Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការនាំចេញ​របស់​​កម្ពុជា​ទៅ​អាស៊ាន​​កើនឡើង​ខ្លាំង​គួរ​​ឱ្យ​កត់សម្គាល់​

Media LNN | Jul 25, 2023
ការនាំចេញ​របស់​​កម្ពុជា​ទៅ​អាស៊ាន​​កើនឡើង​ខ្លាំង​គួរ​​ឱ្យ​កត់សម្គាល់​
Clinic narith

ភ្នំពេញៈ ការដោះដូរ​ពាណិជ្ជ​​កម្ម​សរុប​របស់​កម្ពុ​ជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​សម្រេចបាន​ជាង ៧,១ ពាន់​​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១ ធ្លាក់ចុះ​ប្រមាណ ១៧ ភាគរយ ខណៈដែល​ការនាំចេញ​សរុប​បាន​កើនឡើង​​យ៉ាងខ្លាំង​ចំនួន ៣៦ ​ភាគរយ​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឱ្យដឹង​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ ៩​ បាន​ធ្លាក់ចុះ ១៧ ភាគរយ ​នៅក្នុង​ឆមាស​ទី​១ ​ដោយ​សម្រេចបាន​ទឹកប្រាក់ ៧,១៣៩ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ ការនាំចេញ​សរុប​របស់​កម្ពុជា​ឈានដល់ ២,៤៨១ ពាន់​លាន​ដុល្លារ កើនឡើង ៣៦ ភាគរយ ខណៈ​ការ​នាំចូល​សរុប​មាន ៤,៦៥៩ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣១ ភាគរយ​។​

​ជាមួយនឹង​ពាណិជ្ជកម្ម​សរុប​នេះ ការដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម​ជាប់​ចំណាត់​ថ្នាក់​កំពូល​បាន​ឈានដល់​ជាង ៣,៣ ​ពាន់​លាន​ដុល្លារ (​កើន​ឡើង ១ ភាគរយ​); តាម​ពីក្រោយ​ដោយ​ប្រទេស​ថៃ​ ទទួល បាន ១,០៧៥ ពាន់​លាន​ដុល្លារ (​ធ្លាក់ចុះ ១៤ ភាគរយ​); ប្រទេស​សិង្ហ​បុរី ​មាន​ចំនួន​ជាង ៧៨៦ លាន​ដុល្លារ (​ធ្លាក់ចុះ ៦២ ភាគរយ​); ឥណ្ឌូនេស៊ី​​មាន​ជាង ៥៩៤ លាន​ដុល្លារ (​កើនឡើង ២៨ ភាគរយ​); ប្រទេស​ម៉ាឡេស៊ី​ មាន​ចំនួន ៣១៧ លាន​ដុល្លារ (​ធ្លាក់ចុះ ៣ ភាគរយ​); ប្រទេស​ឡាវ​ មាន​ចំនួន​ជាង ៩៣ លាន​ដុល្លារ (​ធ្លាក់ចុះ ១៣ ភាគរយ​); ប្រទេស​ហ្វីលីពីន​គឺ ៤២,៧៨​ លាន​ដុល្លារ (​ធ្លាក់ចុះ ៣៣ ភាគ​​រយ​); ប្រទេស​មី​យ៉ាន់​ម៉ា ​មាន​ចំនួន ១៤​ លាន​ដុល្លារ (​កើនឡើង ២ ភាគរយ​); និង​ប្រ៊ុយណេ​មាន​ចំនួន ១២,៨១ លាន​ដុល្លារ (​កើនឡើង ១៣ ភាគរយ​)​។​

​លោក ប៉ែន សុ​វិជាតិ រដ្ឋ​​លេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​២៣ ខែកក្កដាថា ការ​ធ្លាក់ចុះ​នៃ​ការដោះដូរ​ទំនិញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដោយសារតែ​ការអូសបន្លាយ​នៃ​សង្គ្រាម​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន ដែល​ប៉ះពាល់​ដល់​តម្រូវការ​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​ឃើញថា ការអូសបន្លាយ​ពេល​នៃ​សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​​ក្រែ​ន គឺជា​ឧបសគ្គ​ដ៏​សំខាន់​ដែល​ប៉ះពាល់​ដល់​ការប្រើ​ប្រាស់​របស់​ប្រជាជន ខណៈដែល​ទីផ្សារ​អាស៊ាន​ភាគច្រើន​យើង​បំពេញ​គ្នា​ទៅវិញទៅមក​។ នៅពេលណា​ដែលមាន​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​សកល វាក៏​ប៉ះពាល់​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​យើង​នៅក្នុង​តំបន់​ផងដែរ​»​។​

 

​បើតាម​លោក សុ​វិជាតិ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ភាគច្រើន​រវាង​កម្ពុជា និង​ប្រជាជាតិ​អាស៊ាន​ផ្សេងទៀត ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​សម្ភារ​កាត់ដេរ​មួយចំនួន​ស្របពេលដែល​ការនាំ​ចូល​ផលិត​ផល​កសិកម្ម​សម្រេច សម្ភារ​ម្ហូបអាហារ គ្រឿង​អេឡិចត្រូនិក និង​រថយន្ត​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​មានប្រសាសន៍ថា ទីផ្សារ​អាស៊ាន​នៅតែ​ជា​ដៃគូពាណិជ្ជកម្ម​សម្រាប់​ផលិតផល​កសិកម្ម​​របស់​កម្ពុជា ខណៈដែល​ប្រ​​ទេស​អាស៊ាន​ភាគច្រើន ​គឺ​បំ​ពេញ​គ្នា​ទៅវិញទៅមក​។​

​លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​យើង​ត្រូវ​មើលថា ​ប្រទេស​អា​​ស៊ាន​ភាគច្រើន​ផលិត​ផលិត​​ផល​ដូចគ្នា​សម្រាប់​ការនាំចេញ ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​ដឹង​ គឺ​យើង​ត្រូវបំពេញ​ឱ្យ​គ្នា​ទៅវិញ ទៅមក​ដោយ​មិន​ប្រកួតប្រជែង​គ្នា​ឡើយ​ព្រោះ​យើង​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​ស្ទើរតែ​ដូចគ្នា​ទាំងអស់​»​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ទោះបី​យើង​ផលិត​ផលិតផល​ស្ទើរតែ​ដូចគ្នា ប៉ុន្តែ​ប្រសិនបើ​សមាជិក​ណា​ខ្វះ​វត្ថុធាតុដើម ពួកគេ​ប្រាកដជា​នាំចូល​ពី​យើង ខណៈ​យើង​ក៏​នាំចូល​ផលិត​ផល​ខ្លះ​ដែល​យើង​មិន​ផលិត​ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​ផងដែរ​»​។

​បើ​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កសិផល សម្លៀកបំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ខណៈដែល​ការនាំ​​ចូល​មានដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក សម្ភារ​សំ​​ណង់ គ្រឿងយន្ត​កសិកម្ម និង​យានជំនិះ​៕