Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារកណ្ដាលអាមេរិកគ្រោងនឹងដំឡើងអត្រាការប្រាក់គោលកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២២ឆ្នាំ

Media LNN | Jul 27, 2023
ធនាគារកណ្ដាលអាមេរិកគ្រោងនឹងដំឡើងអត្រាការប្រាក់គោលកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២២ឆ្នាំ
Clinic narith

ក្រុមអ្នកបង្កើតគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក (Fed) ត្រៀមនឹងដំឡើងអត្រាការប្រាក់គោល ០,២៥%បន្ថែមទៀត ឱ្យឡើងដល់ ៥,៥% ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២២ឆ្នាំមកនេះ ខណៈការរក្សាទំនោតនៃការរឹតបន្តឹងរូបិយវត្ថុ បានផ្ដល់ជាសញ្ញាលទ្ធភាពមួយ ដែលអនុញ្ញាតឲ្យការផ្លាស់ប្តូរអត្រាការប្រាក់នៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBloomberg។

គណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធ (FOMC ) ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់គោល ០,២៥%បន្ថែមទៀត ពីលើអត្រាការប្រាក់គោលបច្ចុប្បន្ន៥,២៥% ឱ្យឡើងដល់ ៥,៥%ដែលជាការកើនឡើងអត្រាការប្រាក់លើកទី១១ហើយចាប់តាំងពីដើមឆ្នាំ២០២២មក។ គណៈកម្មការនេះ នឹងចេញសេចក្តីសម្រេចចុងក្រោយនៅក្នុងពេលឆាប់ៗនេះ។

ក្រុមវិនិយោគិននឹងបានស្តាប់ពីតម្រុយមួយចំនួន ដែលបង្ហាញដោយលោក ចូរ៉ូម ផៅវែល ប្រធានធនាគារកណ្ដាលអាមេរិក ពីរបៀបដែលធនាគារកណ្តាលអាមេរិកបានកំណត់ថា នឹងបង្កើនអត្រាការប្រាក់ម្តងទៀតនៅឆ្នាំ២០២៣។ ដោយសម្ពាធអតិផរណាបានធ្លាក់ចុះកាលពីខែមុន ក្រុមវិនិយោគិននឹងមើលឃើញការសម្រេចចិត្តដំឡើងអត្រាការប្រាក់នេះ នៅមិនទាន់ប្រាកដ១០០%នោះទេ ហើយពួកគេរំពឹងថា ធនាគារកណ្ដាលនឹងមិនដំឡើងបន្ថែមទៀតនោះដែរ ប៉ុន្ដែ គណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធ កាលពីខែមិថុនា ធ្លាប់បង្ហើបអំពីការត្រៀមនឹងដំឡើងជាលើកចុងក្រោយនៅចុងឆ្នាំនេះ។ការដំឡើងអត្រាការប្រាក់នៅខែកក្កដានេះនឹងកើតឡើងក្រោយពីបានផ្អាកកាលពីខែមិថុនាក្នុងបំណងបន្ថយល្បឿននៃការដំឡើងអត្រាការប្រាក់ ដ្បិតគេជឿថា កម្រិតអត្រាការប្រាក់ប៉ុណ្ណេះនឹងអាចធ្វើឱ្យអតិផរណាវិលទៅរកកម្រិតគោលដៅ ២%។ ប៉ុន្តែលោក ផៅវែល និងអ្នកបង្កើតគោលនយោបាយផ្សេងទៀតក៏ចង់ឃើញដំណោះស្រាយ ដើម្បីជៀសវាងការកើតឡើងជាថ្មីនូវការឡើងថ្លៃទំនិញផងដែរ។

លោក ខាធី បូសចាស៊ីក (Kathy Bostjancic) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Nationwide Life Insurance Co បាននិយាយថា ពួកគេចង់ជៀសវាងកំហុសដូចកាលពីទសវត្សរ៍ឆ្នាំ១៩៧០ និង៨០ ជាពេលដែលពួកគេបានលែងហ្វ្រាំងមុនកាលកំណត់ ដែលការលើកឡើងនេះ គឺសម្ដៅដល់ការឈប់ដំឡើងអត្រាប្រាក់ ដែលធ្វើឲ្យអតិផរណាត្រឡប់កើនឡើងវិញ។

សូមបញ្ជាក់ថា ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនាពេលកន្លងមក មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏បានបង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោកជារួមផងដែរ៕