Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃត្រីមានទីផ្សារឡើងវិញ តែសមាគមបារម្ភពីការផ្អាកចិញ្ចឹមរបស់វារីវប្បករ

Media LNN | Jul 25, 2023
តម្លៃត្រីមានទីផ្សារឡើងវិញ តែសមាគមបារម្ភពីការផ្អាកចិញ្ចឹមរបស់វារីវប្បករ
Clinic narith

ភ្នំពេញៈ សមា​គម​វា​រី​វប្បករ​កម្ពុ​ជាបា​នឱ្យដឹង​ថា ប្រ​ភេទ​ត្រីប្រា ត្រី​ពោ ត្រី​ឆ្ដោ និង​ត្រី​មួយ​ចំនួ​នទៀត នាពេ​ល​បច្ចុប្បន្ន ​ចាប់​ផ្តើម​មានត​ម្លៃ​ល្អ​ឡើង​វិញ​នៅលើ​​ទីផ្សារ​ក្នុង​ស្រុក បើ​ធៀប​នឹង​អំឡុង​មាន​ការ​រាត​ត្បាត​ជំងឺកូ​វីដ​១៩​ ប៉ុន្តែ​សមា​គម​មានការ​បារម្ភ​ចំពោះ​ការផ្អាក​ចិញ្ចឹម​របស់​វា​រី​វប្បករ​មួយចំ​នួន​​ ដោយ​សារ​កន្លង​មក​វិស័យនេះ ​បាន​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ក្នុង​ខ្សែ​ចង្វាក់ផលិត​កម្ម​។​

លោក ​ឡែ​ម​ផូ​រ វរិ​ទ្ធិ មន្ត្រី​អ​ភិវឌ្ឍន៍​សមា​គម​ និង​ជា​អ្នក​នាំពា​ក្យ​សមា​គម​វា​រី​វប្បករ​កម្ពុជា​ បាន​ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ​ខែកក្កដា​ ថា ទីផ្សារ​ត្រី​ក្នុងស្រុក​មួយ​ចំនួន​ចាប់​ផ្ដើម​ប្រសើរ​ឡើង​វិញ​ ក្រោយ​បាន​រង​ការ​រង្គោះ​រង្គើ​ខ្លាំង​ក្នុង​អំឡុង​​វិបត្តិ​​កូ​វីដ​១៩ ​កន្លង​មក​។ ជាក់​ស្ដែង​ទីផ្សារ​ត្រីប្រា ត្រី​ពោ និង​ត្រី​ឆ្ដោ ​បច្ចុប្បន្ន សុទ្ធ​តែ​មានកា​រ​កើន​ឡើង​បើ​ធៀប​នឹង​អំឡុ​ង​មាន​ការ​រាត​ត្បាត​ជំងឺ​កូ​វីដ​១៩​។

ក៏​ប៉ុន្ដែ​ទោះជា​ទីផ្សារ​តម្លៃ​មាន​ភាព​ល្អប្រ​សើរ​ក្ដី តែ​លោក ​វរិ​ទ្ធិ បាន​បង្ហាញ​ការបារម្ភ​ជាខ្លាំង​ចំពោះ​ស្ថានភា​ព​នៃវិស័យ​វារីវ​ប្បកម្ម​នៅ​កម្ពុជា ដែ​ល​អាច​ប្រឈម​នឹង​ការ​បន្ត​ធ្លាក់ចុះ​ ​ខណៈ​នៅ​ឆ្នាំ​​នេះ ​វិស័យ​វារីវប្ប​កម្ម​នៅ​មិន​ទាន់​មាន​សញ្ញាណ​វិជ្ជ​មាន​នៅ​ឡើយ ​ស្រប​ពេល​ក្រុម​អ្នកចិញ្ចឹម​ត្រី​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្អាក​ការ​ចិញ្ចឹម​ដោយ​សារ​​ជួប​បញ្ហា​​ខ្សែច​ង្វាក់​ផលិត​កម្ម​។​​

​លោក វរិ​ទ្ធិ បាន​បញ្ជាក់​ថា ៖ «​អំឡុង​ពេល​ការរីក​រាលដា​ល​​នៃ​ជំងឺ​កូ​វីដ​១៩ ​វិស័យ​វារីវប្បកម្ម​របស់​កម្ពុ​ជា​បាន​រង​ការរង្គោះរ​ង្គើ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួនបាន​សម្រេច​ចិត្ត​ផ្អាក និង​បោះ​បង់​ការចិញ្ចឹ​ម​ត្រី ​ព្រោះ​តែ​បញ្ហា​ប្រឈម​ក្នុង​ខ្សែចង្វាក់​ផលិត​កម្ម ជា​ពិសេស​ពាក់​ព័ន្ធ​ចំណី​ត្រី​ឡើង​ថ្លៃ ​ខណៈ​ត្រី​លក់​បាន​ថោក​»​។

លោក​បានបន្ត​ថា៖ «​បច្ចុប្បន្ន​វិស័យ​វារី​វប្ប​កម្ម​នៅ​កម្ពុជា​ទាំង​មូល​ហាក់​មិន​ទាន់​មាន​សញ្ញាណ​វិជ្ជមាន​នៅ​ឡើយ​ទេ ​បើទោះ​បី​តម្លៃ​ត្រី​ក្នុង​ស្រុក​មួយ​ចំនួន​ ដូចជា​ ត្រី​ប្រា ត្រី​ពោ​ និង​ត្រី​ឆ្ដោ​ហាក់​មាន​ទីផ្សារ​ល្អ​ប្រសើរ បើ​ធៀប​នឹង​អំឡុង​ពេល​មាន​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក៏​ដោយ​»​។

 

លោក​បាន​បន្ថែម​ថា សព្វ​ថ្ងៃ ត្រី​ប្រា មាន​តម្លៃ​ចាប់ពី ​៥​ ០០០ ​រៀលទៅ​ ៥ ​​៥​០០ រៀល​ក្នុង ​១ ​គីឡូ​ក្រាម ​ដែល​ខុសពីពេល​មុន​អាច​លក់​បាន​តែ​ត្រឹម​តម្លៃ​​ ៤ ​ពាន់​រៀល​ ​ក្នុង ​១ ​គីឡូ​ក្រាម​។ ចំណែកឯ​ត្រី​ពោ កា​លពី​មុន​មាន​តម្លៃ​ ៦ ០០០ ​រៀល​ក្នុង​ ១​ គីឡូក្រា​ម តែ​បច្ចុប្បន្ន​មាន​តម្លៃ​ពី ៧​៥​ ០០០​ រៀល​ទៅ ​៨ ​០០០​ រៀលក្នុង​ ១ ​គីឡូក្រា​ម​។ ដោយ​ឡែក​ សម្រាប់​ត្រី​ឆ្ដោ​បាន​កើន​ឡើង​ពី​តម្លៃ​ ១ ​ម៉ឺន​រៀល ​ទៅ​ ១​​២ ​០០០ ​រៀល ​ក្នុង​ ១ ​គីឡូក្រា​ម​។​

​អ្នក​នាំពា​ក្យ​ដដែល​បាន​សង្កត់​ធ្ងន់ថា​៖ «​កត្តា​ដែល​ធ្វើ​ឱ្យ​តម្លៃ​ត្រី​មួយ​ចំនួន​ខាង​លើ​កើន​ឡើង​ ដោយ​សារ​កសិករ​មួយ​ចំនួន​បោះ​បង់​ការ​ចិញ្ចឹម​ ដែល​ជំរុញ​ឱ្យ​មាន​តម្រូវ​ការ​ត្រី​ក្នុង​ស្រុក​ ហើយ​កត្តា​ដែល​ធ្វើ​ឱ្យ​ការ​ចិញ្ចឹម​ថយចុះ​នាពេ​ល​កន្លងមក​ គឺដោយសា​រតែ​ការចំ​ណាយ​ថ្លៃដើម​លើ​ការ​ចិញ្ចឹម​ពិសេស​ចំណី​ត្រី​មានត​ម្លៃ​ខ្ពស់ ហើ​យ​ត្រី​ក៏​មិន​សូវ​មាន​​ទីផ្សារ​ និង​តម្លៃ​ទាប​ដែល​ធ្វើ​ឱ្យ​កសិករពុំ​សូវទទួល​បាន​ផល​ចំណេ​ញ​ច្រើន និង​អាច​ឈាន​ដល់​ការ​ខាត​ដើម​ទុន​ផង​ដែរ​»​។

​ជា​មួយ​គ្នាលោក​​ក៏បាន​បង្ហាញ​​ក្ដី​បារម្ភ​ផង​ដែរ ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​វារីវ​ប្បកម្ម​នៅ​កម្ពុជា​ ដែល​​អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ការ​ខ្វះ​ខាត​ត្រី​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​នា​ពេល​ខាង​មុខ​។ បើតាម​លោក​ ឡែ​ម​ផូ​រ វរិ​ទ្ធិ ជាទូ​ទៅចាប់ពី​អំឡុង​ខែវិច្ឆិ​កា គឺជា​រដូវ​ប្រមូល​ផល​ត្រី​ចិញ្ចឹម​សម្រាប់ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ តែ​បច្ចុប្បន្ន​ អ្នក​ចិញ្ចឹម​ត្រី​នៅ​សល់​ប្រមាណ​៤០​ភាគ​រយប៉ុណ្ណោះ ដូច្នេះ​ធ្វើ​ឱ្យ​លោក​បារម្ភ​ថា ការផ្គត់​ផ្គង់​ត្រី​ក្នុង​ស្រុក​សម្រាប់ចុង​ឆ្នាំ​នេះ ​និង​ឆ្នាំ​បន្ត​បន្ទាប់​អាច​នឹង​ប្រឈម​ការ​ខ្វះ​ខាត​។​

លោក​ យន់​ សុវណ្ណា​រិទ្ធ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ​ ១​ កន្លែង នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ​រាជ​ធានី​ភ្នំពេញ​ បានថ្លែង​ថា តាមការ​ស​ង្កេត​កសិករ​ចិញ្ចឹមត្រី​ខ្នាត​តូច និង​អ្នក​ទើបចិ​ញ្ចឹម​ត្រី​ថ្មី​ថ្មោង បាន​ដក​ខ្លួន​ទៅវិញ​ពោល​
គឺ​បាន​បោះ​បង់​របរ​ដោយ​សារតែ​បញ្ហា​វិបត្តិ​នានាដែល​កើ​តមាន​នា​ពេល​កន្លង​ទៅ​។ រីឯ​បច្ចុប្បន្ន​នៅស​ល់តែ​អ្នក​ដែល​មាន​បទ​ពិសោធន៍​លើ​វិស័យ​វារីវប្បកម្ម​នេះ​យូរ​ឆ្នាំ​ប៉ុណ្ណោះ​។​

លោក​បញ្ជាក់​ដូច្នេះ​​ថា​៖ «​នៅពេ​លដែល​កសិករ​តូ​ចៗ​ទាំងនោះ​បា​ន​ឈប់ និង​​ផ្អាក​អាជីវ​កម្ម​ចិញ្ចឹម​​ត្រី​របស់​ពួកគេ​ យើង​​បាន​មើល​ឃើញ​​សញ្ញា​ណ​មួយ​គឺ​ត្រី​ចាប់​ផ្តើម​ឡើងថ្លៃ​ ជា​ពិសេស​​ត្រី​ ដែល​នាំ​ចូល​ពី​ប្រទេសជិ​តខា​ង​គឺ​គេ​ឡើង​ថ្លៃ​មុន​យើង​ទៀត​ ដោ​យសារ​តម្លៃ​ផលិត​របស់គេ​ឡើង​ថ្លៃ​ដែរ ដូច​ជា​ចំណី​ជាដើម ​ហើយ​ក្នុង​ស្រុក​យើង ត្រីពោ និង​ត្រី​ប្រា ចាប់​ផ្តើម​មាន​តម្លៃ​ល្អ​ឡើង​វិញ​ ក្រោយ​ការផលិត​ធ្លាក់​ចុះ ៥០​ ភាគ​រយ​»​។​

​កាល​ពី​ថ្មីៗ​នេះ ស​មាគ​ម​វា​រីវប្បករ​កម្ពុជាក៏បាន​ជួបពិ​ភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ចិន ​ដ៏​ធំ​មួយ​ដើម្បី​ជំរុញ​ការនាំ​ចេញ​ផលិតផ​ល​វារីវប្ប​កម្មកម្ពុជា ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ជុំវិញ​ជំនួប​នោះក៏​​ដើម្បី​នាំចេញ​ផលិត​ផល​វារីវប្ប​កម្ម​មួយចំនួន​ទៅ​ទីផ្សារ​ចិន​ ប៉ុន្តែ​មិន​​ទាន់​មាន​លទ្ធ​ផល​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ ព្រោះ​ភាគី​ចិន​មាន​តម្រូវ​ការ​លើ​ផលិត​ផល​វារីវ​ប្បកម្ម​មួយ​ចំនួន​ដូចជា​ អ​ន្ទង់ ក្ដា​ម ​ខ្យង ​ខ្ចៅ និង​បង្កង​ដែល​មា​ន​ស្ដង់​ដា និង​គុណ​ភាព​ជា​ដើម​៕