Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា ក្នុងចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន

Media LNN | Jul 26, 2023
វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា ក្នុងចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន
Clinic narith

ភ្នំពេញៈ វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា ក្នុងចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​គ្របដណ្ដប់​ជិត​ ៥០ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ​នេះ​។ នេះ​បើ​យោងតាម​ទិន្ន​ន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​ ១០ ខែ​​កក្កដា ឆ្នាំ​ ២០២៣​។​

​របាយការណ៍​ដដែល បាន​បង្ហាញថា ក្នុង​ឆមាស​ទី​១ នេះ កម្ពុជា បាន​នាំ​ចេញទៅ​វៀត​​ណា​ម ក្នុង​ទំហំ​ទឹកប្រាក់ ជាង​ ១ ៤២៩ លាន​ដុល្លារ កើន​ឡើង​ជិត​ ២២ ​ភាគរយ ខណៈដែល​កម្ពុជា នាំចូល​ពី​វៀត​ណា​ម​មកវិញ​មាន​ទំហំ​ទឹក​ប្រា​ក់ជាង​ ១ ៨៧២ ​លាន​ដុល្លារ ថយចុះ​ជាង ​១០​ ភាគ​រយ បើ​ធៀប​នឹង​ឆមាស​ទី​១ ក្នុង​ឆ្នាំ​ ២០២២​។​

​បែបនេះ​ក្តី ទំហំ​ពាណិជ្ជកម្ម​សរុប ប្រទេស​ទាំង ​២ មានតម្លៃ​ទឹកប្រាក់​ជាង ​៣ ៣០២ ​លាន​ដុល្លារ នៅតែ​កើន​ក្នុង​កម្រិត​តិចតួច​ដែរ គឺ​ប្រមាណ​ ១,៣ ភាគរយ​។​

​បើតាម​តារាង​ទិន្នន័យ​ពី​គយ​កម្ពុជា​នេះ វៀតណាម ឈរ​លំដាប់​ទី៣ ជា​ប្រទេស​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ធំជាងគេ​ជាមួយ​កម្ពុជា តាម​ពីក្រោយ​ចិន នៅ​លំដាប់​ទី១ និង​សហ​​រដ្ឋ​អាមេរិក ឈរ​លំដាប់​ទី​២​។ តែបើ​ចំណាត់ថ្នាក់ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​វិញ​វៀតណាម បាន​ក្លាយជា​ប្រទេស​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ធំជាងគេ​បំផុត ជាមួយនឹង​ប្រទេស​កម្ពុជា​។​

​តើ​មាន​កត្តា​អ្វីខ្លះ ដែល​ធ្វើឱ្យ​វៀតណាម ក្លាយជា​ដៃគូ​ពាណិជ្ជ​កម្ម​ជាមួយ​កម្ពុជា ដ៏​ធំ​បែបនេះ​?

 

​មែនទែនទៅ វៀតណាម និង​កម្ពុជា ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​ដោយ​ខេត្ត​របស់​កម្ពុជា ជិត​ពាក់កណ្តាល រួម​មាន ដូចជា ខេត្តកណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្តកំពត មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀត​​ណា​ម​តែម្តង​។ ដោយ​មូលហេតុ​នេះហើយ​បានធ្វើឱ្យ​ពលរដ្ឋ​នៃ​បណ្តា​ខេត្ត​ទាំងនេះ មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ជាមួយនឹង​ឈ្មួញ និង​ពលរដ្ឋ​វៀតណាម តាមរយៈ​ការដោះដូរ​ពាណិជ្ជកម្ម នៅតាម​ច្រកព្រំដែន និង​ច្រក​របៀង​នានា​។​

​ភាពអំណោយ​ផល​នៃ​ស្ថាន​ភាព​ភូមិសាស្ត្រ​នេះហើយ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​បន្ត​កើន​ឡើងជា​បន្ត​បន្ទាប់ ជាពិសេស​នៅ​ឆមាស​ទី​១​ នេះ ការនាំ​ចេញទៅ​វៀតណាម ហាក់​មាន​សម្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់​។ នេះ​ជាការ​លើកឡើង​ពី​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុ​​វិជាតិ ដោយ​លោក​បញ្ជាក់​ផង​​ដែរ​ថា មាន​កត្តា​សំខាន់ៗ​មួយចំនួន ដែល​បាន​ជំរុញ​កំណើន​ពាណិជ្ជកម្ម ប្រទេស​ទាំង​ ២​។​

​លោក​មានប្រសាសន៍ថា​៖​ «​ទី​១ កម្ពុជា និង​វៀតណាម មាន​ព្រំដែន​ជាប់​គ្នា​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដឹកជញ្ជូន កាត់បន្ថយ​ថ្លៃដើម ជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជ​កម្មនេះ​មានការ​រីកចម្រើន​។ ទី​២ យើង​សង្កេតឃើញ​មាន​ទំនិញ​ជាច្រើន ដែល​វៀតណាម​បាន​បង្កើន​ការបញ្ជាទិញ​ពី​យើង ដើម្បី​យកទៅ​កែច្នៃ​សម្រាប់​នាំ​​ចេញ ដូចជា ស្រូវ ដំឡូង​មី ស្វាយចន្ទី កៅស៊ូ​ឆៅ​។​ល​។ ហើយ​ក៏មាន​នាំចូល​គ្រឿង​ឧ​ប​ភោគ​បរិភោគ ដែល​កែច្នៃ​រួច​ពី​វៀតណាម និង​សម្ភារ​សំណង់​មួយចំនួន​ផងដែរ​»​។​

​រីឯ​កត្តា​ទី៣​ វិញ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​កត់​សម្គាល់​ឃើញថា ការណ៍​ដែល​វៀតណាម បានចាប់ផ្តើម​បង្កើន​ការទិញ​ផលិតផល​កសិកម្ម ដែលជា​វត្ថុធាតុដើម​ពី​កម្ពុជា​បែបនេះ ដោយសារតែ​វៀតណាម​ទើបតែ​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ដែល​នេះ​ក៏​ជា​កត្តា​សំខាន់​មួយ​ផង​​ដែរ​។ បើ​និយាយ​ពី​ស្ថានភាព​ព្រំ​ដែន​ជាប់​គ្នា ថៃ​ក៏មាន​ព្រំដែន​ជាប់​គ្នា​ជាមួយ​កម្ពុជា​ដែរ ហេតុអ្វី​បាន​ទំហំ​ពាណិជ្ជកម្ម កម្ពុជា ជាមួយ​ថៃ តិចជាង ជាមួយ​វៀតណាម​?

​លោក ប៉ែន សុ​វិជាតិ បាន​ពន្យល់​បន្ថែមថា​៖ «​មិន​ទៀងទេ ថៃ នៅ​ឆ្នាំ​ខ្លះ​ក៏មាន​ទំហំ​ពាណិជ្ជ​​កម្ម​ជាមួយ​កម្ពុជា​លើស​វៀតណាម​ដែរ​។ យើង​ទទួល ស្គាល់ ការ​ដោះដូរ​ទំនិញ​រវាង​ថៃ និង​កម្ពុជា​មានការ​កើនឡើង​តាម​រដូវ​កាល ដូចនេះ ចំពោះ​ទំនិញ​កសិផល បើ​ប្រៀបធៀប​រវាង​ប្រទេស​ទាំង​ ២ ថៃ និង​វៀតណាម យើង​នាំ​ចេញទៅ​វៀតណាម មាន​លក្ខណៈ​ងាយស្រួល​ជាង ទោះជា​ថៃ​មាន​ព្រំដែន​ជាប់​យើង​ដែរ​ក្តី​»​។​

​ឯខាង​វិស័យ​ឯកជន និង​អ្នក​វិភាគ​សេដ្ឋកិច្ចកម្ពុជា​វិញ យល់ឃើញថា វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម ដ៏​សំខាន់​មួយ​របស់​កម្ពុជា ដែល​មិនអាច​ខ្វះ​បាន ទាំង​ក្នុង​តំបន់ និង​ពិភព​​លោក​។ អនុប្រធាន និង​ជា​អ្នកនាំពាក្យ​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា វៀតណាម គឺជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុជា ក្នុងការ​នាំចេញ​វត្ថុធាតុដើម ជាពិសេស​ផលិតផល​កសិកម្ម​។​

​លោក​បញ្ជាក់ថា​៖ «​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ (​កម្ពុជា​-​វៀតណាម​) បាន​ឯកភាព​បង្កើត​បន្ទាត់​ព្រំដែន​សន្តិភាព​ដោយបាន​បង្កើត​ទីផ្សារ​រួមគ្នា​នៅតាម​ច្រកព្រំដែន​មួយចំនួន​ហើយ​ហើយ​ប្រទេស​ទាំង ​២​ ក៏មាន​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រួចជាស្រេច ខណៈ​គម្រោង​ត​ភ្ជាប់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នានា ដូចជា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​បានចាប់ផ្តើម​សាង​សង់​ទៀតផង​នោះ ច្បាស់​ណាស់​ការ​​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ កាន់តែ​មាន​ភាព​មមាញឹក​»​។ «​មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ ប្រទេស​ទាំង ​២ ថែម​ទាំង​មាន​គម្រោង​បង្កើត​ព្រំដែន​សន្តិភាព​រួមគ្នា​នាពេល​អនាគត​ថែមទៀត​។ យើង​សង្ឃឹមថា ប្រទេស​វៀតណាម មាន​សេដ្ឋកិច្ច​ល្អប្រសើរ ព្រោះ​នៅពេល​វៀត​ណា​ម មាន​សេដ្ឋកិច្ច​ល្អ វា​នឹង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​យើង​ដែរ​។​ដោយសារតែ ផលិតផល​កសិកម្ម​យើង​ភាគច្រើន ទាំង​កែច្នៃ និង​មិនទាន់​កែច្នៃ គឺ​ពឹង​លើ​ទីផ្សារ​វៀតណាម និង​ថៃ​នេះហើយ បើ​គ្មាន​ប្រទេស​ទាំង ២ ​នេះ យើង​អាច​នឹង​លំបាក​»​។​

​ចំពោះ​ទីផ្សារ​នាំចេញ​ផលិតផល​​កសិកម្ម កម្ពុជា​ពឹងផ្អែក​ច្រើន​លើ​វៀត​ណា​ម តែ​កម្ពុជា ក៏​នាំចូល​ផលិតផល​​កសិកម្ម​ពី​វៀតណាម​មក​បំពេញ​សេចក្តី ត្រូវការ​ក្នុងស្រុក​វិញ ក៏​មិនតិច​ដែរ ក្នុង​ ១​ ឆ្នាំៗ ជាពិសេស​បន្លែ ផ្លែឈើ និង​ផលិតផល​គ្រឿងឧបភោគ​បរិភោគ ដែល​កែច្នៃ​រួច​។

​លោក យ៉ង ប៉ាក់ អ្នកជំនាញ​កសិកម្ម​នៅ​កម្ពុជា យល់ឃើញថា ប្រទេស ​២ ដែលមាន​ព្រំដែន​ជាប់​គ្នា តែងតែមាន​ការដោះដូរ​ទំនិញ​គ្នា​ទៅវិញ​មកជា​រឿង​ធម្មតា ជាពិសេស​ផលិតផល​កសិកម្ម មានន័យថា កម្ពុជា​នាំចេញ ផលិត​ផល​កសិកម្ម ជា​ដំណាំ​ឧស្សាហកម្ម ដែល​វៀតណាម​ខ្វះខាត​ក្នុងស្រុក សម្រាប់​កែច្នៃ​នាំចេញ​បន្ត ហើយ​កម្ពុជា​នាំចូល​ពី​វៀតណាម​មកវិញ​នូវ​ផលិត​ផល​កសិកម្ម​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា បន្លែ ផ្លែឈើ ជាដើម​។​

​លោក​បានឱ្យដឹងថា ៖ «​ឧទាហរណ៍​ដូចជា​បន្លែ​ជាដើម យើង​ជា​ប្រទេស​អ្នក​ដាំ​បន្លែ ប៉ុន្តែ​យើង​មិនមែន​ផលិត​បាន​បន្លែ​គ្រប់មុខ​ទេ ព្រោះ​បន្លែ​មាន​ច្រើន​ប្រភេទ មាន​បន្លែ​មើម បន្លែ​ស្លឹក និង​បន្លែ​ឬ​ស ជាដើម​។ ដូចនេះ​បន្លែ​ខ្លះ​យើង​ផលិត​អត់​បាន យើង​ត្រូវ​នាំចូល​ពី​វៀតណាម ហើយ​បន្លែ​យើង ក៏​យើង​នាំទៅ​វៀតណាម​វិញ​ដែរ​។ ដូចនេះ​ជា​រឿង​ធម្មតា​ទេ សម្រាប់​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេសជិតខាង​»​។​

​លោក យ៉ង ប៉ាក់ ចង់ឱ្យមាន​ការគិត​គូរ​ទៅលើ​បញ្ហា​មួយចំនួន ដើម្បីឱ្យ​កម្ពុជា​មានលទ្ធភាព​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​។​យោបល់​របស់លោក​គឺ ការពង្រឹង​លើ​សហគមន៍​កសិកម្ម​,​ការរៀបចំ​កន្លែង​កែច្នៃ ឱ្យបាន​យ៉ាងហោច​ ១ ​ខេត្ត ​១, ការ​​ផ្តល់​ដើមទុន​ដល់​កសិករ ក្នុង​អត្រា​ការប្រាក់​ទាប​ជាដើម​។​

​អ្នកវិភាគ និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរី​វឌ្ឍន៍ ហាក់​មានការ​យល់ឃើញ​ស្រដៀង​នឹង​លោក លឹម ហេង អនុ​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​ដែរ ដោយ​លោក​បាន​សង្កេតឃើញថា កត្តា​ភូមិសាស្ត្រ និង​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​វៀតណាម បានធ្វើឱ្យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀត​ណា​ម កាន់តែ​មានការ​រីកចម្រើន​។​

«​ខ្ញុំ​យល់ថា មិន​ថា​ពេលនេះ ឬក៏​នៅពេល​ខាងមុខ​ទេ វៀតណាម​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាងសំខាន់រ​បស់​កម្ពុជា ដោយសារតែ​ការរីកលូតលាស់​សេដ្ឋកិច្ច​របស់​វៀតណាម មាន​សម្ទុះ​លឿន​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយនេះ ជាពិសេស​ក្នុងពេល​កូ​វីដ​ ១៩ នេះ​តែម្តង​»​។

​នេះ​បើតាម​លោក គី សេរី​វឌ្ឍន៍ បានបញ្ជាក់​បន្ថែម​។ លោក​បាន​អះអាង​ទៀតថា បច្ចុប្បន្ននេះ មាន​អ្នកវិនិយោគ​វៀតណាម​ជាច្រើន​បានមក​វិនិយោគ​នៅ​កម្ពុជា លើ​ការដាំដុះ​និង​កែច្នៃ ផ្នែក​ដំណាំ​សាកវប្បកម្ម​ដូច​ជា ចេក ស្វាយ ជាដើម និង​មាន​វិ​និ​យោគ​លើ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ដូច​ជា កៅស៊ូ ដំឡូង​មី ស្វាយចន្ទី​។ នេះ ក៏​ជា​កត្តា ដែល​ជំរុញ​ដល់​កំណើន​នៃ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ផងដែរ​។​

​ជារួម យោងតាម​ការលើកឡើង ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ក្រសួង​ពាណិជ្ជ​​កម្ម វិស័យ​ឯកជន អ្នកជំនាញ​កសិកម្ម និង​អ្នកវិភាគ​សេដ្ឋកិច្ច ក្នុងស្រុក​ឃើញថា កត្តា​សំខាន់ៗ ដែល​ជំរុញ​ឱ្យ​វៀតណាម ក្លាយជា ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា គឺ​ក​តា្ត​ភូមិសាស្ត្រ​ព្រំដែន និង​ការរីកលូតលាស់​នៃ​កំណើន​សេដ្ឋ​​កិច្ច​របស់​វៀតណាម ដែល​បានធ្វើឱ្យ​ការដោះដូរ​ពាណិជ្ជកម្មរ​បស់​ប្រទេស​ទាំង​ ២ ​មាន​កំណើន​ជា​បន្តបន្ទាប់ ពិសេស​នៅពេល​សេដ្ឋកិច្ច​វៀតណាម​មា​នភា​ព​ល្អប្រសើរ នឹង​ជួយ​ជំរុញ​ដល់​កំណើន​ទីផ្សារ​កសិក​ម្ម​កម្ពុជា ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​៕