេញម្រេចបាន ១០០តោននៅឆ្នាំនេះ ក្រោយមើលឃើញពីកំណើនបញ្ជាទិញ
Clinic narith

ប្រធានសមាគមម្រេចកំពតបានអះអាងថា នៅឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជិត២៤តោន ដែលបរិមាណនាំចេញនេះមិនមានការប្រែប្រួលច្រើននោះទេបើធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណា ប្រធានសមាគមម្រេចកំពត អះអាងថា ការនាំចេញម្រេចកំពតនៅឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុន ដោយរំពឹងថាអាចនាំចេញបានក្នុងរង្វង់ជាង១០០តោននៅពេញមួយឆ្នាំ២០២៣នេះ ដោយសារក្រុមហ៊ុនបញ្ជាទិញមួយចំនួនបង្កើនការបញ្ជាទិញ គួបផ្សំទិន្នផលម្រេចកំពតនៅឆ្នាំនេះទទួលបានផលខ្ពស់។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតរំពឹងថា នៅឆ្នាំនេះការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិនឹងសម្រេចបានជាង១០០តោន ដែលចំនួនមានការកើនឡើងតិចតួចបើធៀបទៅនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២២ ដែលមានប្រមាណ៨២តោន។ ការរំពឹងបែបនេះ គឺបន្ទាប់ពីលោកសង្កេតមានក្រុមហ៊ុនមួយចំនួនបានបង្កើនការបញ្ជាទិញម្រេចពីកសិករឆ្នាំនេះមានកើនឡើងជាងឆ្នាំមុន គួបផ្សំការប្រមូលទិន្នផលម្រេចរបស់កសិករឆ្នាំនេះហាក់មានការកើនឡើង។ យ៉ាងណាមិញនៅឆមាសទី១ឆ្នាំ២០២៣ កន្លងទៅ ការនាំចេញម្រេចកំពត់សម្រេចតែជិត២៤តោនតែប៉ុណ្ណោះ ដែលបរិមាណនាំចេញនេះ គឺមិនមានការប្រែប្រួលច្រើននោះទេ បើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២២។

បើតាមលោក ងួន ឡាយ មកទល់ពេលនេះ ការបញ្ជាទិញម្រេចកំពតរវាងក្រុមហ៊ុន និងកសិករត្រូវបានធ្វើឡើងជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងតាមគោលការណ៍របស់ក្រុមហ៊ុននីមួយៗ។ តែយ៉ាងណាសម្រាប់ទិន្នផលម្រេចកំពតនៅមិនទាន់ត្រូវបានបញ្ជាទិញអស់នៅឡើយទេនៅពេលនេះ ពីព្រោះទើបតែបញ្ចប់ការប្រមូលផលថ្មីៗ ហើយកសិករត្រូវការពេលវេលាក្នុងការសម្រាំងគុណភាពម្រេចកំពតបន្ថែមទៀត ដ្បិតក្រុមហ៊ុនបញ្ជាទិញក៏បានកំណត់ថ្ងៃទិញរួចរាល់ហើយផងដែរ។

ដោយឡែក សម្រាប់ការដាំដុះម្រេចកំពតនៅឆ្នាំនេះវិញ ប្រធានសមាគមរូបនេះបញ្ជាក់ថា មិនសូវមានកសិករដាំថ្មីច្រើននោះទេ ពោលគឺមានកសិករថ្មីប្រមាណ២២គ្រួសារប៉ុណ្ណោះ ដែលបានចូលជាសមាជិកថ្មី ដោយពួកគេបានដាំដុះស្របនឹងគោលការណ៍របស់សមាគម។ ហើយគិតមកដល់ពេលនេះ ផ្ទៃដីដាំដុះម្រេចកំពតសរុបមានប្រមាណ២ម៉ឺន៤ពាន់ហិកតា។

គួរជម្រាបថា ជាច្រើនឆ្នាំមកហើយ តម្លៃម្រេចកំពតដែលលក់លើទីផ្សារអន្តរជាតិ គឺមានតម្លៃថេរដោយម្រេចខ្មៅមានតម្លៃ១៥ដុល្លារ រីឯម្រេចក្រហមមានតម្លៃ២៥ដុល្លារ និងម្រេចសមានតម្លៃ២៨ដុល្លារក្នុងមួយគីឡូក្រាម។ ហើយទីផ្សារសំខាន់ៗសម្រាប់ការនាំចេញម្រេចកំពតកម្ពុជារួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់ជាដើម។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នៅឆមាសទី១ឆ្នាំនេះ ការនាំចេញម្រេចទូទៅរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៤ពាន់៣រយតោនមានការធ្លាក់ចុះជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕